UPDATE៖ សមត្ថ​កិច្ច​ខេត្ត​តាកែវ​ឃាត់​ខ្លួន​​​យុវជន​​៧​​នាក់​​ជិត​​១០​​ម៉ោង​​​ សួរ​​រឿង​​​​​ផ្សព្វ​​ផ្សាយ​​​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​​

អាជ្ញាធរស្រុកមកសួរនាំលោក ស្រ៊ុន ស្រ៊ន ខណៈពេលលោកធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមស្ដីពីសន្ធិសញ្ញាទីក្រុងប៉ារីស នៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស/ Screenshot)

សមត្ថកិច្ចខេត្តតាកែវ នៅថ្ងៃពុធនេះ បានឃាត់ខ្លួន​យុវជនចំនួន៧នាក់ជិត​១០​ម៉ោង ដើម្បីសួរ​នាំ ក្រោយ​ពីពួកគេ​​​​ចុះទៅ​ផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស នៅស្រុកបាទី ដោយ​ពុំមានការជូនដំណឹងជាមុន។

អធិការស្រុកបាទី លោក ឆាយ កែវមុន្នី ប្រាប់វីអូឌីនៅល្ងាចនេះថា សមត្ថកិច្ចបានឃាត់​ខ្លួនយុវជនទាំង​នោះ កាលពីម៉ោងជាង៨ព្រឹក និងបាន​ដោះលែងវិញនៅម៉ោងជិត៥ល្ងាច បន្ទាប់ពួកគេយល់ព្រមធ្វើកិច្ចសន្យា​បញ្ឈប់សកម្ម​ភាពនេះ។ លោក​បានបញ្ជាក់ពីមូលហេតុថា ការឃាត់ខ្លួនសួរនាំ​នេះដើម្បីរក្សាសន្តិសុខតែប៉ុណ្ណោះ។

លោកថា៖ «លើកក្រោយ បើគាត់មក ​សុំប្រាប់អាជ្ញាធរយើងឱ្យបានដឹងផង យើងគ្រាន់ចង់ដឹងគោលបំណង​គាត់មកធ្វើអី ព្រោះយើងនៅមូលដ្ឋាន យើងអត់ដឹងគាត់ធ្វើអីម៉េចកើត ក្នុងនាមយើងរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់ជូនពលរដ្ឋយើង»។

លោក ស្រ៊ុន ស្រ៊ន ជាយុវជនម្នាក់ក្នុងចំណោម៧នាក់ដែលសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ពីកិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស បាន​ប្រាប់វីអូឌីក្រោយ​ការ​ដោះលែង​ថា ក្នុងពេលសួរនាំនោះ សមត្ថកិច្ចបានសួររកអ្នកនៅពីក្រោយសកម្មភាពរបស់ពួកគាត់ ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។

លោកថា៖ «អាជ្ញាធរ គាត់សួរពួកខ្ញុំថា មានអ្នកនៅពីក្រោយ​​ឬមានស្ថាប័នណាចាត់ចែងមក ​មានប្រាក់អីអ៊ីចឹង ខ្ញុំឆ្លើយថា អត់ទេ! ខ្ញុំជាពលរដ្ឋ និយាយច្បាប់មិនបានឬម៉េច។ [អាជ្ញាធរ] គាត់ថា និយាយច្បាប់បាន ប៉ុន្តែគាត់នៅតែអត់ជឿពួកខ្ញុំ»។

លោក ស្រ៊ុន ស្រ៊ន បានបន្ថែម​ថា៖ «ខ្ញុំនិយាយ [រឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស​] ក្នុងនាមខ្ញុំជាពលរដ្ឋហ្នឹង ហេតុអីមិន​បាន គេ [អាជ្ញាធរ] ចង់ឱ្យខ្ញុំបង្កើតជាស្ថាប័ន។ អ៊ីចឹងក្នុងនាមខ្ញុំជាពលរដ្ឋ ខ្ញុំត្រូវតែនិយាយ ប៉ុន្តែបើគាត់ [អាជ្ញាធរ] ឱ្យខ្ញុំផ្ដិតមេដៃហាមដើម្បីមិនឱ្យនិយាយ យើងមិនអាចធ្វើបាន គ្រាន់តែអ៊ីចឹងមានអីពិបាកធ្វើ»។

បើតាមរបាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញានេះ ថា អ្នកការ​ពារ​សិទ្ធិមនុស្ស សកម្មជន និង​សិល្បករ​ចំនួន១៩នាក់ហើយ​ត្រូវបានឃុំខ្លួននៅក្នុងពន្ធនា​គារ ចាប់តាំងពីខែកក្កដា​មក ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញ​មតិ​និងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អង្គការនេះបន្តថា ការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ទៅ​លើអ្នកទាំងនោះ បានចាប់​ផ្តើម​​បន្ទាប់ពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីពនិងជាសមាជិកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។

អង្គការលីកាដូ បន្ថែមថា​ អ្នកទាំង១៩នាក់នោះកំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញថាមានទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ