វៀតណាម​តម្រូវ​ឱ្យ​ជន​បរទេស​បង់​ប្រាក់​៦៣​ដុល្លារ​សម្រាប់​តេស្ត​កូវីដ​១៩​

អ្នកបម្រើតាមយន្តហោះក្នុងសម្លៀកបំពាក់ការពារ បម្រើដល់ពលរដ្ឋវៀតណាមក្នុងការហោះហើរធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។ (Vietnam Airlines/ VNExpress)

ប្រទេសវៀតណាម តម្រូវឱ្យជនបរទេសដែលចូលមកប្រទេសខ្លួនតាមជើងហោះហើរពាណិជ្ជកម្ម ត្រូវបង់ប្រាក់ប្រហែល១,៤៦៨លានដុង (៦៣ដុល្លារ) សម្រាប់ការធ្វើតេស្តកូវីដ១៩ ចំនួន២លើក ហើយចុះឈ្មោះព័ត៌មានទំនាក់ទំនងនិងការធ្វើចត្តាឡីស័កផងដែរ។

វៀតណាមបានអនុញ្ញាតឱ្យជើងហោះហើរពាណិជ្ជកម្មចាប់ផ្តើមចរាចរឡើងវិញកាលពីពាក់កណ្តាលខែកញ្ញាចំពោះប្រទេសមួយចំនួន ហើយជនបរទេសតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវបានធ្វើតេស្តកូវីដ១៩ចំនួនពីរដង ដោយប្រើការផ្លាស់ប្តូរវេនបញ្ច្រាសជាក់ស្តែង​ ហើយតម្លៃធ្វើតេស្តម្តង៧៣៤ ០០០ដុង (៣១,៥៣ដុល្លារ)។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម ​កាលពីថ្ងៃចន្ទម្សិលមិញ។​​

សូមជម្រាបថា អ្នកដំណើរដែលមកដល់ប្រទេសវៀតណាមភ្លាម ត្រូវចំណាយបន្ថែមចំនួន២៣៨ ០០០ ដុង (១០,២២ដុល្លារ) សម្រាប់ការប្រើឧបករណ៍តេស្តរហ័ស ដើម្បីបញ្ជាក់ពីស្ថានភាពបណ្តោះអាសន្នកូវីដ១៩។ ចំនួននេះ រដ្ឋាភិបាលវៀតណាមអនុវត្តចំពោះប្រជាជនទាំងអស់ដែលមកពីបរទេស រួមទាំងពលរដ្ឋវៀតណាមផងដែរ។

យោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម VN EXPRESS បាននិយាយថា អ្នកដំណើរទាំងអស់ មុនពេលធ្វើដំណើរ ត្រូវបង្ហាញលិខិតឆ្លងដែន ទិដ្ឋាការចូល និងវិញ្ញាបនបត្របញ្ជាក់ថាពួកគេបានធ្វើតេស្តរកមេរោគកូវីដ១៩ រួចរាល់ដោយប្រើវិធីសាស្ត្រ RT-PCR ក្នុងរយៈពេលបីថ្ងៃ។ វិញ្ញាបនបត្រនេះត្រូវតែមានការបញ្ជាក់ពីភ្នាក់ងារការទូតវៀតណាមប្រចាំប្រទេសកំណើតខ្លួន។ អ្នកដែលធ្វើតេស្តរកមេរោគឃើញថាឆ្លងវីរុសកូរ៉ូណា នឹងត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលដើម្បីព្យាបាល។

ជនបរទេសដែលត្រូវបានអនុញ្ញាតនៅពេលនេះ គឺអ្នកដែលមានលិខិតឆ្លងដែនការទូតនិងផ្លូវការ អ្នកជំនាញ អ្នកគ្រប់គ្រងកម្មករជំនាញខ្ពស់ អ្នកវិនិយោគ សមាជិកគ្រួសាររបស់ពួកគេ និស្សិតអន្តរជាតិ និងសមាជិកគ្រួសាររបស់ពលរដ្ឋវៀតណាម។

សូមជម្រាបថា ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរអន្តរជាតិទាំងអស់នៅថ្ងៃទី២៥ ខែមីនា។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ទូទាំងប្រទេស ចំនួន១ ០៦៨ករណី ក្នុងនោះ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨៣ករណី។ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួន៣៥នាក់។ មិនមានការឆ្លងវីរុសលក្ខណៈសហគមន៍នៅក្នុងប្រទេសនេះ អស់រយៈពេលជាងពីរសប្តាហ៍មកហើយ។

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតនៅក្នុងតំបន់និងពិភពលោក ដែលបានប្រកាសថា ខ្លួនរកឃើញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ វ៉ាក់សាំងនេះកំពុងដំណើរការពិសោធន៍ មុនឈានដល់ការប្រើប្រាស់លើមនុស្សជាផ្លូវការ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ