សេចក្តី​​ព្រាង​ច្បាប់​​ស្តី​​ពី​​សិទ្ធិ​​ទទួល​​ព័ត៌មាន​​នៅ​​រង់​ចាំ​​ភ្លើង​​ខៀវ​​ពី​​ក្រសួង​​យុត្តិធម៌​

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

មន្រ្តី​ជាន់ខ្ពស់​ក្រសួងព័ត៌មាន និយាយ​ថា សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នៅឡើយ​ទេ ដោយ​រង់ចាំ​ភ្លើង​ខៀវ​ពី​ក្រ​សួង​យុត្តិធម៌។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ ប្រាប់VODនៅ​ថ្ងៃសុក្រ​នេះ​ថា សេចក្តី​ព្រាងច្បាប់​នេះ ក្រសួងព័ត៌មាន​បាន​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌​ហើយ តែ​ក្រសួង​នៅ​រង់ចាំ​ការ​ឆ្លើយតប​ពី​ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​ទោ​សប្ប​ញ្ញ​ត្តិ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។

លោក មាស សុភ័​ណ្ឌ ប្រាប់​ថា៖ «អ៊ីចឹង ក្រោយពី​យើង​ទទួល​បាន​នូវ​ការ​ឆ្លើយតប​ជា​ផ្លូវការ​របស់ក្រ​សួង​យុត្តិធម៌​ចំពោះ​ទោ​សប្ប​ញ្ញ​ត្តិ​រួចហើយ ក្រសួងព័ត៌មាន​នឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​នេះ ដាក់​ជូន​ទៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ឱ្យ​បាន​ឆាប់​បំផុត»។

អ្នកនាំពាក្យ​រូប​នេះនិយាយ​ទៀត​ថា ជា​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រ​សួង ក៏ដូចជា​រដ្ឋាភិបាល ចង់ឱ្យ​សេចក្តី​ព្រាងច្បាប់​នេះ​អនុម័ត​នៅ​ចុងឆ្នាំ២០២០នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ប្រាប់​ថា ក្រុមការងារ​កំពុង​ត្រួតពិនិត្យ​ទៅលើ​កិច្ចការ​នេះ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ក្រុមការងារ​ក្រសួង​យុត្តិធម៌និង​ក្រសួងព័ត៌មាន កំពុង​ពិនិត្យមើល​ពី​ទោ​សប្ប​ញ្ញ​ត្តិ និង​កំពុងធ្វើការ​ជជែកគ្នា​ ពិភាក្សា​គ្នា។ អ៊ីចឹង នៅពេល​មាន​កិច្ច​ព្រមព្រៀង​គ្នា ក្រសួង​នឹង​បញ្ជូន​បន្ត»។

នៅ​ថ្ងៃនេះ​ដែរ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និយាយ​ក្នុង​សេចក្តី​ថ្លែង​អបអរសាទរ​ទិវាអន្តរជាតិ​ស្តី​ពី «សិទ្ធិ​ទទួល​បាន​ព័ត៌មាន» ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី២៨ ខែកញ្ញា​ថា ខ្លួន​មាន​ក្តី​សង្ឃឹមថា ច្បាប់​នេះ​នឹង​ក្លាយ​ជា​មធ្យោ​បាយបន្ថែម​ពង្រឹង​នូវ​ផ្នត់គំនិតនិង​វប្បធម៌ប្រជាធិបតេយ្យ ​និងការចូលរួមពីសំណាក់​ប្រជាពលរដ្ឋជាមួយ​រដ្ឋាភិបាលក្នុង​សកម្មភាព​អភិវឌ្ឍ​ន៍ប្រទេសជាតិ​លើ​គ្រប់​វិស័យ។

ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន លោក ហ៊ុយ វណ្ណៈ ដែល​មាន​តំណែង​ជារ​ដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​ផង​នោះ ឱ្យ​ដឹង​បន្ថែម​ថា ប្រជាធិបតេយ្យ​គឺជា​ការចូលរួម​រិះគន់​បែប​ស្ថាបនា លោក​ថា នៅពេល​កម្ពុជា​មានច្បាប់​នេះ បញ្ហា​សង្គម​វា​នឹង​ត្រូវ​កាត់បន្ថយ។

លោក ហ៊ុយ វណ្ណៈ លើកឡើង​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ធ្វើ​ពី​ប្រជាធិបតេយ្យ​ចូលរួម ឱ្យ​តែ​មានការ​ចូលរួម មានការ​ថ្លឹងថ្លែង មានការ​ពិចារណា ខ្ញុំ​ជឿ​ថា វា​មិន​បញ្ហា​ទេ ប្រទេស​ណាក៏ដោយ​វា​ត្រូវការ​ច្បាប់​ជាគោល​ក្នុង​ការ​តម្រង់​ទិស ទាំង​សីលធម៌​ ទាំង​សុ​ចរិត​ភាព​ទាំង​សណ្តាប់​ធ្លាប់​សង្គម ទាំង​តម្លាភាព​សង្គម ព្រោះ​ច្បាប់​វា​ជា​ម៉ែត្រ​វាស់​តម្រង់​ទិស​មនុស្ស​ទាំងអស់គ្នា»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) លោក ណុប វី និយាយ​ថា ការ​ពន្លឿន​អនុម័ត​ច្បាប់​នេះ ជាផ្នែក​ចាំបាច់​មួយ​ក្នុង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​សង្គម ខណៈ​ស្ថានភាព​បច្ចុប្បន្ន ការ​អភិវឌ្ឍ​ខ្លះខ្វះខាត​នូវ​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​នោះប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មួយវិញទៀត លោក​ថា ភាព​ចាំបាច់​នៃ​ច្បាប់ក៏​គួរ​មាន​ស្តង់ដារ​គ្រប់គ្រាន់​បំពាក់​កាតព្វកិច្ច​ដល់​មន្ត្រី​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅតាម​សំ​ណើ​សុំ​របស់​ព្រ​ជា​ពលរដ្ឋ​ផង​ដែរ ទើប​ជំរុញ​ដល់​ការចូលរួម​គ្រប់​ជំហាន​នៃ​ការ​អភិវឌ្ឍ។

លោក ណុប វី និយាយ​ថា៖ «អ៊ីចឹង​ជា​រួម ខ្ញុំ​យល់​យើញ​ថា ច្បាប់​វា​មាន​ភាព​ចាំបាច់​ណាស់ ហើយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ចូលរួម​នៅក្នុង​សង្គម​មួយ​ដែល​មានការ​ចូលរួម​យ៉ាងសកម្ម​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​គាត់​អាច​ចូលរួម​គ្រប់​ស្ថានភាព​ឬមួយ​គ្រប់​ជំ​ហា​ននៃ​ការ​អភិវឌ្ឍ​នៅក្នុង​សង្គម»។

ក្នុង​សេចក្ដីជូនដំណឹង​ពី​គម្រោង​ធ្វើ​សន្និសី​ទនៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវាអន្តរជាតិ​ស្តី​ពី​«សិទ្ធិ​ទទួល​បាន​ព័ត៌មាន»​នៅ​សប្តាហ៍​ក្រោយ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ និង​ក្រុម​សង្គម​ស៊ីវិល​ពាក់ព័ន្ធ និយាយ​ថា សិទ្ធិ​ទទួល​ព័ត៌មានគឺជា​សិទ្ធិ​មូលដ្ឋាន​ដែល​ត្រូវ​បាន​ធានា​ដោយ​សន្ធិសញ្ញា​សំខាន់​ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជារ​ដ្ឋ​ភាគី។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​ផ្ដួចផ្ដើមនិង​ឆ្លង​កាត់ការពិភាក្សា​ពិគ្រោះ​យោបល់​អស់​រយៈពេល១៥ឆ្នាំ​មក​ហើយ។

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើងថា បច្ចុប្បន្ន កម្ពុជា​នៅតែ​មិនទាន់​មានច្បាប់​ប្បញ្ញត្តិ​សម្រាប់​ការ​ស្នើសុំ​ព័ត៌មាន​សាធារណៈ​នៅឡើយ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​អាចប​ដិ​សេ​ធនូវ​ការ​ផ្តល់​ព័ត៌មាន​សាធារណៈ​បាន។

មួយវិញទៀត​ លិខិត​នេះក៏បាន​បញ្ជាក់​ផង​ដែរ​ថា សេចក្តី​ព្រាងច្បាប់​របស់​កម្ពុជា​បច្ចុប្បន្ន​នៅ​មាន​ភាព​ខ្វះខាត ពិសេស​ការកំណត់​ឱ្យ​បាន​ច្បាស់​អំពី​និយមន័យ​ព័ត៌មាន​សម្ងាត់ ការ​ចែង​អំពី​ការ​ផ្តល់​ការ​ការពារ​ពិតប្រាកដដល់​អ្នក​បញ្ចេញ​ព័ត៌មាន ឬការបែងចែក​អំពី​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ដែល​រំលោភបំពាន​ច្បាប់​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ