ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​២​នៅ​ខេត្ត​ព្រៃវែង​ព្រួយ​បារម្ភ​ពី​បញ្ហា​អ​សន្តិ​សុខ​

ទីតាំងសាលាឃុំរក្សជ័យ ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​នៅក្នុងឃុំចំនួន២នៅខេត្តព្រៃវែង បង្ហាញក្ដី​បារម្ភពីបញ្ហាអសន្តិសុខដែល​ពួកគេ​អះ​អាង​ថា បណ្ដាល​មក​ពី​សកម្មភាព​ក្មេង​ទំនើង​ ចាប់​តាំង​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ។

កម្មករសំណង់​ លោក សុង សំណាង អាយុ៤៥ឆ្នាំ រស់​នៅ​ក្នុងឃុំរក្សជ័យ ស្ថិត​ក្នុ​ងស្រុក​បាភ្នំ ប្រាប់វីអូឌីថា ចាប់តាំងពីចុងខែសីហាមក​ លោកសង្កេតឃើញ​មានករណីអសន្តិសុខច្រើនកើតឡើង ដែលក្នុងនោះមាន​ករណីវាយកាប់ចាក់ ករណីសម្លាប់ ករណីគ្រឿនញៀន និងករណីរំលោភសម្លាប់។

ពលរដ្ឋ​រូប​នេះបានឱ្យដឹងថា​ មានករណីសម្លាប់ប្រមាណ៤ករណីហើយដែលបានកើតឡើង ដែលករណីទាំងនោះមានទាំងការសម្លាប់ក្នុងឃុំ​និងអ្នកក្រៅយកមកចោល។ ក្នុងនោះមានករណីមួយដែលត្រូវបានគេសម្លាប់ដោយសារជម្លោះរបស់ក្មេងទំនើង។

លោក សុង សំណាង ប្រាប់ថា៖ «ក្មេងជក់ថ្នាំហ្នឹង វ៉ៃគ្នាស្លាប់នៅឃុំធាយ! វ៉ៃពីរក្សជ័យទៅ ទៅស្លាប់នៅឃុំធាយ»

បុរស​ម្នាក់​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេសនៃ​ក្រុមគ្រិស្ដ​សាសនា​នៅឃុំរក្សជ័យ អាយុ២៩ឆ្នាំ បានប្រាប់វីអូឌីដោយសុំមិនបញ្ចេញឈ្មោះថា ការការពារពីសំណាក់អាជ្ញាធរហាក់មិនទាន់មានប្រសិទ្ធភាពគ្រប់ពេលទេ ដោយពេលខ្លះមានការចុះពិនិត្យ តែពេលខ្លះក៏មិនឃើញមានការចុះត្រួតពិនិត្យដែរ។

គ្រូ​បង្រៀន​ប្រាប់ថា៖ «តាមឃុំមានដែរ! មានការរឹតបន្តឹង តែពេលខ្លះវា​ដូចជាយូរៗទៅ វា​មុនដំបូងធូរអ៊ីចឹងទៅ យូរៗទៅវាតឹងអ៊ីចឹងទៅ។ និយាយថាដូចទឹកឡើងទឹកស្រកអ៊ីចឹងហ្អាស […] ពេលណាមានទៅ បានរឹតបន្តឹងទៅ»

លោកនិយាយថា ជន​ដៃ​ដល់​ដែល​បាន​សម្លាប់​មនុស្ស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអស់ហើយ តែជាក់ស្ដែងអ្នកដែលបង្កហេតុផ្សេងទៀត នៅមិនទាន់ចាប់បាននៅឡើយទេ។ លោកបន្តថា ហេតុការណ៍ទាំងនេះបានធូរស្បើយមួយកម្រិត បន្ទាប់ពីខាងអាជ្ញាធរខេត្តសហការជាមួយខាងអាជ្ញាធរតំបន់ចុះត្រួតពិនិត្យ។

ចំណែកអនុប្រធាន​ភូមិជ្រួលថ្មី លោក ខៀវ សាខឿន ស្ថិត​ក្នុងឃុំរក្សជ័យ បានប្រាប់វីអូឌីថា លោកបានដាក់ប្រជាការពារក្នុងការការពារភូមិរបស់លោកជារៀងរាល់ថ្ងៃ ដើម្បីចៀសផុតពីសកម្មភាពអសន្តិសុខផ្សេងៗដែលនឹងកើតមាន។

លោក ខៀវ សាខឿន និយាយថា៖ «រាល់ថ្ងៃ ប្រជុំអាណត្តិហ្នឹង គឺយើងលើកឡើងឱ្យជួយអប់រំកូនចៅទាំងអស់គ្នា​ គ្មានអាណាដឹងជាងកូនយើងទេ»

អ្នកលក់បន្លែនៅឃុំធាយ អ្នកស្រី តេង សោភ័ណ្ឌ អាយុ៤៧ឆ្នាំ ប្រាប់វីអូឌីថា ក្នុងឃុំអ្នកស្រីក៏មានករណីអសន្តិសុខកើតឡើងច្រើនដែរ តែបញ្ហាដែលកំពុងប្រឈមខ្លាំងនោះគឺបញ្ហាគ្រឿងញៀន។

អ្នកស្រី សោភ័ណ្ឌ និយាយថា៖ «អ៊ូយ! ករណីហ្នឹងច្រើនណាស់អូនអើយ! បងកំពុងបារម្ភខ្លាំងមែនទែនលើការញៀនថ្នាំ ញៀនអ៊ីចឹង​អ្ហា៎!»

មេឃុំរក្សជ័យ លោក ហុង សុផល បានឱ្យដឹងថា ខាងមន្រ្តីអាជ្ញាធរកំពុងប្រជុំនិង​តាមដានករណីអសន្តិសុខផ្សេងៗដែរ ជាពិសេសករណីគ្រឿងញៀន។

លោក ហុង សុផល ប្រាប់ថា៖ «ប៉ូលិសកំពុងតែធ្វើការមិនដែលខាន រាល់ថ្ងៃ! មិនមែនទើបដឹងទេ វាមានការប្រើប្រាស់ហ្នឹង។ អ្នកណាដែលប្រើប្រាស់ យើងចេះតែ! តាមផ្លូវច្បាប់ យើងចាប់តែរហូតដែរហ្នឹង»

លោកបន្ថែមថា កាលពីអំឡុងពិធីភ្ជុំបិណ្ឌ លោកបានដាក់ពង្រាយប្រជាការពារនិង​ប៉ូលិសដើម្បីការពារប្រជាពលរដ្ឋនៅតាមវត្តអារាម ហើយជាលទ្ធផលគឺមិនមានបញ្ហាអ្វីកើតឡើងទេ។

លោកបញ្ជាក់ថា បើករណីអសន្តិសុខកើនឡើងបន្តទៀត លោកនឹងនៅតែបន្តដាក់ប្រជាការពារភូមិ ផ្សព្វផ្សាយសុវត្ថិភាពភូមិឃុំ ព្រមទាំងបុស្ដិ៍នគរបាល​ក្នុងការរកមុខជនសង្ស័យដើម្បីយកមកសាកសួរនិងបន្តតាមនីតិវិធីច្បាប់។

អ្នកស្រី សោភ័ណ្ឌ ស្នើសុំដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើគ្រប់ករណីអសន្តិសុខ ដើម្បីទប់ស្កាត់ភាពចលាចលក្នុងឃុំ ព្រមទាំងការពារ​ក្មេងៗ​ពីទង្វើអសន្តិសុខទាំងឡាយ។

អធិការដ្ឋាននគរបាលស្រុកបាភ្នំ លោក មុំ សារុំ បានប្រាប់វីអូឌីថា តាំងពីចុងខែសីហាមក លោកទទួលបានព័ត៌មាន អ្នកស្លាប់ចំនួន៣នាក់ ដែលមានស្លាប់ដោយសារ​រំលោភសម្លាប់ម្នាក់ ក្មេងទំនើងវាយគ្នាលើម៉ូតូស្លាប់ម្នាក់ និងសពគ្មានអត្តសញ្ញាណម្នាក់ដែលអណ្ដែតតាមទឹកទន្លេមក។

ចំពោះករណីគ្រឿងញៀន លោកថា មានករណីគ្រឿងញៀនច្រើនតែអំឡុងពេលភ្ជុំបិណ្ឌទេ ហើយខាងអាជ្ញាធរក៏បានចុះបង្ក្រាបភ្លាមៗដែរ។

លោក មុំ សារុំ ប្រាប់ថា៖ «ហើយដល់ពេលហ្នឹង ខ្ញុំក៏ធ្វើការបង្ក្រាប២លើក! ២លើកហ្នឹង គឺខ្ញុំចាប់បានអ្នកចែកចាយហ្នឹងចំនួន៣នាក់ ប៉ុន្តែម្នាក់នៅខាងមេសាង ហើយម្នាក់នៅខាងស្វាយអន្ទរ-ទឹកថ្លា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ