រដ្ឋា​ភិបាល​​លើក​ពេល​​រៀប​ចំ​​បុណ្យ​​សមុទ្រ​​ទៅ​​ធ្វើ​​នៅ​​ឆ្នាំ​ក្រោយ​​វិញ​​ដើម្បី​​បង្ការ​​កូ​វីដ​១៩​

ក្រុមការងារខេត្តរៀបចំសម្រាប់​ពិធីបុណ្យ​សមុទ្រ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ (រូប​ពី​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​)

​រដ្ឋាភិបាលសម្រេច​ផ្អាក​រៀបចំ​ពិធីបុណ្យ​សមុទ្រដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​នេះក្នុង​ខេត្ត​ព្រះសីហនុ ទៅ​ធ្វើ​នៅ​ចុងឆ្នាំ​ក្រោយ​វិញដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

ក្រសួងទេសចរណ៍បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី២៥ ខែកញ្ញា​នេះ​ថា កន្លងមក រាជរដ្ឋាភិបាលបាន​អនុញ្ញាត​ជាគោល​ការណ៍​ឱ្យ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៩ ជុំ​ទី៣ នៅ​តំបន់ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ នៅ​អំឡុង​ខែធ្នូ ឆ្នាំ២០២០។

ប៉ុន្តែក្រសួង​ថា ដោយ​សភាពការណ៍​វិវត្ត​ន៍នៃ​ជំងឺ​កូ​វីដ១៩នៅ​ប្រទេស​ខ្លះ​ក្នុង​តំបន់និង​ពិភពលោក នៅ​ពុំ​ទាន់​បង្ហាញ​ភាព​ធូរស្រាល​នៅឡើយ និង​ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ធ្លាប់​បាន​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​កម្ពុជា​កន្លងមក ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​ថា​អាចម​កចូលរួម​បាន​ផង​នោះ ទើប​រដ្ឋាភិបាលសម្រេច​លើកពេល​រៀបចំ​បុណ្យ​សមុទ្រ​នេះ​ទៅ​ឆ្នាំក្រោយ​វិញ។

បើ​តាម​ក្រសួងទេសចរណ៍ ជា​រៀងរាល់​ឆ្នាំ បុណ្យ​សមុទ្រ​តែងតែ​ធ្វើឡើង​ផ្លាស់​ប្តូរ​វេន​គ្នា​នៅ​តាម​បណ្តា​ខេត្ត​ទាំងបួន​ជាប់​ឆ្នេរសមុទ្រ ហើយ​រៀបចំឡើង​ជា​លក្ខណៈ​អន្តរជាតិ និង​មានការ​ចូលរួម​ពី​អង្គការ​សមុទ្រ​អន្តរជាតិ ក៏ដូចជា​ប្រទេស​មួយចំនួន​ពី​តំបន់​អាស៊ាននិង​អាស៊ី ផ្លាស់​ប្តូរ​វេន​នៅ​តាម​បណ្តា​ខេត្ត​ទាំងបួន​ដែល​ជាប់​ឆ្នេរសមុទ្រនៅ​តាម​បណ្តា​ខេត្ត​ទាំងបួន​ជាប់​ឆ្នេរសមុទ្រ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាលបាន​រៀប​ចំ​ពិ​ធី​បុណ្យ​សមុទ្រ​លើកដំបូងនៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដោយមាន​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ចូលរួម​ប្រមាណ៦ម៉ឺន​នាក់ និង​បាន​រៀបចំ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ពេលនោះ​មក។ 

ការសម្រេច​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់​ឆ្នាំរបស់​រដ្ឋាភិបាល ធ្វើឡើង​បន្ទាប់ពី​កម្ពុជាបាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់ពី​ឆ្នេរខ្សាច់​ស្អាត​លំដាប់​ពិភពលោកកាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នៅ​ប្រទេស​សេណេហ្គាល់ ក្នុង​មហាសន្និបាត​លើក​ទី៧ របស់​ក្លឹប​ឆ្នេរខ្សាច់ ដែល​មាន​សមាជិក២៦ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ