ក្រសួង​​អំពាវ​នាវ​​ឱ្យ​​ពលរដ្ឋ​​ប្រយ័ត្ន​​បាតុភូត​​ធម្មជាតិ​ ខណៈ​​កម្ពុជា​​រង​​ប្រព័ន្ធ​​សម្ពាធ​​ទាប​

ជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ក្រោយពីមានភ្លៀងធ្លាក់បន្តបន្ទាប់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ (រដ្ឋបាលខេត្តព្រះសីហនុ)

​ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ ផ្គរ រន្ទះ និង​ភ្លៀង​ខ្យល់ ខណៈ​ដែល​កម្ពុជា​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប។ 

សេចក្តី​ជូនដំណឹងរបស់ក្រ​សួង​ធនធានទឹក និងឧតុនិយម នៅ​ព្រឹក​ថ្ងៃអង្គារ ទី២២ ខែកញ្ញា បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែកញ្ញា នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អាកាសធាតុនៅ​បណ្តា​ខេត្ត​តាម​តំបន់​ទំនាប​កណ្តាលនិង តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន។

ក្រសួងបន្ត​ថា ដោយឡែក​ បណ្តា​ខេត្ត​នៅ​តាម​តំបន់​ជួរភ្នំ​ដងរែកនិង​ខ្ពង់រាប​ឦសាន អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។

ករណីនេះ ក្រសួងបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​បាតុភូតផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ក្រសួង​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់​បោក​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៧ ខែកញ្ញា»។

គួរ​បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន ប្រទេស​កម្ពុជាបាន​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី១១ ឈ្មោះថា នូល (NOUL​) បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ខ្លះ បង្ក​ជា​ជំនន់​ទឹកភ្លៀងហើយ​ជន់​លិច​នៅក្នុង​ក្រុង​ស្រុក​ចំនួន១០ នៃ​ខេត្ត​ចំនួន៥ រួមមាន ខេត្ត​ព្រះសីហនុ ពោធិ៍សាត់ ឧត្តរមានជ័យ កោះកុង និង​ប៉ៃលិន។

ឥទ្ធិពល​ព្យុះ​នេះក៏បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន១១នាក់បាន​ស្លាប់ដោយសារ​រន្ទះបាញ់ និង​ជំនន់​ទឹកភ្លៀង ខណៈ​ផ្ទះ​ជិត២ពាន់​ខ្នងបាន​លិចលង់។ ក្រៅពីនោះ ក៏​មាន​ប្រជាពលរដ្ឋ​ជាង៤០០នាក់ បាន​ជម្លៀស​ចេញពី​ភូមិដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ