វិភាគ៖ ចៅក្រមថៃនៅរក្សាបានតម្លៃដោយមិនរងសម្ពាធពីរដ្ឋាភិបាល

Pro-democracy protesters salute with a three-finger symbol of resistance during a protest during a protest in Bangkok, Thailand, Saturday, Sept. 19, 2020. Protesters gathered Saturday in Bangkok for the most ambitious rally so far in a pro-democracy campaign that has shaken up the government and the country’s conservative establishment. (AP Photo/Wason Wanichakorn)

ចៅក្រមកាត់ក្តីនៅថៃនៅរក្សាបានតម្លៃរបស់ខ្លួនក្នុងការបំពេញការងារតាមច្បាប់ ដោយមិនបានចោទប្រកាន់ និងឃុំខ្លួនក្រុមយុវជនជាសិស្ស-និស្សិត តាមការចង់បានរបស់រដ្ឋាភិបាលដឹកនាំដោយលោកប្រាយុទ្ធចាន់ អូចានោះទេ។

ចាប់តាំងពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២០មក ក្រុមយុវជននៅតាមសាកលវិទ្យាល័យ និងនៅតាមវិទ្យាល័យ បានប្រមូលផ្តុំតវ៉ាស្ទើររាល់ថ្ងៃ ហើយនៅពេលចុងសប្តាហ៍ពួកគេតែងតែជួបជុំគ្នាជាទ្រង់ទ្រាយធំ។​

គោលបំណងនៃការតវ៉ាទាមទាររបស់ក្រុមយុវជនរាប់ពាន់ រាប់ម៉ឺននាក់នេះ គឺទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ រៀបចំការបោះឆ្នោតឡើងវិញ និង បន្ថយអំណាចព្រះមហាក្សត្រ។​ ក្រុមអ្នកតវ៉ាបញ្ជាក់ថា ប្រទេសថៃទាំងមូលជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នាមិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រដាច់មុខនោះទេ។​

ចាប់ពីពាក់កណ្តាលខែកក្កដាមក យ៉ាងហោចណាស់និស្សិត និងសិស្សចំនួន​១២រូបត្រូវបានចាប់ខ្លួនហើយចោទប្រកាន់ថា ពួកគេជាមេដឹកនាំការតវ៉ាបះបោរប្រឆាំងរដ្ឋាភិបាល និងបំពានគោលការណ៍បង្ការការឆ្លងរាលដាលមេរោគកូវីដ១៩។

បើទោះជាមានការចោទប្រកាន់ពីសមត្ថកិច្ចតំណាងរដ្ឋាភិបាលហើយបញ្ជូនទៅតុលាការក៏ដោយ ក៏តុលាការមិនបានចោទប្រកាន់តាមសមត្ថកិច្ចឬ ស្ថានប័នអយ្យការនោះដែរគឺខាងតុលាការបើកការស៊ើបអង្កេត និងធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និងខ្លឹមសារដែលមាននៅក្នុងច្បាប់។​

ដំណឹងនៃការប្រមូលផ្តុំជាទ្រង់ទ្រាយធំនៅថ្ងៃទី១៩ខែកញ្ញា ត្រូវប្រកាសជាសាធារណៈគឺធ្វើនៅចំខួប១៤ឆ្នាំនៃការធ្វើរដ្ឋប្រហារផ្តួលរំលំដោយលោក ថាក់ ស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី។ ការធ្វើរដ្ឋប្រហារកាលពី១៤ឆ្នាំមុននោះ ពលរដ្ឋថៃចោទថា ជាសកម្មភាពរបស់ក្រុមយោធា និង អំណាចព្រះមហាក្សត្រ បានធ្វើឱ្យប្រជាធិបតេយ្យនៅក្នុងប្រទេសនេះបាត់បង់។

លោកថាក់ ស៊ីន ជាមេដឹកនាំដែលមានប្រជាប្រិយភាពខ្លាំងក្នុងការជួយដល់ពលរដ្ឋក្រីក្រ ពិសេសពលរដ្ឋក្រីក្រនៅភាគខាងជើងនៃប្រទេសគោរពលោក ថាក់ ស៊ីនដូចស្តេច។ ប្រជាប្រិយភាពលោកថាក់ ស៊ីនឡើងខ្លាំងនេះ អាចជាមូលហេតុមួយដែលអំណាចយោធា និង ខាងរាជវង្សរៀបចំធ្វើរដ្ឋប្រហារ។​​

មុនថ្ងៃ១៩ខែកញ្ញា តុលាការថៃបានដោះលែងក្រុមយុវជនជាបន្តបន្ទាប់ បើទោះជាដឹងថា យុវជនទាំងនោះនឹងចូលរួមការតវ៉ាជាថ្មីទៀតក៏ដោយគឺធ្វើទៅតាមច្បាប់ដោយសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នមានចងលក្ខខណ្ឌមួយចំនួន។​

នៅក្នុងប្រទេសថៃអំណាចក្សត្រឬខ្សែរាជវង្ស មានឥទ្ធិពលខ្លាំង ដែលក្សត្រមានកងទ័ព មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ និង ច្បាប់រឹងបន្តឹងខ្លាំងចំពោះអ្នករិះគន់ព្រះមហាក្សត្រដែលអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។​

ព្រឹត្តិការណ៍នៅឆ្នាំ១៩៧៦ និង១៩៩២ នៅពេលដែលមានការតវ៉ាប្រឆាំងអំណាចយោធា និងអំណាចព្រះមហាក្សត្រក៏ធ្លាប់មានការបង្ក្រាបសម្លាប់រង្គាលដែរ ដែលនាំឱ្យអ្នកឃ្លាំមើលខ្លះបង្ហាញក្តីបារម្ភថា អាចនឹងមានព្រឹត្តិការណ៍បង្កើតឡើងទៀតចំពោះសិស្ស និងនិស្សិតនេះ។​

ក្នុងគោលបំណងនៃការតវ៉ានោះគឺ ទាមទារឱ្យព្រះមហាក្សត្រនៅដាច់ដោយឡែកពីសកម្មភាពនយោបាយ  កាត់បន្ថយការដាក់ទោសលើអ្នករិះគន់ព្រះមហាក្សត្រ និង កាត់បន្ថយកញ្ចប់ថវិការបស់ជាតិប្រចាំឆ្នាំដែលបែងចែកទៅស្ថាប័នព្រះមហាក្សត្រ។​

ក្រុមអ្នកតវ៉ាបញ្ជាក់ថា បើមិនអាចផ្លាស់ប្តូរទម្លាប់នៃការដឹកនាំដូចពេលបច្ចុប្បន្ននេះបានទេគឺ នៅក្នុងប្រទេសថៃមិនអាចមានការដឹកនាំដោយអនុវត្តន៍តាម គោលការណ៍លទ្ធិប្រជាធិបតេយ្យឱ្យបានពិតប្រាកដនោះទេ។​

មើលទៅលើសកម្មភាពរបស់ និងគោលបំណងរបស់ក្រុមយុវជនថៃមិនមែនជារឿងតូចទេសម្រាប់សង្គមមួយនេះ ប៉ុន្តែបើពិនិត្យនៅតាមស្ថាប័នតុលាការ មិនទាន់មានយុវជនណាម្នាក់ត្រូវបានចោទប្រកាន់ថា ក្បត់ជាតិ ចង់ផ្តួលរំលំរដ្ឋាភិបាល ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គមនៅឡើយ។​

នៅពេលដែលចៅក្រមដោះលែងក្រុមយុវជនទាំងនេះ ក៏មិនមានប្រតិកម្មពីរដ្ឋាភិបាលថា ចៅក្រមទាំងនេះមានភាពលម្អៀងទៅរកក្រុមបាតុករដែរ ដែលទាំងនេះបង្ហាញថា ការសម្រេចរបស់ចៅក្រមនៅក្នុងប្រទេសថៃលើករណីទាំងនេះ គឺគ្រប់ភាគីសុទ្ធតែអាចទទួលយកបាន។​

បើយើងពិនិត្យមើលលើរបាយការណ៍គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២០ បង្ហាញថា ថៃជាប់ចំណាត់ថ្នាក់លេខ៧១ ក្នុងចំណោម​១៣០ប្រទេស។ ចំណាត់ថ្នាក់នេះ ថៃទទួលបានចំណាច់ថ្នាក់ល្អប្រសើរឡើងចំនួន​៦លេខបើប្រៀបធៀបជាមួយឆ្នាំមុន។​

របាយការណ៍ដដែលបង្ហាញថា​ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២៧ ចំណាត់ថ្នាក់ដដែលប្រៀបធៀបឆ្នាំមុន ហើយចំណែកវៀតណាម​ទទួលបានចំណាច់ថ្នាក់លេខ៨៥ ដែលចំណាច់ថ្នាក់នេះធ្លាក់ចុះ២លេខបើប្រៀបធៀបជាមួយឆ្នាំ។

យើងអាចពិនិត្យមើលថា កត្តាអ្វីបានជារដ្ឋាភិបាលថៃដែលមានប្រភពពីក្រុមយោធា មិនមានឥទ្ធិពលលើស្ថាប័នតុលាការ?

ចំណុចដំបូងអាចថា ដោយសារថ្នាក់ដឹកនាំរដ្ឋាភិបាលមិនដាក់សម្ពាធលើតុលាការ ដោយសារតែពួកគេគោរពច្បាប់ មានសីលធម៌ និងទស្សនៈវិស័យវែងឆ្ងាយក្នុងការដឹកនាំ ដោយដឹងថា កាលណាតុលាការបាត់បង់ភាពឯករាជ្យ បង្កភាពជាអយុត្តិធម៌ និង កើតជាភាពរង្គោះរង្គើនៅក្នុងសង្គម។​ ចំណុចមួយទៀត អាចស្ថាប័ននៅក្នុងសង្គមថៃរឹងមាំ ហើយរដ្ឋាភិបាលចង់បំពាន ឬ ប្រើឥទ្ធិពលលើតុលាការក៏មិនអាចទៅរួច ដោយស្ថាប័នតុលាការខ្លួនឯងប្រឆាំង ហើយស្ថាប័នផ្សេងៗទៀតដាក់សម្ពាធបកលើរដ្ឋាភិបាលវិញ។​

ចំណុចមួយទៀតអាចដោយសារចៅក្រមឬមន្ត្រីធ្វើការងារនៅតាមតុលាការភាគច្រើនជាអ្នកដែលមានការអប់រំជ្រៅជ្រះ មានមនះសិការក្នុងការពង្រឹងប្រព័ន្ធច្បាប់នៅក្នុងសង្គមគេបច្ចុប្បន្ន ឱ្យកាន់តែរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយផង។  ធម្មតាអ្នកដែលទទួលបានការអប់រំជ្រៅជ្រះមិនងាយដូរគោលជំហររបស់ខ្លួនដោយសារតែសម្ពាធពីអ្នកដទៃ ឬ ដោយសារតែផលប្រយោជន៍មួយចំនួន ធ្វើឱ្យមនុស្សជាច្រើនទៀតរងទុក្ខវេទនានោះទេ។​

នៅក្នុងប្រទេសថៃក៏កម្រឃើញប្រជាពលរដ្ឋចេញតវ៉ាជាលក្ខណៈសហគមន៍ទាមទារយុត្តិធម៌  ដូចជា ជម្លោះដីធ្លី អ្នកទទួលផលពីធនធានធម្មជាតិ ឬអ្នករងផលប៉ះពាល់ពីការអភិវឌ្ឍន៍ណាមួយទេ។​

ចំពោះក្រុមនិស្សិតបញ្ញវន្តរបស់ថៃដែលកំពុងតវ៉ានេះ ក៏បានលើកឡើងថា ពួកគេអាចប្រឈមការបង្ក្រាប និងសម្លាប់រង្គាលដូចហេតុការណ៍កាលពីឆ្នាំ១៩៧៦ និង ១៩៩២ ប៉ុន្តែពួកគេមិនបានផ្លាស់ប្តូរជំហរនោះក្នុងការធ្វើសកម្មភាពបំពេញឧត្តមគតិរបស់ពួកគេទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ