សមត្ថ​កិច្ច​​ខេត្ត​ កំពុង​​បើក​​ការ​ស៊ើប​អង្កេត​​ករណី​​ផ្ទុះ​អាវុធ​​កណ្តាល​​ក្រុង​​ព្រះ​សីហនុ​

លោក គួច ចំរើន អភិបាល នៃអភិបាលខេត្តព្រះសីហនុ រួមនឹងមន្ត្រីថ្នាក់ខេត្ត ចុះសួរសុខទុក្ខសមត្ថកិច្ចដែលរងរបួសក្នុងការបង្ក្រាបករណីផ្ទុះអាវុធនៅខេត្តខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២៦ឈានចូល២៧ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ ដែល​បាន​បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់និង​សមត្ថកិច្ច២នាក់​រង​របួស។ 

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ បាន​ប្រាប់​វី​អូ​ឌី​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ករណី​ផ្ទុះអាវុធ​នេះបាន​កើតឡើង​នៅ​ម៉ោងជាង១២យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៦ ខែកញ្ញា បង្កឡើង​ដោយ​ជនជាតិ​ខ្មែរ​ចំនួន៣នាក់ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។

លោក​បន្ត​ថា ករណីនេះ អាច​ជា​ករណី​ទំនាស់​គ្នា​រវាង​ជន​បង្កក្រោយពី​ពួក​គេ​ចេញពី​ផឹកស៊ី ហើយ​សមត្ថកិច្ច​ខេត្ត​កំពុងធ្វើការ​ស៊ើបអង្កេត។

លោក ភា​រម្យ ថ្លែង​ថា៖ «ក្នុងនាម​ជា​គណៈ​បញ្ជា​ខេត្ត គឺ​យើង​បាន​ដាក់​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​ទៅលើ​ការ​ពង្រឹង​សន្តិសុខសុវត្ថិភាព​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ផង ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ គឺ​យើង​យកចិត្ត​ទុកដាក់​ខ្ពស់​ណាស់ ហើយ​គ្រប់​បទល្មើស ស្ទើរតែ​គ្រប់​បទល្មើស​ទាំងអស់​ គឺយើង​អាច​បង្រ្កាប​បាន។»

វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន្ទ និងស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ​កុល ផា​លី បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ។ 

បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត សកម្មភាព​បាញ់បោះ​នោះ បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ បណ្តាល​ឱ្យ​បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​បាន​ស្លាប់និង​សមត្ថកិច្ច​ពីរ​នាក់​រង​របួស។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ចៀប សុធា​រី មានប្រសាសន៍​ថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ តែងតែ​កើតមាន​នូវ​រឿង​អសន្តិសុខនិង​ការ​បាញ់បោះ​ជាច្រើន​ករណី ដែល​បង្ក​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។ 

លោកស្រី សុធា​រី ថ្លែង​ថា៖ «ថ្ងៃណា​ក៏​បទល្មើស​កើតឡើង​សឹងតែ​រាល់ថ្ងៃ បញ្ហា​គ្រឿងញៀន ការ​បង្ក​របួស​ស្នាម គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថ្មីនេះ​មានការ​ប្រើប្រាស់​អាវុធ ហើយ​មានការ​បាញ់សម្លាប់ រឿង​ការ​ប្រើ​ប្រាស់​អាវុធ​បាញ់សម្លាប់​មួយ​រយៈ​មុន​កូ​វីដ១៩ មានការ​ប្រើប្រាស់​អាវុធ ការ​ចាប់​ជំរិត មាន​ច្រើន ​[…] អីចឹង​វា​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មានការ​ខ្វល់ខ្វាយ ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​របស់​ពួក​គាត់»។

អ្នកស្រី សុធា​រី ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ បង្កើនការ​យកចិត្ត​ទុកដាក់និង​ទប់ស្កាត់​បញ្ហា​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិសុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ