មីយ៉ាន់ម៉ា​​បដិសេធ​​សំ​ណើ​សុំ​​ពន្យារ​ពេល​​ការ​បោះ​ឆ្នោត​ ទោះ​​ករណី​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​កើន​ឡើង

បុរស​ពីរ​នាក់​ពាក់​ម៉ាស់​ដើរ​ឆ្លងកាត់​ផ្លូវ​មួយ​កណ្ដាល​ទីក្រុង បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រកាស​បទបញ្ជា​ស្នាក់នៅ​ផ្ទះនៅ​ទី​ក្រុ​ងយ៉ាងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ (REUTERS / Shew Paw Mya Tin​)

ប្រទេស​មីយ៉ាន់ម៉ា គ្រោង​នឹង​ដំណើរការ​បោះឆ្នោត​របស់​ខ្លួន​នៅក្នុង​ខែវិច្ឆិកា ទៅតាម​ការ​គ្រោងទុក បើ​ទោះបីជា​ក្រុម​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពន្យា​រពេល​ការបោះឆ្នោត​នេះ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ក៏ដោយ។ 

សារព័ត៌មាន CNA បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​នេះមាន​ករណី​ឆ្លង​វីរុស​កូ​វីដ១៩ ចំនួន៦៧១ករណី កាលពី​ថ្ងៃទី២០ ខែកញ្ញា ដែល​ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​មិនធ្លាប់​មាន ខណៈ​នៅ​ថ្ងៃ​ចន្ទ​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ថ្មី​ចំនួន២៦៤នាក់និង​ស្លាប់២នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង៥៥០០ករណីនិង​ស្លាប់​ជាង៩០នាក់។

ទោះជាយ៉ាងណា ក្រុម​អ្នកវិភាគនិយាយ​ថា ការបោះឆ្នោត​នៅ​ថ្ងៃទី៨ ខែវិច្ឆិកា​ខាង​មុន ជា​ការសាកល្បង​នៃ​វិសាលភាព​នៃ​កំណែទម្រង់​ប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា។

សារព័ត៌មាន​នេះបាន​បន្ត​ថា គណបក្ស​នយោបាយ​នានាបាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅ​រដ្ឋ​ធា​នី​យ៉ាង​ហ្គោន ​(Yangon​) កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​វិធានការ​តឹង​រ៉ឹង​នៅ​ទូទាំង​ទីក្រុង ដោយបង្ខំ​ឱ្យ​ប្រជាជន​ភាគច្រើន​ធ្វើការ​ពី​ផ្ទះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩។

តែ​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មីយ៉ាន់ម៉ា លោក Myint Naing ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ចុង​សប្តាហ៍​ថា ការបោះឆ្នោត​នឹង​ដំណើរការ​ទៅមុខ។ 

លោក​បាន​ថ្លែង​ថា៖ «យើង​មិន​មាន​ផែនការ​ពន្យារពេល​ការបោះឆ្នោតដោយហេតុ​ផល​នៃ​ជំងឺ​កូ​វីដ១៩នោះ​ទេ»។

លោក Myint Naing ត្រូវ​បាន​សារព័ត៌មាន CNA បាន​ស្រង់​ប្រសាសន៍​បន្ត​ទៀត​ថា អាជ្ញាធរ​មីយ៉ាន់ម៉ា នឹង​បង្កើន​ចំនួន​មណ្ឌល​បោះឆ្នោតពី៤០០០០ទៅ ៥០០០០កន្លែង ដើម្បី​ចៀសវាង​កុំឱ្យ​មាន​មនុស្ស​ប្រមូល​ផ្តុំ​ច្រើន ហើយ​មន្ត្រី​បម្រើការ​នៅ​មណ្ឌល​បោះឆ្នោត​នីមួយ​ៗ តម្រូវ​ឱ្យ​ពាក់​ឧបករណ៍​ការពារ និង​អ្នកបោះឆ្នោត​នឹង​ត្រូវ​ប្រាប់​ឱ្យ​លាងដៃ។ 

លោក​និយាយ​ថា៖ «យើង​បាន​រៀបចំ​រួចជាស្រេច​ហើយ ដូច្នេះ​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ទេ»។

លោក Monywa Aung Shin មន្ត្រី​ជាន់ខ្ពស់​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័​រថា លោក​ជឿ​ថា ការបោះឆ្នោត​នេះនឹង​មិន​មាន​អ្វី​ខុសប្លែក​ទៅ​នឹង​ការបោះឆ្នោតមុន​ពេល​មាន​ជំងឺរាតត្បាត​នេះ​ទេ។

លោក​និយាយ​ថា៖ «វា​ល្អ​ជាងការដែល​យើង​ហ៊ាន​ប្រឈម​ជាមួយ​គ្រោះថ្នាក់»។ 

កាលពី​សប្តាហ៍​មុន គណបក្ស​ចំនួន២៤បាន​ផ្ញើ​លិខិត​មួយ​ទៅ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ដោយ​ជំរុញ​ឱ្យ​ពិចារណា​ឡើងវិញ​លើ​កា​លប​រិច្ឆេទការបោះឆ្នោត​នេះ។

Nandar Hla Myint អ្នកនាំពាក្យ​គណបក្ស​សាមគ្គីភាព និង​ការ​អភិវឌ្ឍន៍ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័​រថា គណបក្ស​ប្រឆាំង​មួយ​នេះបាន​ស្នើ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ការបោះឆ្នោត។

លោក​ថា៖ «ក្នុងនាម​ជាគ​ណបក្ស​ដែល​យកចិត្ត​ទុកដាក់​លើ​ផលប្រយោជន៍​របស់​ប្រជាជន​ យើង​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិពិចារណា​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​[ការបោះឆ្នោត​]»។ 

អ្នកវិភាគ​នយោបាយ លោក Yan Myo Thein បាន​និយាយ​ថា គណបក្ស​នយោបាយ​នានា កំពុង​ផ្លាស់​ប្តូរ​យុទ្ធនាការ​របស់​ពួក​គេ ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​វិញ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​ពួក​គេ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀតដើម្បី​រៀបចំ។

លោក​និយាយ​ថា៖ «អ្នកបោះឆ្នោត​ជាច្រើនគឺ​នៅ​តំបន់​ដាច់ស្រយាល ហើយ​វា​ពិបាក​ដឹង ថា​តើ​ពួក​គេ​មានការ​យល់ដឹង​កម្រិត​ណា​ពី​ការប្រើ​ប្រាស់​បណ្តាញ​សង្គម ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តាម​អន​ឡា​ញនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ