សមត្ថ​កិច្ច​ខេត្ត​តាកែវ​ឃាត់​ខ្លួន​យុវជន​ដែល​ចុះ​​ផ្សព្វ​ផ្សាយ​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​

អាជ្ញាធរស្រុកមកសួរនាំលោក ស្រ៊ុន ស្រ៊ន ខណៈពេលលោកធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមស្ដីពីសន្ធិសញ្ញាទីក្រុងប៉ារីស នៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស/ Screenshot)

អាជ្ញាធរ​ខេត្តតាកែវ បាន​​ឃាត់ខ្លួន​ក្រុម​យុវជន​មួយក្រុមដែល​បាននាំគ្នាចុះទៅស្រុកបាទីផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយពុំមានការជូនដំណឹង​ជាមុន។

អធិការស្រុកបាទី លោក ឆាយ កែវមុន្នី ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបាន​ឃាត់ខ្លួន​យុវជន​ទាំងនោះទៅសួរនាំនៅអធិការដ្ឋាននគរបាល​ស្រុក ពីគោលបំណង​របស់​ពួកគេដែលចុះទៅផ្សព្វផ្សាយ​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសនេះ។

លោកថា៖ «កំពុងនិយាយលេងជាមួយគាត់ សួរនាំ​គោលការណ៍ដែល​គាត់មកនេះ ធ្វើអីៗ ខ្ញុំត្រូវសួរនាំចង់ដឹងថា គាត់មកហ្នឹងធ្វើអីតែប៉ុណ្ណឹងទេ»។

តែយ៉ាងណា អធិការស្រុក​រូបនេះសុំមិន​អត្ថាធិប្បាយ​លម្អិតថា តើមានយុវជនប៉ុន្មាននាក់ដែល​ត្រូវ​បានឃាត់ខ្លួនទៅសាកសួរនោះទេ ហើយ​គិត​មកដល់ម៉ោងជាង៤រសៀលនេះ យុវជនទាំងនោះកំពុងស្ថិតនៅក្រោមការ​សាកសួរ​របស់សមត្ថកិច្ច​នៅឡើយ។

តាមប្រភពពីអ្នកសារព័ត៌មាន​ពលរដ្ឋ ឱ្យ​ដឹងថា យុវជនដែលត្រូវ​សមត្ថកិច្ចស្រុកបាទីសួរនាំនោះ មានឈ្មោះ ស្រ៊ុន ស្រ៊ន ជាយុវជន​ម្នាក់​ដែលសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ពីច្បាប់នានានិង​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅលើបណ្តាញសង្គម​ហ្វេស​ប៊ុក​​។ យុវជនរូបនេះបាន​ធ្វើដំណើរជាមួយ​សមាជិកផ្សេងទៀតទៅកាន់​ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃពុធនេះ ដើម្បីធ្វើការផ្សព្វ​ផ្សាយ​​​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

បើតាមរបាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញានេះ ថា អ្នកការ​ពារ​សិទ្ធិមនុស្ស សកម្មជន និង​សិល្បករ​ចំនួន១៩នាក់ហើយ​ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនា​គារ ចាប់តាំងពីខែកក្កដា​មក ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អង្គការនេះបន្តថា ការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ទៅ​លើអ្នកទាំងនោះ បានចាប់​ផ្តើម​​បន្ទាប់ពីការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីពនិងជាសមាជិកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា។

អង្គការលីកាដូ បន្ថែមថា​ អ្នកទាំង១៩នាក់នោះ កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញថាមានទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ