សង្គម​​ស៊ីវិល​​ថា​ ទូត​​ប្រទេស​​ធំ​ៗ​​សន្យា​​ជជែក​​ជាមួយ​​រដ្ឋា​ភិបាល​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​ថ្មី​​ៗ​នេះ​​

ក្រុមសង្គមស៊ីវិលនិងក្រុមមន្ត្រីទូតធំៗនៅកម្ពុជា ក្នុងពិធីជំនួបពិភាក្សាស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុកអ្នកស្រី អ៊ុក ឆាយ៉វី)

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី បាន​អះអាង​ថា តំណាង​ស្ថាន​ទូ​តធំៗ​ប្រចាំ​កម្ពុជា បាន​សន្យា​លើកយក​ក្ដី​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​ ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់និង​ការរំលោភ​សិទ្ធ​មនុស្ស​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី អះអាង​ថា ការសន្យា​បែបនេះ​ត្រូវ​បាន​ធ្វើឡើង​អំឡុង​ជំនួប​រយៈពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃម្សិលមិញ ​រវាង​មន្ត្រី​ស្ថានទូត​ចំនួន៨និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣ នៅ​ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ខួប២៧ឆ្នាំ​នៃ​ការប្រកាស​ឱ្យប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ និង​ចំ​ពេល​ដែល​សកម្មជន សិល្បករ និង​អ្នកការពារ​សិទ្ធិមនុស្ស​សរុប១៩នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ចាប់តាំងពី​ចុងខែ​កក្កដា​កន្លងមក​នេះ។

អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី និយាយ​ថា៖ «ទូត​គេ​ចាប់អារម្មណ៍​ពី​បញ្ហា​ទាំងអស់​នេះ។ គេ​ក៏បាន​មើលឃើញ​ថា មួយ​រយៈ​កន្លងមក​នេះ រំលោភ​សិទ្ធ​ិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ និង​បិទ​សិទ្ធ​ិសេរីភាព​កាន់តែ​ធ្ងន់ធ្ងរ។ គេ​ថា នឹង​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ទាំងអស់​ហ្នឹង។ យើង​ឃើញ​ហើយ កន្លងមក​មានការ​ធ្វើ​ទុ​ក្ខ​បុ​កម្នេញ សូម្បីតែ​ប្រពន្ធ​អ្នកជាប់ពន្ធ​នា​គារ ត្រូវ​បាន​សន្តិសុខ​នៅ​ខណ្ឌ​ធ្វើបាប។ វា​ហាក់ដូចជា​បែរ​ទៅ​រក​របប៣ឆ្នាំ៨ខែ»។

អ្នកស្រី ឆា​យ៉ា​វី បាន​បន្ត​ថា៖ «យើង​បញ្ជាក់​ឱ្យ​ទូត​ទាំងអស់​ហ្នឹង ការរំលោភ​សិទ្ធ​ិមនុស្ស​នៅ​កម្ពុជា មាន​សភាព​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ។ យើង​ចង់​ឱ្យអគ្គ​រដ្ឋ​ទូតមួយចំនួន នៅ​ជួយ​ឃ្លាំមើលនិង​ធ្វើ​យ៉ាងណាឱ្យ​រដ្ឋាភិបាល​ធ្វើឱ្យ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជាប្រសើ​រឡើងវិញ កុំ​ឱ្យចេះតែ​ធ្ងន់​ទៅៗ ដែល​ធ្វើឱ្យប្រទេសខ្មែរ​មានការ​ភ័យខ្លាច​ក្នុង​ការ​ទាម​ទារនិង​តវ៉ា»។

លោកស្រី​បាន​គូសបញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​បី​បាន​ជួប​ឯកអគ្គ​រដ្ឋទូត​ទាំង៨ និង​បាន​ជជែក​ពី​ការងារ និង​បាន​ធ្វើ​របាយការណ៍មួយចំនួន​ទាក់ទងសិទ្ធិមនុស្សនៅក្នុង​ប្រទេស​កម្ពុជា​ និង​ពី​ការ​ចាប់​លោក រ៉ុង​ ឈុន ការ​ប៉ង​សម្លាប់​លោកស្រី និង​យុវជន​ដែល​គ្រាន់តែ​ទាម​ទា​រដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​បំផុត។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ពី​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់ និង​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​អាជ្ញាធរ​នា​ពេលថ្មីនេះ។

អ្នកស្រី ចក់ សុភាព ប្រាប់​ថា៖ «ជា​ការប្រជុំ​ដើម្បី​ជជែក​អំពី​ស្ថានការណ៍​បច្ចុប្បន្ននិង​ស្ថានការណ៍​វិវត្តសិទ្ធិមនុស្ស ហើយក៏​ស្រប​ពេល​នឹង​ការ​ប្រារព្ធ​នូវ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ក្នុង​ជំនួប​ហ្នឹង យើង​មានការ​ជជែក​អំ​ពី​ស្ថាន​ភាព​សិទ្ធ​ិមនុស្ស ជា​ពិ​សេ​សការវ​ិវត្ត​ថ្មី​ដែល​មានការ​ចាប់ខ្លួន ឬកា​របង្ក្រាបទៅលើ​ការ​ជួបជុំ​របស់​សហគមន៍និង​យុវជន»។

លោកស្រី​បាន​បន្ថែម​ថា៖ «យើង​ចង់បាន​លំ​ហ​មួយ​ដែល​ពលរដ្ឋ​លោក​អាច​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​គាត់ ​ក្នុង​ការ​បញ្ចេញមតិ ការ​ជួបជុំ និង​ការ​ចង​ក្រង​ជាស​មាគម​ ដោយសេរីនិង​មិន​មានការ​ភ័យខ្លាច។ នេះ​គឺជា​អ្វី​ដែល​យើង​ចង់​ឃើញ​សម្រាប់​ប្រទេស​កម្ពុជា​យើង»។

សរសេរ​នៅ​លើ Twitter របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang បាន​រៀបរាប់​ថា រូបលោក​និងអគ្គរដ្ឋទូត​មួយចំនួន​បាន​ជួបពិភាក្សា​ជាមួយ​ការិយា​ល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​មនុស្យ មជ្ឈមណ្ឌល​សិទ្ធ​ិមនុស្ស​កម្ពុជា អង្គការ​លី​កាដ​ូ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ នៅ​ចំ​ពេល​កម្ពុជា​ប្រារព្ធ​ខួប២៧ឆ្នាំ​នៃ​ការប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក Pablo Kang បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ពិភាក្សា​អំពី​ក្តី​បារម្ភ​ពី​ព្រឹត្តិការ​ណ៍ពេល​ថ្មីៗ និង​ថា តើ​យើងអាច​ជួយ​ឱ្យ​ការអនុវត្ត​នូវ​គោល​កា​រណ៍​រដ្ឋ​ធម្មនុញ្ញបានប្រសើររបៀបម៉េចខ្លះ»។

អ្នកនាំពាក្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ប្រាប់​តាម​អ៊ី​ម៉ែ​លនៅ​ថ្ងៃនេះ​ថា លោក Pablo Kang បាន​ចែករំលែក​ក្ដី​បារម្ភ​ជុំវិញ​ការ​ចាប់ខ្លួននិង​ការរារាំង​ការ​តវ៉ា​ដោយសន្តិវិធី​នា​ពេល​ថ្មី​ៗនេះ ហើយ​លោក​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​ស្ថាន​បេសកកម្ម​បរទេស អាច​ធ្វើការ​ដើម្បី​ធានា​ថា ស្តង់ដារ​សិទ្ធិមនុស្ស​ត្រូវ​បាន​រក្សា​ការពារ។

អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​គោរព​សិទ្ធិ​មនុស្ស ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា​បាន​ទទួលស្គាល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ