សកម្ម​ជន​ប្រជា​ធិប​តេយ្យ​ហុង​កុង លោក Joshua​ Wong​ ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​

សកម្មជនប្រជាធិបតេយ្យលេចធ្លោ លោក Joshua Wong។ (Joshua Wong 黃之鋒)

នគរបាលហុងកុង បានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យលេចធ្លោម្នាក់គឺលោក Joshua Wong ជាថ្មីម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចោទពីបទចូលរួមក្នុងការប្រមូលផ្ដុំដោយគ្មានការអនុញ្ញាតកាលពីខែតុលា ឆ្នាំ២០១៩។ នេះបើតាមសារលើគណនីធ្វីតទ័ររបស់យុវជនរូបនេះ។​

ការចាប់ខ្លួនសកម្មជនតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុងជាបន្តបន្ទាប់នៅពេលនេះ ​គឺចោទប្រកាន់ពីការប្រមូលផ្តុំគ្នាដោយមិនមានច្បាប់អនុញ្ញាតកាលពីឆ្នាំមុន។​

សមត្ថកិច្ចហុងកុងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ពួកគេបានចាប់ខ្លួនមនុស្សពីរនាក់ គឺម្នាក់អាយុ២៣ឆ្នាំ និងម្នាក់ទៀតអាយុ៧៤ឆ្នាំ ពាក់ព័ន្ធការប្រមូលផ្តុំដោយខុសច្បាប់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។​

ប្រទេសអង់គ្លេសដែលធ្លាប់គ្រប់គ្រងដែនដីហុងកុងរហូតដល់ឆ្នាំ១៩៩៧ ទើបប្រគល់ឱ្យចិនគ្រប់គ្រងវិញនោះ បានបង្ហាញក្តីបារម្ភរបស់ខ្លួន​ចំពោះការចាប់ខ្លួនសកម្មជនតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនេះ។​

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab ថ្លែងថា លោកមានការព្រួយបារម្ភខ្លាំងចំពោះការចាប់ខ្លួនយុវជន Joshua Wong  និងសកម្មជនតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យផ្សេងៗទៀត។​ នេះបើតាមសារលើធ្វីតទ័ររបស់លោក​ Dominic Raab។​

លោក Dominic Raab បញ្ជាក់ថា រដ្ឋអំណាចចិនប៉េកាំងនិងរដ្ឋបាលដែនដីហុងកុងត្រូវតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

លោក Wong បច្ចុប្បន្ន អាយុ២៣ឆ្នាំ។ យុវជនរូបនេះលេចមុខតាំងពីការតវ៉ាចលនាឆ័ត្រកាលពីឆ្នាំ២០១៤ គឺតាំងពីអាយុទើប១៧ឆ្នាំ ហើយបានចូលរួមការតវ៉ាជាបន្តបន្ទាប់ទៀតក្នុងការប្រឆាំងរដ្ឋអំណាចប៉េកាំង និងតវ៉ាទាមទារឱ្យហុងកុងត្រូវគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដាច់ដោយឡែកពីចិន​។​

កាលពីខែសីហាកន្លងទៅនេះ សមត្ថកិច្ចហុងកុងបានចាប់ខ្លួនយុវជន១០នាក់ផ្សេងទៀត ដែលចោទថា បានចូលរួមតវ៉ាដោយបំពានច្បាប់។​

ច្បាប់ថ្មីរបស់ចិននឹងដាក់ទោសលើអ្នកទាំងឡាយណាដែលរងការចោទថា បង្កឱ្យមានចលាចលសង្គម ចង់បំបែកខ្លួន ធ្វើអំពើភេរវកម្ម ឬត្រូវរ៉ូវជាមួយបរទេសបំផ្លាញផលប្រយោជន៍ ដែលបទចោទទាំងនេះអាចត្រូវជាប់ពន្ធនាគារអស់មួយជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ