ថ្នាក់​ដឹក​នាំ​​សភា​ជាតិ​និង​​រដ្ឋា​ភិបាល​ បង្ហាញ​​ឆន្ទៈ​​បន្ត​​ការពារ​​និង​​អនុវត្ត​​រដ្ឋ​ធម្មនុញ្ញ​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ប្រជុំ​សភា ដែល​បន្ត​សម័យប្រជុំ​លើក​ទី១០ នីតិកាល​ទី៥ នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

ប្រធាន​រដ្ឋសភានិង​ប្រមុខ​រដ្ឋាភិបាល បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តបន្ត​ការពារនិង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ សំដៅ​កសាងនិង​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា។

នៅ​ថ្ងៃទី២៤ ខែកញ្ញា​នេះ ជា​ខួប២៧ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​អនុម័ត​ជាឯកច្ឆន្ទដោយ​សភាធម្មនុញ្ញ​នៅ​ឆ្នាំ១៩៩៣។

ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ​ថា រដ្ឋធម្មនុញ្ញជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របបនយោបាយ ក្របខណ្ឌ​ច្បាប់ និង​ក្របខណ្ឌ​ស្ថាប័ន នៅ​លើ​ខឿន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជាមាន​សុខ​សន្តិភាព​ពេញលេញមកដល់​បច្ចុប្បន្ន​នេះ។

លោក​បន្ត​ថា ក្នុងរយៈពេល២៧ឆ្នាំ​មកនេះ រដ្ឋសភាដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ បាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​បាន​តាក់តែង​និង​អនុម័ត​ច្បាប់សរុប​បាន​ចំនួន​៥៧៥ច្បាប់ សំដៅ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​សង្គមជាតិ ទាំង​ក្នុង​ផ្នែក​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទំនាក់ទំនង​អន្តរជាតិ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ ចូរ​យើង​រួមគ្នា​បន្ត​គោរព ការពារ ​និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ សំដៅ​កសាងនិង​លើកកម្ពស់​នីតិរដ្ឋ ជា​កោះសន្តិភាព មានការ​អភិវឌ្ឍ និង​រុងរឿង​រហូត​តទៅ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ​ដែរ​ថា ផ្តើម​ចេញពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តី​ពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយមាន​ការ​ឯកភាព​ផ្ទៃក្នុង​ ការ​ដោះស្រាយ​បញ្ហា​នយោបាយ ក្នុង​នោះ កម្ពុជាក៏បាន​ឯកភាព​គ្នា​រៀបចំ​ការបោះឆ្នោត នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែល​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ អ៊ុន​តាក់ (UNTAC​)។

លោក​ថា៖ «បន្ទាប់មក រដ្ឋធម្មនុញ្ញ​ជាតិក៏​ត្រូវ​បាន​បង្កើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ១៩៩៣»។

លោកនាយក​រដ្ឋមន្ត្រីបាន​បន្ត​ថា រដ្ឋធម្មនុញ្ញគឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។ 

លោក​បាន​គូសបញ្ជាក់​ថា៖ «ចំណុច​សំ​ខាន់​ៗបំផុត​មួយចំនួន​ដែល​បាន​ចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ មាន​ដូចជា កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជាបាន​ចែង​អំពី​គោលការណ៍​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា គឺ​អំណាច​នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ និងតុលាការ​ ហើយក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋនិង​គោលការណ៍​នីតិរដ្ឋ​ជាដើម»។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន១៦ជំពូកនិង១៥៨មាត្រា។ នៅក្នុង​បុព្វកថា​របស់​រដ្ឋធម្មនុញ្ញ ក៏បាន​រំលេច​សារ​ដាស់តឿននិង​រំឭកដល់​កូនខ្មែរ​ផង​ដែរ​ថា សង្រ្គាម​បាន​នាំ​កម្ពុជា​ឱ្យ​អន្តរាយ ខ្ទេចខ្ទាំ ហើយ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ជាថ្មី ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​ជាតិ​ជាថ្មី​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ