ក្រសួង​មហាផ្ទៃ​​ក្រើន​រំឭក​​ដល់​​មន្ត្រី​​ក្រោម​​ឱវាទ​​ដោះ​ស្រាយ​​បញ្ហា​​ជូន​​ពលរដ្ឋ​​ដោយ​​តម្លា​ភាព​​និង​​យុត្តិ​ធម៌​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

​ក្រសួងមហាផ្ទៃ ណែនាំ​បន្ថែម​ទៀត​ទៅ​ស្ថាប័នរដ្ឋ​មួយចំនួនធ្វើការ​ដោះស្រាយ​បញ្ហា​សេសសល់​នានាជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​តម្លាភាពនិង​យុត្តិធម៌ ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល។

ក្នុង​សេចក្តី​ណែនាំ​របស់ក្រ​សួង​មហាផ្ទៃ ចុះ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា កន្លងមក ក្រសួង​បាន​ទទួលយក​ការ​ដោះ​ស្រាយ​បណ្តឹង សំណើ សំណូមពរ មតិយោបល់ ការ​ថ្នាំងថ្នាក់ ឬក្តី​កង្វល់​របស់​ពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈ​ដាក់​លិខិត​ចូល​មក​ក្រសួងឬតាម​ហ្វេសប៊ុកលោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​ស្រង់​ព័ត៌មាន រួម​ទាំង​តាម​បណ្តាញ​សង្គម​នានា ដើម្បី​បញ្ជូន​ទៅ​អគ្គនាយក​ដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​ក្រសួងឬរដ្ឋបាល​រាជធានី​-ខេត្ត និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-ខេត្ត ធ្វើការ​ដោះស្រាយ។

តែ​យ៉ាងណា ក្រសួង​បន្ត​ជំរុញ​ទៅ​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​ទាំងនោះ ធ្វើការ​ដោះស្រាយ​បញ្ហា​នានា​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាពនិង​យុត្តិធម៌ ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល។

សេចក្តី​ណែនាំ​នេះបញ្ជាក់​ថា៖ «ការ​ដោះស្រាយ​បញ្ហា​ខាងលើ​មួយចំនួន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរនិង​បាន​ឆ្លើយតប​ទាន់ពេល​ជូន​ពលរដ្ឋ ប៉ុន្តែ​បញ្ហា​មួយចំនួន​ទៀត​មិនទាន់​ទទួល​បានផល​នៅឡើយ។ ដូចនេះ គ្រប់​អគ្គ.ជំនាញ ត្រូវ​ដោះស្រាយ​រហូត​ទទួល​បាន​លទ្ធផល​ចប់ ឱ្យបាន​ត្រឹមត្រូវ យុត្តិធម៌»។

សេចក្តី​ណែនាំ​ដដែល បញ្ជាក់​ថា ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទាំងនោះ​រួមមាន អគ្គនាយក​ដ្ឋាន​ចម្រុះ​ចំណុះ​ឱ្យ​ក្រសួងមហាផ្ទៃ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-ខេត្ត និង​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ និង​អង្គភាព​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ជាដើម។

លោក ជា សុ​គន្ធា ប្រធាន​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិ យោបល់ ឬសំណូមពរ​ប្រជាពលរដ្ឋនៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង មានប្រសាសន៍​បន្ថែម​លើ​សេចក្តី​ណែនាំ​នេះ​ថា បច្ចុប្បន្ន​ ក្រុមការងារ​បាន​ដោះស្រាយ​បញ្ហា​សាធារណៈជូន​ប្រជាពលរដ្ឋ​ចប់​សព្វគ្រប់​ចំនួន៦៨ករណី រួមមាន ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ សំបុត្រ​កំណើត និង​សំបុត្រ​អាពាហ៍​ពិពាហ៍​ជាដើម។ 

លោក​បន្ត​ថា ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ​ មាន​ចំនួន១០៩ករណី ជា​បញ្ហា​វិវាទ​ដីធ្លី ដោយក្រុម​ការងារ​បាន​បញ្ជូន​បញ្ហា​ទាំងនោះទៅ​អាជ្ញាធរ​ទូទាំង២៥រាជធានី​-ខេត្ត ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «យើង​មាន​ក្រុមការងារ​យើង​ទាក់ទងដើម្បី​ជំរុញ​ការងារ​ហ្នឹង ហើយ​យើង​មាន​សេចក្តី​ណែនាំ​របស់ក្រ​សួង យើង​នឹង​ខិតខំ​ជំរុញ​ទៅ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​យើង​ធ្វើការ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ បើ​ប្រជាពលរដ្ឋ​មាន​សំណូមពរ យើង​ត្រូវ​បម្រើ​ជូន​ប្រជាពលរដ្ឋ»។

លោក សៀង ហេង អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លីនៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​ថា ពួក​គាត់​ជាង១០០នាក់ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី (KDC​) ជាង១០ឆ្នាំ​មក​ហើយ លើ​ផ្ទៃដី​ជាង២០០ហិច​តា។ 

លោក​បន្ត​ថា ពួក​គេ​បាន​នាំគ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​នានាពី​ភូមិ​រហូតដល់​ខេត្តនិង​ថ្នាក់​ជាតិ រួម​ទាំង​តុលាការ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

លោក​ សៀង ហេង បញ្ជាក់​ថា ពលរដ្ឋ​ក៏​មានបំណង​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ​ផង​ដែរ ប៉ុន្តែ​លោក​ហាក់​មិន​មាន​ជំនឿ​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក​ថា៖ «យើង​អត់​សូវ​មាន​សង្ឃឹម​ក្នុង​ដំណោះស្រាយ មិនដឹង​គណៈកម្មការ​ធ្វើ​បាន​កម្រិត​ណា ព្រោះ​យើង​ឆ្លងកាត់​ច្រើន​ក្នុង​ការ​ប្តឹង​ទាមទារ​ដោះស្រាយ​ជម្លោះដីធ្លី​ វា​ច្រើន​ឆ្នាំ វា​អត់មាន​ដំណោះស្រាយ​ណា​ល្អ​សម្រាប់ពលរដ្ឋ យើង​រក​តាម​បណ្តឹ​ងរ​ដ្ឋ​បាល ​ច្រើនតែ​រុញ​ទៅ​តុលាការ​ដដែល»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា កន្លងមក អាជ្ញាធរ​ដោះស្រាយ​បញ្ហា​សេវា​សាធារណៈនិង​ជម្លោះដីធ្លីជូន​ប្រជាពលរដ្ឋ ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​អ្នកមាន​អំណាច ហើយ​អ្នករងគ្រោះ​ជា​ប្រជាពលរដ្ឋ​ទន់ខ្សោយ។

ទោះជា​បែបនេះ​ក្តី លោក​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រុមការងារឬអាជ្ញាធរត្រូវ​រក​វិធី​ដោះស្រាយ​ប្រកបដោយ​តម្លាភាព មិន​ប្រកាន់​បក្ខ​ពួក។

លោក​ផ្តល់​ជា​អនុសាសន៍​ថា៖ «ដំណោះស្រាយ​មានតែ​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ជំរុញ​មន្ត្រី​ជំនាញ​ដែល​មានសមត្ថកិច្ច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឈរ​លើ​គោលការណ៍​មួយដែលគេ​ហៅថា គោលការណ៍​ស្មើភាព បើ​អ្នកធំ អ្នកមាន​អំណាច អ្នកមាន​លុយ​ធ្វើខុស គឺ​ពួក​គេ​ត្រូវតែ​បដិសេធ ឬត្រូវ​មាន​អន្តរាគមន៍​ជាមួយ​អ្នក​ខុស កុំឱ្យ​ខុស​ហើយនៅតែ​ត្រូវ​ទៀត»។

កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានសម្រេច​បង្កើត​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិ យោបល់ ឬសំណូមពរ​ប្រជាពលរដ្ឋ នៅក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook page​) របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង។ ក្រុមការងារ​នេះមាន​សមាសភាព​សរុប១១រូប ក្នុង​នោះ ប្រធាន​មួយ​រូប អនុប្រធាន៥រូប និង​សមាជិក៥រូប។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ធ្លាប់​បញ្ជាក់​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា​មាន​អ្នកប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ជាង២០លាន​ស៊ី​មកា​ត (២០ ៨៥៧ ៥៧៤​) អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត​ជាង១៥លាន​នាក់ (១៥ ៨៤៨ ៨៦៧​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ