វិភាគ​៖ ល្មម​​ដល់​ពេល​​ឈប់​​ជំរុញ​​ឱ្យ​​ពលរដ្ឋ​​ទទួល​ទាន​​គ្រឿង​ស្រវឹង​

ផ្ទាំង​ប៉ាណូ​ស្រាបៀរ​មួយ តាម​ដង​ផ្លូវ​​តាំង​​នៅជិត​ទីតាំងសាលារៀន​មួយ ក្នុងក្រុងភ្នំពេញ​។ (សាញ់ ប៊ុនហឿន/ ១៤ មករា ២០២០)

​ការ​ទទួលទាន​គ្រឿងស្រវឹង​ហាក់ដូចជា​ប្រពៃណី​ស្ថិតនៅ​ក្នុង​ផ្នត់គំនិត​របស់​សាធារណជន​នៅពេល​មានកម្ម​វិធី​ជួបជុំ មិនថាជួបជុំ​ដែល​សប្បាយរីករាយ ជួបជុំ​ដោយ​ការ​កាន់ទុក្ខ ជួបជុំ​បែប​បុណ្យប្រពៃណី​សាសនា ការ​ជួបជុំគ្នា​លក្ខណៈ​មិត្ត​ភក្តិឬលក្ខណៈ​គ្រួសារ។

គ្រឿងស្រវឹង​ត្រូវ​បាន​គេ​ចាត់ទុកថា ជាកត្តា​ជំរុញ​ឱ្យ​មាន​ភាព​សប្បាយរីករាយ បង្ក​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល ជា​ការ​ជួយ​ឱ្យ​បង្កើត​បាន​អនុស្សាវរីយ៍​ល្អ ធ្វើ​ឱ្យ​ពួក​គេ​ហាក់ដូចជា​មាន​លក្ខណៈ​ទាន់សម័យ​ជាដើម។ អ្នកខ្លះ​ទៀត​ថា ការ​មិន​ចេះ​ទទួលទាន​គ្រឿងស្រវឹង ​ជា​មនុស្ស​ដែល​ចូលចំណោមគេមិនចុះឬពិបាក​ក្នុង​ការ​ទំនាក់ទំនង​លើ​ការពង្រីក​មុខរបរ។

ពេល​មានការ​ជួបជុំ​ ដូចជា មង្គលការ បុណ្យសព បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឡើងផ្ទះ បង្កក់កូន តែងតែមាន​វត្តមាន​គ្រឿងស្រវឹង។ គ្រឿងស្រវឹង​ក៏​ឃើញ​មាន​លក់និង​ទទួលទាន​យ៉ាង​ជោកជាំ​ដែរ​នៅក្នុង​វត្តអារាម​ ​ដូចជា បុណ្យកឋិន បុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌ​ជាដើម។

តើ​មូលហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​យើង​ ទាំង​ក្រុម​យុវជននិង​វ័យ​ផ្សេងទៀត ​ហាក់ដូចជាចូលចិត្ត​គ្រឿងស្រវឹង​ម៉្លេះ?

បើ​យើង​ពិនិត្យ​លើ​គ្រឿងស្រវឹង ក៏​មិន​ខុស​អី​ពី​ផលិត​ផល​ផ្សេង​ៗទៀត​ដែរ គឺ​បើ​មានការ​ជំរុញ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលាយដល់​មហាជន​ នោះ​នឹង​ទទួល​បានការ​លក់ដាច់​ច្រើន។ បើ​យើង​ពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​នៅក្នុង​ប្រទេស​យើង ​បច្ចុប្បន្ន​ហាក់​សម្បូរ​បែប​ណាស់ ទាំង​តាម​ទូរទស្សន៍ តាម​បណ្តាញ​សង្គម ការប្រជុំ​តន្ត្រី​ដែល​មាន​តា​រា​ល្បី​ៗជួយ​ផ្សព្វផ្សាយ បដា​ឬផ្ទាំង​ប៉ាណូនៅ​តាមផ្លូវ​ច្រើន​រាប់មិនអស់។ និយាយ​ឱ្យ​សាមញ្ញ​ សូម្បីតែ​អង្គុយ​ក្នុង​ផ្ទះ​ខ្លួនឯង ហើយ​សម្លឹងទៅ​មើលផ្លូវ​មុខ​ផ្ទះ ក៏អាច​ឃើញ​បដា​ផ្សព្វផ្សាយ​គ្រឿងស្រវឹង២ទៅ៣ផ្ទាំង​ដែរ។

ទម្លាប់​អ្នកភូមិ​ទៀតសោត តែងតែ​ប្រើ​កូន​ដែល​មាន​វ័យ១០ឬក្រោម១០ឆ្នាំ​ ឱ្យ​ទិញ​គ្រឿងស្រវឹង​ ខណៈ​ឪពុក​ម្តាយ​ជាប់​នៅ​ជុំគ្នា​ទទួល​គ្រឿងស្រវឹង។ ការ​ធ្វើ​ដូច្នេះ ​វា​ហាក់ដូចជាធ្វើ​ឱ្យកុមារ​មាន​អារម្មណ៍​ស្និទ្ធនិង​មោទកភាព​ជាមួយ​គ្រឿងស្រវឹង​ទាំងដែលនិយាយ​ភាសាខ្មែរ​ជា​ភាសាជាតិ​របស់​ខ្លួន​នោះ​មិនទាន់​ច្បាស់​ផង។

ចំ​ណែក​ការ​ដាក់​រង្វាន់​ពេល​ដែល​អ្នកភូមិ​ត្រូវ​រង្វាន់​ពី​គ្រឿងស្រវឹង​ម្តងៗ ​គឺ​ល្បី​ទូទាំង​ប្រទេស ព្រោះ​មានការ​សម្ភាសន៍​អ្នក​ត្រូវ​រង្វាន់​យក​ទៅ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗទៀត។ បើ​និយាយ​ពី​អ្នកជិតខាង​ក្នុង​ភូមិ​ ត្រេកអរ​ជាមួយ​រង្វាន់​ដែលគេ​ត្រូវ​នោះ​ស្ទើរ​ភ្លេច​បាយទឹក។ នេះ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យពលរដ្ឋ​ព្យាយាម​ទទួលទាន​គ្រឿងស្រវឹង​ដើម្បី​បាន​រង្វាន់។

ចំណែក​យុវជនឬកុមារដែល​វ័យ​នៅក្មេង​ខ្វះ​ការពិចារណា​នោះ ​គឺ​ងាយ​ណាស់នឹង​យល់ថា ការ​ទទួលទាន​គ្រឿងស្រវឹង​ធ្វើ​ឱ្យសប្បាយរីករាយ សុខភាព​ល្អ រាង​ស្អាត​សង្ហា តាម​ការឃោសនា​របស់​តារាចម្រៀងឬពិធី​ករល្បីៗ។ បើ​យើង​សួរ​ក្មេង​ដែល​មាន​អាយុ១០ឆ្នាំ​ឬក្រោម១០ឆ្នាំ​ គឺអាច​ស្គាល់​គ្រឿងស្រវឹង​លើស​ពី២ប្រភេទ។

បើ​និយាយ​ពី​ផល​ប៉ះពាល់​ពី​គ្រឿងស្រវឹង ​តើ​អ្នកណា​ខ្លះ​បានដឹង​? 

មនុស្ស​ស្ទើរគ្រប់​គ្នា​ គឺ​បានដឹងតាមរយៈ​រៀនសូត្រ​ឬមើលឃើញ​ផ្ទាល់​ភ្នែក។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃទី១៦ ខែកញ្ញា ដោយ​អង្វ​រករ​ប្រជាពលរដ្ឋ​កុំឱ្យ​ទទួលទាន​គ្រឿងស្រវឹង​ហើយបើកបរ​ ដោយសារ​លោក​មើលឃើញ​មាន​គ្រោះថ្នាក់​ច្រើន។

លោក ​ហ៊ុន សែន៖ «សូម​បងប្អូន​យកចិត្ត​ទុកដាក់​រក្សា​នូវ​ជីវិត​ខ្លួនឯង​ ក៏ដូចជា​ជីវិត​អ្នកដទៃ តាមរយៈ​ការ​បើកបរដោយ​គោរពច្បាប់​ចរាចរណ៍ ដោយ​មិន​សេព​គ្រឿងស្រវឹង​ណាមួយ។ ព្រោះ​អា​គ្រឿងស្រវឹង​នេះតែង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគរយ​ច្រើនណាស់ដែល​កើតឡើង​ដោយសារតែ​អា​គ្រឿងស្រវឹង​នេះ»។

ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍ ក៏​មានផល​ប៉ះ​ពាល់​ផ្សេង​ៗទៀត​ដែរ ដូចជា​របាយការណ៍​សិក្សា​របស់​អង្គការសុខភាព​ពិភពលោក បង្ហាញថា គ្រឿងស្រវឹង​បង្ក​ឱ្យ​មាន​ជំងឺ​ជាង២០០មុខ រួម​ទាំង​ជំងឺថ្លើម មហារីក ចុះ​ខ្សោយ​បញ្ញា​ស្មារតី ឬជំងឺ​ដាច់​សរសៃឈាម​ជាដើម។

បើ​យើង​ពិនិត្យ​លើ​មនុស្ស​ជុំវិញ​ខ្លួន​ដែល​ទទួលទាន​គ្រឿងស្រវឹង​ជា​ប្រចាំ ​យូរ​ៗទៅ​ក្លាយជាអ្នក​ដែល​ញៀន​គ្រឿងស្រវឹង មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ​ឬហៅថា រស់នៅ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង មាន​ភាព​តានតឹង​សម្ពាធ​ផ្លូវចិត្ត មួម៉ៅ បង្ក​ហិង្សា​ឬបទ​ល្មើស​ផ្សេង​ៗ។

លោក យង់ គិម​អេង នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លើកឡើង​ថា តាម​ការសិក្សានិងចុះ​ធ្វើការងារ​ផ្ទាល់របស់​ស្ថាប័ន​លោក​ អំពើហិង្សា​ក្នុង​គ្រួសារ​ភាគច្រើន​បង្កឡើង​ដោយ​គ្រឿងស្រវឹង។

លោក យង់ គិម​អេង៖ «ផល​ប៉ះពាល់​ពាក់ព័ន្ធ​គ្រឿងស្រវឹង​មាន​ច្រើនណាស់​បាទ! ពាក់ព័ន្ធ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​គឺ​ច្រើនជាង​គេ គឺ​ច្រើនជាង​គេ​ដែល​ពាក់ព័ន្ធ​ជាមួយ​គ្រឿងស្រវឹង​នោះ​បាទ»។

បើ​យើង​ពិនិត្យមើល​ប្រទេស​នានា​ក្នុង​តំបន់ ក៏ដូចជា​បណ្តា​ប្រទេស​ដែល​មានការ​រីកចម្រើនលើ​ពិភពលោក គឺ​មិន​មានការ​ផ្សព្វផ្សាយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​របស់​គេ​ទទួលទាន​គ្រឿងស្រវឹង​ទេ គឺ​មានតែ​ការ​ចេញច្បាប់​កំណត់​លក្ខខណ្ឌ​ចំពោះ​អ្នកប្រើ​ប្រាស់​គ្រឿងស្រវឹង។

ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រឿង​ស្រវឹង​របស់​ប្រទេស​ថៃ​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០៨ បាន​ឃា​មឃា​ត់​តឹង​រ៉ឹង​ចំពោះ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ គឺ​ពលរដ្ឋ​ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿងស្រវឹង ​ត្រូវ​មាន​អាយុ​យ៉ាងតិច២០ឆ្នាំ។ 

ចំពោះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វិញ ​គឺ​ហាម​គ្រប់រូប​ភាព​ទាំងអស់ ទាំង​នៅ​តាម​ទូរទស្សន៍ បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដាក់​បដា​តាម​ដងផ្លូវ ឬការ​ប្រគំតន្ត្រី។ ចំពោះ​ការ​ដាក់​ឱ្យ​មាន​រង្វាន់​ក៏​ត្រូវ​ហាម​ដែរ​ ព្រោះ​នេះ​ជា​ករណី​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួលទាន​គ្រឿងស្រវឹង។

អ្នកដំណើរ​តាម​ដងផ្លូវ​នៅក្នុង​ប្រទេស​ថៃ មិន​មាន​ឃើញ​ការ​ដាក់​បដាបង្ហាញ​ឈ្មោះឬរូបសញ្ញា​ផលិតផល​គ្រឿងស្រវឹង​នោះ​ទេ។

នៅក្នុង​ច្បាប់​ថៃ​ក៏បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ហាម​ផ្សព្វផ្សាយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទទួលទាន​គ្រឿងស្រវឹង​នេះ ដោយ​បញ្ជាក់​ថា គ្រឿងស្រវឹង​មិន​មានប្រយោជន៍​ទេ ហើយ​ថែមទាំង​នាំមក​នូវ​ទុក្ខទោស​យ៉ាងច្រើន​ទៅវិញ។ ប៉ុន្តែ​នៅក្នុង​សង្គម​ថៃ​មិន​បិទ​ការ​លក់​គ្រឿងស្រវឹង​ទាំងស្រុង​នោះ​ទេ គឺ​គ្រាន់តែបើ​កឱ្យ​លក់​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួលទាន​ច្រើនហួស​ហេតុ។

ចុះ​កម្ពុជា​នៅ​រង់ចាំ​ដល់ពេលណា​ទើប គិត​ពី​ការគ្រប់គ្រង​គ្រឿងស្រវឹង​នេះ​?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ