សមត្ថ​កិច្ច​​មិន​ទាន់​​រក​​ឃើញ​​ជន​​ដែល​​បាញ់​សម្លាប់​​ជាង​កាត់​សក់​​នៅ​ឡើយ​

ជាងកាត់សក់​ម្នាក់ឈ្មោះ សុខ សុ​កេន អាយុ​ជាង៣០ឆ្នាំ ដែលជាជនរងគ្រោះក្រោយរងការបាញ់ប្រហារពីជនល្មើស។ (បណ្ដាញសង្គម)

​មន្ត្រី​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា មកដល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាញ់សម្លាប់​បុរស​ម្នាក់ជាជាង​កាត់សក់នៅក្នុង​ខណ្ឌទួលគោក បាន​នៅឡើយ​ទេ។

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍​ថា សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាញ់សម្លាប់​បុរស​ជាង​សក់​នោះ ប៉ុន្តែ​មកដល់​ម៉ោងជាង១០ព្រឹក​នេះ នៅ​មិនទាន់​រក​ឃើញ​នៅឡើយ។

លោក​ថា៖ «មិនមែន​ស្រាវជ្រាវ​ទេ គឺ​កំពុង​តាម​ចាប់ ​[ជនសង្ស័យ​] ខ្ញុំ​ពុំ​ទាន់​ជម្រាប​បានទេ ព្រោះ​មិនទាន់​ចាប់ខ្លួន​បាន ខ្ញុំ​សុំ​មិន​ផ្តល់​ព័ត៌មាន ចាំ​ចាប់​មនុស្ស​បាន​មក​សិន»។

កាលពី​វេលា​ម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែកញ្ញា មានហេតុ​កា​រណ៍​បាញ់សម្លាប់​ជាងកាត់សក់ នៅ​ជិត​សាលារៀន​ទួលគោក ស្ថិតនៅ​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។

ក្នុង​ហេតុ​កា​រណ៍នោះ បាន​បណ្តាល​ឱ្យ​ជាងកាត់សក់​ម្នាក់ឈ្មោះ សុខ សុ​កេន អាយុ​ជាង៣០ឆ្នាំ ត្រូវ​បាន​ជនល្មើស​បាញ់សម្លាប់។ ក្រោយ​ការ​ស្លាប់ ជាងកាត់សក់​រូប​នោះបាន​បន្សល់ទុក​កូនស្រី៤នាក់ ដែល​មាន​អាយុ​ចម្លោះ​ពី១ឆ្នាំ ដល់អាយុ១១ឆ្នាំ។

លោក ឆាយ គឹម​ខឿន បាន​បញ្ជាក់​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃអាទិត្យ​ថា តាម​ការស៊ើបអង្កេត​បឋម ជនសង្ស័យ​ដែល​បាញ់សម្លាប់​ជាងកាត់សក់ ទំនងជា​មន្ត្រី​នគរបាល​ខណ្ឌ។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថាខណ្ឌ​ណា​នោះ​ទេ ដោយ​ថា ទុកឱ្យសមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ជាមុន​សិន។

ចំណែកអ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​បដិ​សេធប្រាប់​អត្តសញ្ញាណ​ជនសង្ស័យ​ដែរ ដោយ​ប្រាប់​ថា ទុក​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឱ្យ​បាន​សិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ