ពលរដ្ឋ​​រស់​នៅ​​ក្រុ​ង​រ​ណប​ហ្គ្រេ​ន​ភ្នំ​ពេញ​​ដែល​​តវ៉ា​​រឿង​​ម្ចាស់​​ទីតាំង​​លុប​​ស្រះ​ទឹក​ អះអាង​​ថា​​រង​​ការ​​គំរាម​

(រូបខាងឆ្វេង) ក្រុមសមត្ថកិច្ចឈរនៅពីមុនគេហដ្ឋានពលរដ្ឋក្នុងបុរីហ្គ្រេនភ្នំពេញ និង (រូបខាងស្ដាំ) បដាដែលពលរដ្ឋចងនៅតាមមុខផ្ទះ។ (ផ្ដល់ឱ្យ)

​ប្រជាពលរដ្ឋ​មួយចំនួនដែល​ជា​អ្នកមាន​ជីវភាព​ធូរធារ រស់នៅ​ក្នុង​ទី​ក្រុ​ងរ​ណបហ្គ្រេ​នភ្នំ​ពេញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពួក​គេ​បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​អាវុធ បន្ទាប់ពី​បាន​ធ្វើសកម្មភាព​តវ៉ាកុំឱ្យ​មានការ​លុប​ស្រះទឹក​ក្នុង​តំបន់​នោះ។

ការ​គំរាមកំហែង​នេះ កើតមានឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ១៤០នាក់ បាន​ផ្ទុះ​ការ​តវ៉ានិង​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​អន្តរាគមន៍​រក្សាទុកនិង​ទប់ស្កាត់​ការ​លុប​ស្រះទឹកដែល​មាន​ទំហំ១០ហិច​តា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

លោក អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា បាន​ថ្លែងប្រាប់​វី​អូ​ឌី នៅ​ថ្ងៃទី២៨ ខែកញ្ញា​នេះ​ថា រូបលោកនិង​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​​ក្នុង​ទី​ក្រុ​ងរ​ណបហ្គ្រេ​នភ្នំ​ពេញ​ បាន​ធ្វើការ​តវ៉ានិង​លើក​បដាទាមទារ​ឱ្យ​រក្សាទុកនិង​ទប់ស្កាត់​ការ​លុប​ស្រះ​នេះ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ 

លោក​បន្ត​ថា ស្រប​ពេល​តវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដាក់​ចង​បដា​នៅមុខ​ផ្ទះ ដើម្បី​ទាមទារ​កុំឱ្យ​លុប​ស្រះ​នោះ ប៉ុន្តែ​ថ្ងៃទី២៤ ខែកញ្ញា ក៏​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុមដែល​មាន​កាំភ្លើង​ជាប់នឹង​ខ្លួន បាន​ដើរ​ដក​យក​បដា​នោះ​ចេញ ដែល​ករណីនេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាចនិង​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការរស់នៅ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​មិនដឹង​ថា ពួក​គេ​ [អ្នក​ដែល​មាន​កាំភ្លើង​ជាប់​ខ្លួន​] មក​ពីណា​ទេ ដែល​មក​ថត​ផ្ទះ​យើង​ ដែល​មាន​អាវុធ​ដាក់​ក្នុង​ស្រោម នេះ​គឺជា​ការ​គំរាមកំហែង និង​សម្លុត ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្លាច ដែល​យើងកំពុងតែ​រស់នៅ​ក្នុង​សុខ​សន្តិភាព គាត់​បង្ក​បែ​បនេះ! តំបន់​នេះ​កណ្តាល​ក្រុងភ្នំពេញ ហើយ​ក្រុមហ៊ុន​គាត់​ហ៊ាន​ធ្វើបែប​នេះ ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​គប្បីមក​លើ​ប្រជាជន​ធម្មតា​នោះ»។

លោក​បាន​ចាត់ទុក​សកម្មភាព​នេះ ថា​ជា​ការ​គំរាមកំហែងនិង​ជា​ទង្វើ​ខុសច្បាប់ ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋពុំ​អាច​ទទួលយក​បានទេ។ 

លោក​បាន​បន្ថែម​ថា៖ «ពេល​យើង​ជួប​គាត់​កាលពី​ថ្ងៃទី១០ គាត់​ថា គាត់ ​[ម្ចាស់​ទី​ក្រុ​ងរ​ណបហ្គ្រេនភ្នំ​ពេញ​] លុប ​[បឹង​] ហើយ​បើ​យើង​មិន​ធ្វើតាម​គាត់ គាត់​នឹង​ផ្តាច់​ភ្លើង ទីមួយ។ គំរាម​ទី២ គាត់​ថា ​យើង​នៅក្នុង​បុរី​ ត្រូវតែ​ស្តាប់​គាត់»។

បើ​តាមលោក អ៊ិ​ន ចាន់​នី ប្រជាពលរដ្ឋ​បានសម្រេច​ចិត្ត​ទិញ​លំនៅ​ដ្ឋាន​ក្នុង​ទី​ក្រុ​ងរ​ណបហ្គ្រេ​នភ្នំ​ពេញ ដោយសារតែ​នៅ​ទីនោះ​មាន​ស្រះ​ធម្មជាតិនិង​កន្លែង​វាយកូនហ្គោល ដែល​មាន​សារៈសំខាន់​សម្រាប់​មនុស្សនិង​សត្វ ដោយសារ​ស្រះ​នោះជាទី​កន្លែង​ដែល​ប្រជាពលរដ្ឋ​អាច​ទៅលំ​ហែកាយ ទទួលទាន​អាហារ និង​ជា​ប្រភព​ទឹកដែល​អាច​ជួួ​យក្នុង​ករណី​ដែល​មាន​អគ្គិភ័យ​កើតឡើង​បាន​ផង​ដែរ។

កាលពី​ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន វ៉ា​យ អិល ភី គ្រុប បាន​លក់​និង​ផ្ទេរ​ដី​បុរី​ក្នុង​ទី​ក្រុ​ងរណប​ហ្គ្រេនភ្នំ​ពេញ ទៅ​ឱ្យ​ក្រុមហ៊ុន​ ជីប ម៉ុង លែន ដោយក្រុម​ហ៊ុន​ទាំងពីរ​មិនបាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឡើយ។ 

លោក អ៊ិ​ន ចាន់​នី បាន​បញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ជំនួប​រវាង​តំណាង​សហគមន៍និង​ក្រុមហ៊ុន​ ជីប ម៉ុង លែន នា​ពេល​ថ្មី​នេះ​ៗ ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់​ពួក​គេ​ថា បឹង​នោះ​គឺ​ជា​ដី​របស់​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​មាន​សិទ្ធ​ិក្នុង​ការគ្រប់គ្រង ខណៈ​ប្រជាពលរដ្ឋ​ចាត់ទុក​បឹង​នោះ​ថា​ជាសម្បត្តិ​រួម​របស់​សហគមន៍។

បើ​តាម​បដា​មួយ​ក្នុងចំណោម​បដា​ជាច្រើន​ដែល​ចង​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ បាន​សសេ​រថា៖ «សូម​ការពារ​ស្រះទឹកនិង​ទីលាន​វា​យកូនហ្គោលក្នុង​ទី​ក្រុង​ហ្គ្រេ​នភ្នំ​ពេញ តាម​ប្លង់​មេដែល​បាន​ផ្សព្វផ្សាយ​ដោយក្រុម​ហ៊ុន វ៉ា​យ អិល ភី គ្រុប»។

VOD មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ខាង​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈរដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មេ៉​ត មាស​ភក្តី បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ប្រាប់​ថា​ជាប់រវល់។

តែ​យ៉ាងណា ក្រុមហ៊ុន ជីប ម៉ុង​ លែន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពាក់ព័ន្ធ​នឹង​ករណីនេះ តំណាង​ម្ចាស់​កម្មសិទ្ធិ​មុន​បាន​បញ្ជាក់​ថា ដី​ស្រះដែល​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​មិន​ឱ្យ​លុប​នេះ ជាទី​តាំង​ដែល​ត្រូវ​បាន​ជីក​យក​អាចម៍ដីនិង​ប្រើប្រាស់​ជា​អាងស្តុកទឹក​បណ្តោះអាសន្ន សម្រាប់​ស្រោចស្រព​ទីលាន​វា​យកូនហ្គោ​លតែ​ប៉ុណ្ណោះ ។

ក្រុមហ៊ុន ​ជីប ម៉ុង លែន បាន​បញ្ជាក់​ទៀត​ថា៖ «ក្រុមហ៊ុន​បាន​ប្តេជ្ញា​កែប្រែ​អាងស្តុកទឹក​បណ្តោះអាសន្ន​នេះ ឱ្យ​ក្លាយទៅជា​សួនឧទ្យាន​បៃតង​ចម្រុះ​ ដោយមាន​ដើមឈើ​ជាច្រើន កន្លែង​ហាត់ប្រាណ កន្លែង​លេង​សម្រាប់​កុមារ និង​ទីតាំង​សម្រាប់​លំហែអារម្មណ៍ ដោយមាន​កន្លែង​បាញ់​ទឹក [ហៅថា​គម្រោង “Central Park​”] ជាជាង​ការ​រក្សាទុក​អាងស្តុកទឹក​នេះ»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា លោក​នៅ​ពុំ​ទាន់​ច្បាស់​ថា ខាង​ក្រសួង​បាន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ហើយ​ឬនៅ​ទេ ដោយ​រង់​ចាំ​សួរ​មន្ត្រី​រដ្ឋបាល​សិន។ តែ​យ៉ាងណា លោក​ថា ប្រសិនបើ​ក្រសួង​បាន​ទទួល​ញត្តិ​នោះ​ហើយ នោះ​ក្រសួង​នឹង​ពិនិត្យ​លើ​សំ​ណើនេះ​ទៅតាម​នីតិ​វិ​ធី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ