សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្តឹង​សហភាព​អឺរ៉ុប​រឿង​ព្យួរ​EBA​

កម្មករដើរចេញពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ថាមលេស ហ្វេសសិន ខ្លូស៊ីង ក្រោយសម្រាកពីការងារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហភាពអឺរ៉ុបដោយទាម​ទារឱ្យតំណាងក្រុមប្រទេសបញ្ជាទិញមួយនេះផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មដល់កម្ពុជាឡើងវិញ។

យោងតាមព្រឹត្តិបត្រព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុបចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា សមាគមរោងចក្រកាត់ដេរនៅក​ម្ពុ​ជា បានប្តឹងសហភាពអឺរ៉ុបទៅតុលាការយុត្តិធម៌របស់តំបន់នេះកាលពី​ថ្ងៃទី១៦ ខែកក្កដា ដើម្បីជំរុញឱ្យលុបចោលការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះព​ន្ធ «សព្វមុខទំនិញលើកលែងតែអាវុធ» ឬហៅកាត់ EBA ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

តាមប្រភពដដែល សមាគមចោទថា ការសម្រេចរបស់ EU រំលោភលើគោលការណ៍សមាមាត្រនិងតម្រូវការនៃភាពស្ថិតស្ថេររវាងគោលនយោបាយនិងសកម្មភាពរបស់សហភាពអឺរ៉ុប។

ប្រភពដដែលបន្ថែមថា សហភាពអឺរ៉ុបមិនបានវាយតម្លៃត្រឹមត្រូវចំពោះការដកហូតជាបណ្តោះអាសន្ននូវការលើកលែងពន្ធគយសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលទំនិញធ្វើដំណើរ ហើយថា ការសម្រេចនេះក៏មិនបានផ្តល់ហេតុផលគ្រប់គ្រាន់ដែរ។

សហភាពអឺរ៉ុបបានចាប់ផ្តើមដកភាពអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជាចំនួន២០ភាគរយជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីខ្លួនបានដំណើរការពិនិត្យរយៈពេល១៨ខែ រាប់ចាប់ពីថ្ងៃប្រកាសនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយខ្លួនរកឃើញមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងមានលក្ខណៈធ្ងន់ធ្ងរនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ