ADB ផ្តល់​កម្ចី​ជាង​២៩​លាន​ដុល្លារ​គាំ​ទ្រ​​​​​​ផ្នែក​​​ផ្តល់​សេវា​សាធារ​ណៈ​នៅ​កម្ពុជា​

ទិដ្ឋភាពតំបន់រស់នៅរបស់ប្រជាសហគមន៍មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​គាំទ្រ​ការ​​ធ្វើ​ឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនមានពលរដ្ឋក្រីក្ររស់នៅ។

សេចក្ដីប្រកាសព័ត៌មាន​​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ថា ការអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារនេះ ជាកម្មវិធីទី២នៃការអភិវឌ្ឍ​ផ្នែក​សេវានិងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈដែលបានធ្វើវិមជ្ឈការ។

ADB បានបន្តថា ប្រាក់កម្ចីនោះ ត្រូវបានបែងចែកជាពីរផ្នែក ក្នុង​នោះ​ប្រាក់កម្ចីផ្តោតលើគោលនយោ​បាយ​ចំនួន​២០លាន​ដុល្លារ សម្រាប់​គាំទ្រដល់វិធីសាស្រ្ត​​ក្នុ​ងការ​​ពង្រឹងផែនការនិងការគ្រប់គ្រងសារ​​ពើពន្ធ​នៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ និង​​ប្រាក់កម្ចីអនុវត្តន៍គម្រោង​​ចំនួន៩,៣៥លានដុល្លារ សម្រាប់​ជួយកសាងសាលារដ្ឋបាលមូលដ្ឋាន​ជាតិ ដែលជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។

ដោយឡែក រដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទាន​នូវទឹកប្រាក់ចំនួន១,៧លានដុល្លារដល់គម្រោង​នេះផងដែរ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas លើកឡើងថា គម្រោងនេះមានគោល​បំណង​​ជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំង​ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋានប្រកបដោយនិរន្តរភាពនិងប្រសិទ្ធ​ភាព ហើយក៏ជាការបង្រួមគម្លាតតំបន់ជនបទនិងទីប្រជុំជនផងដែរ។

លោកស្រី Jhelum Thomas ៖ «គម្រោងនេះចាំបាច់ណាស់ ខណៈដែលជំងឺ​រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទីពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់​សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចាំបាច់ ដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹក និងអនាម័យ ដើម្បី​គាំទ្រដល់ការរីក​ចម្រើន​ប្រកបដោយបរិយាប័ន្ននិងសមធម៌»។

ADB ថា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩ ការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ២០១៤ មកនៅត្រឹម ១៣,៥ ហើយនៅក្នុងឆ្នាំ២០០៧ មានចំនួន៤៧,៨%  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋកម្ពុជាជាង៧០%រកចំណូលបានតិចជាង៣​ដុល្លារនៅក្នុងមួយថ្ងៃ ខណៈការទទួលបានសេវាមូលដ្ឋានក៏មិនទាន់មានភាពស្មើគ្នាផងដែរ។

ក្រៅពីរកចំណូលបានតិចហើយ គ្រួសារក្រីក្រនិងងាយរងគ្រោះទាំង​នោះ កំពុងប្រឈម ហានិភ័យ​ធ្ងន់ធ្ងរ ខណៈដែលមានជំងឺរាតត្បាត​កូវីដ១៩ ដែល​ករណីនេះបាន​នាំឱ្យមានការធ្លាក់ចុះនៃ​វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជានិងការលំបាកនៃជីវភាពរស់នៅ។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ADB ក៏បានផ្តល់​​កម្ចី​​ជាង​១២៧​លាន​​ដុល្លារដល់​​កម្ពុជា សម្រាប់​​កសាង​បណ្តាញ​បញ្ជូន​និង​អនុ​ស្ថានីយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​ចំនួន៣ទៀត​​នៅ​កម្ពុជា ឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរ​ភាព​​និង​អាច​ទុកចិត្ត​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ