កម្ពុជា​​និង​​ប្រទេស​​ក្នុង​​តំបន់​​អាស៊ាន​ ពង្រឹង​​សហ​ប្រតិបត្តិ​​ការ​ទប់​ស្កាត់​​បទ​ឧក្រិដ្ឋ​​ឆ្លង​ដែន​​

លោក មៀច សុផាន់ណា ប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC-Leader) ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់​កិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ តាមរយៈប្រព័ន្ធវីដេអូ​ ដែលរៀបចំដោយប្រទេសហ្វីលីពីន នៅទីស្តីការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee)

រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទប់ស្កាត់និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន​ជាមួយគ្នា ដើម្បី​សន្តិភាព​នៅក្នុង​តំបន់។

កាលពី​ថ្ងៃទី២៤ ខែកញ្ញា ប្រធាន​ក្រុមការងារ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទទួលការ​ងារ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​អាស៊ាន ​(SOMTC​-Leader​) និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក ​មៀច សុ​ផាន់​ណា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ពាក់​ព័ន្ធ ចូលរួម​កិច្ចប្រជុំ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​លើក​ទី២០ តាមរយៈ​ប្រព័ន្ធ​វីដេអូដែល​រៀបចំ​ដោយ​ប្រទេសហ្វីលីពីន ។ 

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេសប៊ុកកាលពី​ថ្ងៃម្សិលមិញ​ថា កិច្ចប្រជុំ​នេះបាន​លើកឡើង​នូវ​ប្រធាន​បទ​ផ្សេង​ៗ រួមមាន ភេវរ​កម្ម ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​អាវុធ ការ​លាងសម្អាត​ប្រាក់ អំពើ​ប្លន់​តាម​សមុទ្រ ឧក្រិដ្ឋ​កម្ម​សេដ្ឋកិច្ច​អន្តរជាតិ បទ​ល្មេីស​ផលិតផល​ក្លែងក្លាយ បទល្មើស​បច្ចេកវិទ្យា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​សត្វព្រៃនិង​ឈើ​ខុសច្បាប់​ជាដើម។

លោក មៀច សុ​ផាន់​ណា បាន​លេី​កទ្បេីង​ក្នុង​កិច្ចប្រជុំ​នោះ​ថា ការ​គំរាមកំហែង​ពី​សកម្មភាព​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​មាន​លក្ខណៈ​ស្មុគស្មាញ ហើយក៏​គ្មាន​ប្រទេស​ណា​អាច​ដោះស្រាយ​ការ​គំរាមកំហែង​បែបនេះ​ដោយ​ម្នាក់ឯង​បាន​ឡើយ គឺ​តម្រូវ​ឱ្យ​មាន​សកម្មភាព​រួមគ្នា​ពី​បណ្តា​ប្រទេស​នានានិង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ថ្នាក់​តំបន់។

លោក​បាន​បន្ថែម​ថា៖ «យេីង​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​សមូហភាព តាមរយៈ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​ថ្នាក់​តំបន់ និង​ខិតខំ​លើកកម្ពស់ និង​សម្របសម្រួល​កិច្ច​សហប្រតិបត្តិ​ការក្នុង​តំបន់​របស់​យើងឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​បាន​បង្កើត​ឡើង​នូវ​បទដ្ឋាន​គតិ​យុត្តិដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំងនេះ»។ 

បើ​តាម​ការ​ឱ្យ​ដឹងពី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​លើក​ទី២០នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការទប់ស្កាត់និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន​ជាមួយគ្នា ដើម្បី​សន្តិភាព​នៅក្នុង​តំបន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ