នាយក​​រដ្ឋ​មន្ត្រី​​ថៃ​ ណែនាំ​​ឱ្យ​​ស្តារ​​សេដ្ឋកិច្ច​​និង​​សង្គម​​សម្រាប់​​ផែនការ​​យុទ្ធ​សាស្ត្រ​២០​ឆ្នាំ​ទៅ​​មុខ​​

លោកនាយក​រដ្ឋមន្រ្តី Prayut Chan​-o-cha ថ្លែងនៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម (NESDC​) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ (nesdc.go.th)

នាយក​រដ្ឋមន្រ្តី​ថៃបាន​លើកឡើង​ថា ផែនការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ចនិង​សង្គមរបស់​ប្រទេស​ថៃ ក្នុងរយៈពេល២ឆ្នាំខាងមុខ គួរតែ​ផ្តោត​ជាចម្បង​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍ បង្កើន​ភាព​ប្រកួតប្រជែង ការ​លើកកម្ពស់​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍លោកនាយក​រដ្ឋមន្រ្តី Prayut Chan​-o-cha នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម (NESDC​) កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល២០ឆ្នាំ​របស់​ប្រទេស ចាំបាច់​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ដោយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ទៅលើ​ការ​ស្តារ​និ​តិ​សម្បទា​សង្គមនិង​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​ចុះ​អន់ថយ​ដោយសារ​ជំងឺរាតត្បាត​កូ​វីដ១៩។

លោក​ថា៖ «នៅចន្លោះ​ឆ្នាំ២០២១និង២០២២ NESDC ត្រូវ​ផ្ដោត​លើ​គម្រោង​អភិវឌ្ឍន៍​ទាំង៤នេះ រាជរដ្ឋាភិបាលបាន​ត្រៀម​ថវិកា៤០០ពាន់​លាន​បាត​រួចហើយ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនោះ ដែល​ជាផ្នែក​មួយ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញពី​វិបត្តិ​ជំងឺ​កូ​វីដ១៩»។ 

លោក Thosaporn Sirisamphand អគ្គលេខាធិការ NESDC បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​នេះ គ្រោង​នឹង​អនុម័ត​ថវិកា៩២ពាន់​លាន​បាតនៃ​ថវិកា៤០០ពាន់​លាន​បាត​របស់​រដ្ឋ សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​នៅក្នុង​ខែ​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​គ្រោង​នឹង​ត្រៀម​ថវិកា​ចំនួន១០០ពាន់​លាន​បាត​ទៀត ក្រោម​ការអនុវត្ត​ផែនការ​ដូចគ្នា​នេះនៅក្នុង​ត្រីមាស​ទី៤ចុងឆ្នាំ​នេះ និង២០០ពាន់​លាន​បាត នៅ​ត្រីមាស​ទី១និង​ទី២នៅដើម​ឆ្នាំក្រោយ។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក៏​សន្យា​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​ភាព​អត់​ការងារ​ធ្វើ និង​បន្ធូរបន្ថយ​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ទៅលើ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប​ផង​ដែរ។

បើ​តាមលោក Thosaporn អត្រា​អ្នក​គ្មាន​ការងារ​ក្នុង​​ប្រទេស​នេះ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ប្រមាណ២%នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​ឆ្នាំនេះ ដែល​មាន​ចំនួន​ប្រហែល៧៥០ ០០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ