តំណាង​​អូស្ត្រាលី​​ប្រចាំ​​នៅ​​កម្ពុជា​​បង្ហាញ​​ក្ដី​​បារម្ភ​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​ក្រុម​សកម្ម​​ជន​​នា​​ពេល​​ថ្មី​ៗ​

ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang ក្នុងជំនួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ នៅទីស្ដីការក្រសួងយុត្តិធម៌ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ក្រសួងយុត្តិធម៌ Ministry of Justice)

តំណាង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ។

សរសេរ​នៅ​លើ Twitter របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang បាន​រៀបរាប់​ថា លោក​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

ក្រៅពី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ តំណាង​អូស្ត្រាលី​រូប​នេះបាន​រៀបរាប់ថា លោក​បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ជុំវិញ​ការ​ចាប់ខ្លួន​ក្រុមសកម្ម​ជន​នា​ពេល​ថ្មី​ៗនេះ។

លោក Pablo Kang បាន​សរសេរ​ថា៖ «បាន​ជួបពិភាក្សា​ជាមួយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​បាន​លើកឡើង​នូវ​ក្តី​បារម្ភ​របស់​ពួក​យើង​អំពី​ការ​ចាប់ខ្លួន​សកម្មជន​មួយចំនួន​នា​ពេល​ថ្មី​ៗនេះ»។

ក្នុង​សារ​ឆ្លើយតប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​អះអាង​ថា ការ​ចាប់ខ្លួន​ក្រុមសកម្ម​ជន​ពីសំណាក់​សមត្ថកិច្ច​នា​ពេល​ថ្មី​ៗនេះ គឺ​ស្រប​ទៅតាមច្បាប់​របស់​កម្ពុជា ហើយ​លោក​ចាត់ទុក​ការ​តវ៉ា​ដោយសន្តិវិធី​របស់​ក្រុមសកម្ម​ជន​ទាំងនោះ​ថា គឺជា​ការ​ដាក់​សម្ពាធ​ទៅលើ​ស្ថាប័ន​តុលាការ ដែល​លោក​ហៅថា «ពុំមែន​ជា​វិធី​ស្របច្បាប់»ឡើយ។

លោក គឹម សន្តិភាព រៀបរាប់​ថា៖ «ការ​ចាប់ខ្លួន​បុគ្គល​ណាមួយដោយ​អាជ្ញាធរ​មានសមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សិទ្ធិ​សេរីភាព​បុគ្គល​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ក្របខណ្ឌ​ច្បាប់ ហើយ​ការអនុវត្ត​សិទ្ធិ​ហួស​ព្រំដែន ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ឬបំពាន​លើច្បាប់ ត្រូវ​ប្រឈម​នឹង​ការទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​នេះពុំមែន​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​បុគ្គល​នោះ​ទេ»។

លោក គឹម សន្តិភាព បាន​រៀបរាប់​បន្ត​ថា លោក កើត រិទ្ធ បាន​ប្រាប់​ទៅ​ទូត​អូស្ត្រាលី​ថា បញ្ហា​ព្រំដែនគឺជា​បញ្ហា​ដ៏​រសើប​បំផុត​របស់​កម្ពុជា ហើយ​ការ​ញុះញង់​មួលបង្កាច់​ការពិត​លើ​បញ្ហា​ព្រំដែន ធ្លាប់​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើង​សង្គ្រាម ការ​បែកបាក់​ជាតិ និង​អស្ថិរភាព​សង្គម​អស់​ជិត​បី​ទសវត្ស។ 

លោក គឹម សន្តិភាព រៀបរាប់​ថា៖ «ដូចនេះ សម្រាប់​កម្ពុជា ការ​មួលបង្កាច់និង​ការ​បំភ័ន្ត​ការពិត​លើ​បញ្ហា​ព្រំដែន​ក្នុង​ចេតនា​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម គឺជា​អំពើខុស​ច្បាប់ បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ប្រទេស ហើយ​ពុំមែន​ជា​ការអនុវត្ត​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទ្បើយ»។

សកម្មជន សិល្បករ និង​អ្នកការពារ​សិទ្ធិមនុស្ស​សរុប១៩នាក់​ហើយត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ចាប់តាំងពី​ចុងខែ​កក្កដា​កន្លងមក​នេះ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ​ហៅថា ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ដោយសន្តិវិធី

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត បាន​អះអាង​ថា ការ​តវ៉ា​របស់​ក្រុម​យុវជនត្រូវ​បាន​ធ្វើឡើង​ដោយសន្តិវិធី ដែល​ជាផ្នែក​មួយ​នៃ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ធានា​ដោយ​ច្បាប់​ជាតិនិង​អន្តរជាតិ។

លោក អំ សំអាត ប្រាប់​ថា៖ «យើង​ឃើញថា ក្រោយ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​យុវជន​ជាបន្តបន្ទាប់ វា​ប៉ះពាល់​ការ​បញ្ចេញមតិនិង​ការ​ជួបជុំ ឬការ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។ ដូច្នេះហើយ​យើង​ឃើញ​ហើយ ទាំង​អង្គការសហប្រជាជាតិបាន​សម្តែង​ការ​ព្រួយបារម្ភ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ