វិភាគ​៖ ការ​​ផ្លាស់​​ប្តូរ​​មេ​ដឹក​នាំ​​នៅ​​ជប៉ុន​​បរិយា​កាស​​ដូច​​ក្នុង​​ពិធី​ជប់​លៀង​

(ស្ដាំ​) លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន Yoshihide Suga ទទួល​ផ្កា​ពី​លោ​កស៊ីន​ហ្សូ អាបេ បន្ទាប់ពី​បាន​ឈ្នះ​ការបោះឆ្នោត​ជានា​យក​រដ្ឋមន្ត្រី​ថ្មី នា​ថ្ងៃទី ១៤ ខែកញ្ញា នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ (Masanori Genko​/AP​)

​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​នៅ​ជប៉ុន​ធ្វើឡើង​ក្នុង​បរិយាកាស​រីករាយ​ដូច​ក្នុង​ពិធីជប់លៀង ហើយ​បង្កប់ន័យ​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ ដោយ​មិន​បង្ក​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​ឬមាន​សង្គ្រាម​កើតឡើង​នោះ​ទេ។

លោក Abe Shinzo វ័យ៦៥ឆ្នាំ កាន់​តួនាទី​ជានា​យក​រដ្ឋមន្ត្រី​ជប៉ុន​ជិត៨ឆ្នាំ ​គឺ​ក្លាយជា​មេដឹកនាំ​ដែល​កាន់​តួនាទី​នេះ​បាន​វែង​ជាងគេ ប្រៀបធៀប​ជាមួយ​មេ​ដឹក​នាំ​មុន​ៗ។ លោក​បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​ជានា​យក​រដ្ឋមន្ត្រី​កាលពី​ខែសីហា ក្រោម​ហេតុផល​ជំងឺ​រលាក​សួត

ទោះជា​មេដឹកនាំ​រូប​នេះ​យក​មូលហេតុ​នៃ​ជំងឺ​ទើប​លាលែង​ចេញពី​តំណែង​នេះក៏ដោយ​ ប៉ុន្តែ​សុខភាព​របស់​លោកមិនមែន​ចុះ​ខ្សោយ​ខ្លាំង​ដល់​ដើរ​មិន​រួច​នោះ​ទេ ​គឺ​លោក​នៅតែអាចចូល​រួម​កម្មវិធី​របស់​ជាតិ​បាន​ធម្មតា រួម​ទាំង​សន្និសីទ​បញ្ជាក់​ពី​ជំងឺ​គឺ​លោក​ធ្វើ​ដោយខ្លួនឯង រួម​ទាំង​ចូលរួម​ពិធី​ផ្ទេរតំណែង និងការ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ស្តូប Yasukuni ជាដើម។ ជា​រួម ការ​ឈឺ​នេះ មិនមែន​ដល់​ថ្នាក់​ដេកដួល​នោះ​ទេ ប៉ុន្តែ​លោក​ថា មិន​ចង់ឱ្យ​ស្ថានភាព​នៃ​សុខភាព​របស់​លោក​ប៉ះពាល់​ដល់​កិច្ចការ​របស់​ជាតិ។

នៅ​ថ្ងៃទី២៨ ខែសីហា លោក Abe ប្រកាស​លាលែង​ចេញពី​តំណែង ទិដ្ឋភាព​ជា​រួម​នៅក្នុង​ប្រទេស​ជប៉ុន​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ហើយ​ថ្នាក់ដឹកនាំ​ជប៉ុន​ចាប់ផ្តើម​បន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​បន្ត​ដូចធម្មតា។ រហូតដល់​ថ្ងៃទី១៦ ខែកញ្ញា សមាជិករដ្ឋសភា​បាន​បោះ​ឆ្នោត​ជ្រើ​សរើស​លោក Yoshihide Suga វ័យ៧១ឆ្នាំ អតីត​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ឱ្យ​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ជំនួស​លោក Abe។

បើ​ពិនិត្យ​លើ​បរិយាកាស​នៃ​ការផ្ទេរ​តំណែង​ គឺ​លោក Abe បាន​ផ្តល់​ផ្កា​មួយ​បាច់​ជូន​លោក Suga និង​ជូនពរ​ឱ្យ​បំពេញការងារ​បាន​លទ្ធផល​ល្អ។ អតីត​នាយក​រដ្ឋមន្ត្រី​បាន​ជូន​ផ្កា ហើយ​នាយក​រដ្ឋមន្ត្រី​ចូលកាន់​តំណែង​ថ្មី​ បាន​ទទួលយក​ផ្កា​ក្នុង​បរិយាកាស​រីករាយ។

ការ​មិន​ក្រាញ​អំណាចនិង​បក្ខ​ពួក

​ក្នុង​ស្ថានភាពនិង​វ័យ​របស់​លោក Abe គឺ​លោកអាច​នៅ​បន្ត​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ទៀត​បាន។ ករណី​ដែល​លោក​មាន​ជំងឺ​ លោក​ក៏អាច​សម្រាក​ព្យាបាល​ជំងឺ​ ដោយ​ទុក​ការងារ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​បាន​មួយ​រយៈ ដែល​វិធីសាស្ត្រ​នេះ មេ​ដឹក​នាំ​ផ្សេង​ៗទៀត​លើ​ពិភពលោក​ក៏​បាន​ជ្រើស​រើស​យក​ទៅ​ប្រើ​ដែរ។

ប៉ុន្តែ​លោក​មិនបាន​ជ្រើសរើស​យក​ផ្លូវ​នេះ​ទេ ដោយ​ប្រកាស​ថា លោក​សុំលាលែង​ចេញពី​តំណែង ដើម្បី​កុំឱ្យ​សុខភាព​របស់​លោក​ម្នាក់ឯង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចការ​ងារ​របស់​ប្រទេសជាតិ​ទាំងមូល។

ចំពោះ​ការ​មិន​បង្កើត​បក្ខ​ពួក​ គឺ​លោក Abe មិនបាន​បង្កើត​ខ្សែ​បណ្តាញ​ឬបក្ខ​ពួក​កូន​ប្រពន្ធរបស់​ខ្លួន​ឱ្យ​បម្រើការ​ងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ។ ចំណែក​ការ​ជ្រើសរើស​មេដឹកនាំ​ក្រោយ​ គឺ​លោក Abe មិន​ពាក់ព័ន្ធ​ទេ ដោយ​វា​ជា​ការសម្រេច​ផ្ទាល់​តាម​នីតិវិធី​ឆ្នោត​នៅក្នុង​រដ្ឋសភា។

ការទទួលខុសត្រូវ​

ក្រៅពី​ការ​លាឈប់​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​កិច្ចការ​ជាតិ លោក Abe ក៏បាន​បញ្ជាក់​ជំហរ​នៅពេល​ដែល​កំពុង​មាន​ជំងឺ​ថា កុំឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ គឺ​លោក​នៅតែ​អាច​បំពេញការងារ​បាន​ធម្មតា ​ដោយ​មិន​ឱ្យ​មានការ​កកស្ទះ​ឬមាន​បញ្ហា​អ្វី​នោះ​ទេ។

បើ​ទោះបីជា​លោក Abe ទទួល​បានការ​បោះឆ្នោត​គាំទ្រ​ច្រើន​ពី​ប្រជា​ពល​រ​ដ្ឋ ហើយ​លោកកាន់អំណាច​បាន​យូរ​ជាងគេ​ក៏ដោយ ក៏​មេដឹកនាំ​រូប​នេះ​ធ្លាប់​រង​ការ​ចោទ​ថា បាន​បំពាន​គោលការណ៍​ច្បាប់​នៅពេល​ប្រកួតប្រជែង​ការបោះឆ្នោត។

ចំពោះ​ការចោទប្រកាន់​លើ​រូបលោក​នៅពេល​នោះ លោក​មិនបាន​ច្រានចោល​ការចោទប្រកាន់ ហើយក៏​មិន​ទទួល​ថានោះ​ជា​កំហុស​របស់​លោក ឬវាយប្រហារ​បក​ទៅលើ​ក្រុម​អ្នកចោទ​ប្រកាន់​នោះ​ទេ​ គឺ​លោក​គោរព​តាម​ការស៊ើបអង្កេត​របស់​ស្ថាប័ន​អយ្យការ​តាម​នីតិវិធី​របស់​ច្បាប់​ប្រទេស។

ក្រៅពី​ការចោទប្រកាន់​ទាក់ទង​ការបំពាន​លើ​ដំណើរការ​បោះឆ្នោតដែល​ជា​ការចោទប្រកាន់​មិន​មាន​អ្វី​លេច​ធ្លោ​នោះ លោក Abe កាន់​តំណែង​ជិត៨ឆ្នាំ មិន​មាន​កំហុស​អ្វី​ដែល​ត្រូវ​ចោទប្រកាន់​ផ្សេងទៀត​នោះ​ទេ ផ្ទុយទៅវិញ​មានតែ​ការដឹកនាំ​ប្រទេស​ឱ្យ​មានការ​រីកចម្រើននិង​មាន​កិត្តិយស​លើឆាកអន្តរជាតិ។

ការ​មិន​មាន​កំហុស​នេះ ធ្វើ​ឱ្យ​លោក​ចាកចេញ​ពី​តំណែង​ដោយ​មិន​មានការ​ភ័យខ្លាច ហើយ​ពោរពេញ​ទៅ​ដោយ​កិត្តិយសនិង​បរិយាកាស​រីករាយ។ ចំណុច​ដែល​មេ​ដឹក​នាំ​ផ្សេង​ៗទៀត​អាច​រៀនសូត្រ​តាម​បាន ​គឺ​មិន​កាន់​តំណែង​រហូតដល់​អស់ជីវិត​នាំ​ឱ្យ​លំបាក​វេទនា​ខ្លួនឯង​ផងនិង​សង្គមជាតិ​ទាំងមូល​ផង។

ប្រព័ន្ធ​ច្បាប់និង​ធនធានមនុស្ស​គ្រប់គ្រាន់​

លោក Abe មិន​បារម្ភ​ថា អស់ពី​លោក​ទៅ​ប្រទេសជាតិ​ជួប​វិបត្តិ​ដោយសារតែមន្ត្រី​ផ្សេង​ៗទៀត មិន​មាន​សមត្ថភាពឬពលរដ្ឋ​មិន​មានចំណេះ​ដឹង​ អាចម​កកាន់​តួនាទី​ជានា​យក​រដ្ឋមន្ត្រី​ជំនួស​លោក​បាន​នោះ​ទេ។

ចំពោះ​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​ ជប៉ុន​គឺជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​និង​មាន​ការី​កចម្រើន។ ចំណាត់ថ្នាក់​នៅ​ឆ្នាំ២០២០ លើ​គុណភាព​អប់រំ​លើ​ពិភពលោក ​គឺ​ជប៉ុនជាប់​លេខ៩ កើនឡើង​ជាង​ឆ្នាំមុន២លេខ។

មួយទៀត ​ចំពោះ​ប្រព័ន្ធ​ច្បាប់​រឹងមាំ​ល្អ​ដែល​តម្រូវ​ឱ្យ​មនុស្ស​គោរព​ទាំងអស់គ្នា​ មិនថាថ្នាក់ដឹកនាំឬពលរដ្ឋ​សាមញ្ញ​នោះទេ ជា​កត្តា​មួយ​សំខាន់​ធ្វើ​ឱ្យ​មេដឹកនាំ​មិន​ហ៊ាន​ប្រព្រឹត្តខុស​ក្នុង​ពេល​កាន់​តំណែង។ ចំណាត់ថ្នាក់​ប្រទេស​ដែល​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ​ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០២០ គឺ​ជប៉ុន​ជាប់លេខ១៥។ កា​រសិក្សាដដែល​បញ្ជាក់​ថា ប្រទេស៣ដែល​ល្អ​ជាងគេ​លើ​ពិភពលោក​ រួមមាន ដាណឺម៉ាក ណ័​រវេ និង ហ្វាំងឡង់ ចំណែក​ប្រទេស៣ដែល​មាន​ចំណាក់​ថ្នាក់ក្រោម​គេ​គឺ ហ្គុងហ្គោ កម្ពុជា និង វេ​ណេហ្សូ​អេ​ឡា។

ជា​រួមមក ​បរិយាកាស​ទាំង​ការយល់​ដឹង​របស់​ថ្នាក់ដឹកនាំ ប្រព័ន្ធ​ច្បាប់ ការអប់រំ និងការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​ក្នុង​សង្គម​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ជប៉ុន​ក្លាយជា​ប្រទេស​គំរូ​មួយ​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​ពិភពលោក ដែល​មេដឹកនាំ​មានការ​ទទួលខុសត្រូវនិង​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​មាន​លក្ខណៈ​ធម្មតា បរិយាកាស​រីករាយ​ដូច​ក្នុង​ពិធីជប់លៀង​មួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ