ថៃ​​ដាក់​ទោស​ជន​បរទេស​ស្នាក់នៅ​លើស​រយៈ​ពេល​ទិដ្ឋាការ​

ពលរដ្ឋបរទេសជាង ១៥ ម៉ឺននាក់ចាំបាច់ត្រូវមានទិដ្ឋាការទេសចរណ៍ឡើងវិញនៅថ្ងៃទី ២៦ ខែកញ្ញា (រូបភាពពី bangkokpost)

អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍​ថៃ លោក ប៉ាក ប៉ាពុង សៃអ៊ូបុល (Pak Pakpong Sai-ubol) បានព្រមានថា ជនបរទេសដែលរស់នៅក្នុងប្រទេសថៃជាង ១៥​ម៉ឺននាក់ ចាំបាច់ត្រូវទៅបន្តទិដ្ឋាការ ឬវិសាររបស់ខ្លួនឡើងវិញនៅថ្ងៃទី២៦ ខែកញ្ញា បើមិនដូច្នេះទេ ​នឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទស្នាក់នៅហួសកំណត់។

តាមប្រភពសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ​នេះ លោក ប៉ាក ប៉ាពុង សៃអ៊ូបុល បាននិយាយថា៖ «ការ​ស្នាក់នៅ​ហួស​រយៈ​ពេល​នៃ​ទិដ្ឋាការទេសចរណ៍ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងការផាកពិន័យនៅក្រោមច្បាប់អន្តោប្រវេសន៍»

យោង​តាម​ច្បាប់​នេះ ជនណាដែលបានរស់នៅក្នុងប្រទេសថៃហួសទិដ្ឋាការរបស់ខ្លួនពី ៩០ថ្ងៃនោះ នឹងត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសវិញក្នុងរយៈពេលមួយឆ្នាំ ហើយប្រសិនបើរស់នៅលើសពីរយៈពេល ១០ឆ្នាំនោះ ពួកគេនឹងត្រូវកត់ចូលបញ្ជីខ្មៅ ហើយនឹងមិនអនុញ្ញត្តិឱ្យចូលប្រទេសនេះរហូតអស់មួយជីវិត។

ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ពេល​​មានការរាតត្បាតនៃជំងឺកូវីដ១៩នៅចុងខែមីនាមក ដែល​បានបង្ខំ​ឱ្យជើងហោះហើរអន្តរជាតិត្រូវបានផ្អាក និងព្រំដែនត្រូវបានបិទ ដើម្បីទប់ស្កាត់នូវការឆ្លងនៃវីរុស។

ភ្ញៀវ​ទេសចរទាំងអស់ ត្រូវបានផ្តល់ការពន្យល់ណែនាំ​ពីរបៀបដែលពួកគេអាចស្នាក់នៅក្នុងប្រទេសនេះបាន បើទោះជាទិដ្ឋាការរបស់ពួកគេបានផុតកំណត់ក៏ដោយ ប៉ុន្តែ រយៈពេលនៃការអនុគ្រោះនោះ ក៏នឹងបញ្ចប់នៅថ្ងៃសៅរ៍ខាងមុខនេះផងដែរ។

នៅ​ពេល​ភ្ញៀវទេសចរខកខាន​មិន​បាន​បន្តទិដ្ឋាការរបស់ខ្លួន​តាមពេលកំណត់នោះ ពួកគេ​នឹងត្រូវពិន័យជាលុយទៅ​តាម​ចំនួន​ថ្ងៃ ហើយ​អាជ្ញាធរ​ថៃ​នឹង​តាម​ស្រាវ​ជ្រាវ​រក​ភ្ញៀវ​បរទេស​ទៅតាម​អាសយដ្ឋាន​ដែលមានក្នុងប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ។

កាសែតបាងកក ប៉ុស្តិ៍ បានឱ្យដឹងថា លោក Volodymyr Fedorovych ដែលត្រូវជាម្ចាស់ក្រុមហ៊ុនទូក​ទេសចរណ៍​សញ្ជាតិ​អ៊ុយក្រែន បាននិយាយថា ទូករបស់គាត់ត្រូវបានផ្អាក​ដំណើរការ​តាំង​ពី​ខែ​មីនា ហើយគាត់បានសម្រេច​រំសាយ​បុគ្គលិកក្នុងស្រុក​ពីរនាក់កាលពីខែមេសា។

លោក Fedorovych បាននិយាយថា លោកបានធ្វើការនៅប្រទេសថៃអស់រយៈពេលជាង ៥ឆ្នាំហើយ គាត់ទទួលបានទិដ្ឋាការបន្តជារៀងរាល់ឆ្នាំ ដោយឡែកនាពេលថ្មីៗនេះ ទិដ្ឋាការរបស់លោក​បានផុតកំណត់នៅកាលពីខែមេសាមកម្លេះ ប៉ុន្តែ រដ្ឋាភិបាលបានផ្តល់ការពន្យារទិដ្ឋាការឱ្យលោកដោយស្វ័យប្រវត្តិ។

ទោះយ៉ាងណា លោក Fedorovych បាននិយាយថា ការិយាល័យអន្តោប្រវេសន៍ខេត្ត​ភូកេត កាលពីថ្ងៃទី ៦ ខែសីហាកន្លងទៅ បានបដិសេធមិន​បន្តទិដ្ឋាការនោះឡើយ ដោយសារតែមុខជំនួញរបស់លោកមិនបានជួលបុគ្គលិកក្នុងស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ