ឥទ្ធិ​ពល​ព្យុះ​នូល ប៉ះ​ពាល់​​ខេត្ត​ចំនួន​៩​និង​មាន​​មនុស្ស​១៤​នាក់​​ស្លាប់​និង​របួស​​

មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ចុះជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ក្រោយពីមានភ្លៀងធ្លាក់បន្តបន្ទាប់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ (រដ្ឋបាលខេត្តព្រះសីហនុ)

គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃចន្ទម្សិល​មិញ ឥទ្ធិពល​ព្យុះទី១១ ឈ្មោះ នូល បាន​បង្កផល​ប៉ះពាល់​ទៅលើ​ខេត្តចំនួន​៩ ដែលបណ្តាល​ឱ្យ​មាន​មនុស្ស១១​នាក់បានស្លាប់និង​៣នាក់ទៀតរងរបួស​។

របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​លើកឡើងថា ខេត្ត​ចំនួន៦ រួមមាន ខេត្ត​ប៉ៃលិន ឧត្តរមានជ័យ ពោធិ៍​​សាត់ កោះកុង សៀម​រាប និង​ខេត្ត​ព្រះសីហនុ បាន​រង​ផលប៉ះពាល់ដោយ​ទឹកជំនន់ និង​ខេត្ត​​បាត់ដំបង កំពត និង​កែប រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់ ក្រោម​ឥទ្ធិពល​នៃព្យុះនូល។

របាយការណ៍បន្តថា មានមនុស្ស​៣នាក់បាន​ស្លាប់​ដោយសារ​ទឹកជំនន់ នៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន ខណៈ​​មនុស្ស៨នាក់​ទៀត​បានស្លាប់និង​៣នាក់ទៀតរងរបួសដោយ​សារ​​ករណីរន្ទះបាញ់ នៅខេត្តបាត់ដំបង។​

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ឱ្យដឹង​បន្តថា ជំនន់ទឹកភ្លៀងក៏បាន​បណ្តាល​​ឱ្យ​ផ្ទះពលរដ្ឋ​ជាង២០០០ខ្នងលិចលង់ និងមានពលរដ្ឋ​ជាង៣១០០គ្រួសារ​រង​ផលប៉ះពាល់ ខណៈពលរដ្ឋ​ជាង៦០០គ្រួសារទៀត ត្រូវបាន​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ក្រៅពីនោះ ផលដំណាំនិង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ ស្ពាន សាលារៀនមួយចំនួន​ ក៏​បាន​រង​នូវ​ផលប៉ះពាល់​ផង​ដែរ។

ដោយឡែក ផលប៉ះពាល់​ដោយសារ​ខ្យល់កន្ត្រាក់វិញ ក៏បង្កឱ្យ​ខូចខាតផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋជិត៤០ខ្នង​ផងដែរ។

នៅថ្ងៃអង្គារនេះដែរ​ ​ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​​ដែលរស់នៅតាមបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល ឱ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​​បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈដែលកម្ពុជា​នៅបន្តទទួល​រង​ឥទ្ធិពល​សម្ពាធទាប។

ក្រសួងបន្ថែមថា​​ ​ប្រជាពលរដ្ឋ​នៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ ក៏ត្រូវមានការ​​ប្រុង​ប្រយ័ត្ន​ចំពោះភ្លៀង​ខ្យល់​បក់បោកខ្លាំងនិងរលកសមុទ្រ​ខ្ពស់​ៗ ចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៧ ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ