អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​ ឃាត់​ខ្លួន​​ជន​ជាតិ​​វៀតណាម​​ម្នាក់​​សង្ស័យ​​លាក់​​ក្រឡ​​បុរាណ​​ជិត​៣០០​ក្រឡ​​

ជនជាតិ​វៀតណាម​នោះ មានឈ្មោះ ឡេ វ៉ាង​ហួន អាយុ៤២ឆ្នាំ ក្រោយពីឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរបន្ត ក្រោយពីបានរក្សាទុកក្រឡបុរាណដែលសង្ស័យថាជាក្រឡបុរាណ។ (កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ)

កម្លាំងប្រដាប់អាវុធនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ដែល​បាន​លាក់​ទុក​ក្រ​ឡចាស់​ៗជិត៣០០ក្រឡ ដោយ​សង្ស័យ​ថា​ជាក្រឡ​បុរាណ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កងកម្លាំង​ប្រដាប់អាវុធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ប្រធានមន្ទីរ​វប្បធម៌​ខេត្ត បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់កាលពី​ថ្ងៃទី២៧ ខែកញ្ញា ស្ថិតនៅ​ចំណុច​ផែ​រ៉ូ​យ៉ា​ល់ ស្ថិតនៅ​ភូមិ៣ សង្កាត់៣ ក្រុង​ព្រះសីហនុ។ លោក​បន្ត​ថា ការ​ឃាត់ខ្លួន​នេះធ្វើឡើង​បន្ទាប់ពី​ជនជាតិ​វៀតណាម​រូប​នេះ បាន​លាក់​ទុក​ក្រឡចំនួន២៨១ក្រឡ ដែល​សមត្ថកិច្ច​សង្ស័យ​ថាជា​វត្ថុបុរាណ។ 

លោក​បាន​បញ្ជាក់​ថា៖ «សមត្ថកិច្ច​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហ្នឹង ព្រមទាំង​ដកហូត​ក្រឡ​ហ្នឹង មាន​ទាំង​តូច មាន​ទាំង​ធំ ​សរុប២៨១ក្រឡ ដើម្បី​បន្ត​នីតិវិធី។ អ៊ីចឹង ចំពោះ​ការ​សន្និដ្ឋានថា ជា​ក្រឡ​បុរាណ​ឬក៏​យ៉ាងណា​នោះ មន្ទីរ​ជំនាញ​កំពុង​ធ្វើ​កោសល​វិ​ច័យទៅលើ​កិច្ចការ​ងារ​ហ្នឹង។ យើង​ទុក​កិច្ចការ​ងារ​ហ្នឹងជា​សមត្ថកិច្ច​របស់​ជំនាញ​ មិនទាន់​អាច​ធ្វើការ​បញ្ជាក់​លម្អិត​បានទេ»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ បច្ចុប្បន្ន មន្ត្រី​អាវុធហត្ថ​ខេត្ត កំពុងធ្វើការ​សាកសួរ​ជនជាតិ​វៀតណាម​នោះ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​នោះ មានឈ្មោះ ឡេ វ៉ាង​ហួន អាយុ៤២ឆ្នាំ។ 

ប្រធានមន្ទីរ​វប្បធម៌​ខេត្ត​ព្រះសីហនុ លោក ប៊ុត បុប្ផា មានប្រសាសន៍​ថា តាម​ការពិនិត្យនិង​សន្និដ្ឋាន​បឋម ក្រឡ​ទាំងនោះអាច​ជា​ក្រឡ​បុរាណ ដែល​អាយុកាល​វា​អាច​នៅចន្លោះ​សតវត្ស​ទី១៥និង​ទី១៧។ តែ​យ៉ាងណា លោក​ថា ក្រសួង​កំពុង​ពិនិត្យ​ពី​ប្រវត្តិ​ក្រឡ​ទាំងនោះ។ 

លោក​ថា៖ «ក្រឡ​ហ្នឹង​យើង​សន្មតជាបឋម​សិន​ថា អាច​ជា​វត្ថុបុរាណ ដោយសារតែ​ក្រឡ​ហ្នឹង វា​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ក្រឡ​ដែលគេ​រក​ឃើញ​សំពៅ​មួយ​នៅ​ខេត្តកោះកុង​អ៊ីចឹង ហើយ​អាយុកាល​វា​អាច​ចន្លោះ​ពី​សតវត្សទី១៥និង​សតវត្សទី១៧ ដូច្នេះ​យើង​សន្និដ្ឋាន​បឋម​សិន ហើយ​យើង​នឹង​រង់ចាំ​ខាង​ក្រសួង​ចុះទៅ​ពិនិត្យ»។

ទោះជាយ៉ាងណា លោក ប៊ុត បុប្ផា បាន​បញ្ជាក់​ថា មន្ទីរ​វប្បធម៌​ខេត្ត នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​ជនជាតិ​វៀតណាម​រូប​នេះបាន​យក​ក្រឡ​ទាំងអស់​នេះ​មក​ពី​ប្រភព​ណា ហើយ​យក​ទៅណា​នោះ​ទេ ដោយសារ​បច្ចុប្បន្ន​ខាង​មន្ត្រី​អាវុធហត្ថ កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​រូប​នោះ។

អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឡុង ប៉ុណ្ណា​ស៊ីរី​វត្ថ មានប្រសាសន៍​ថា ក្រសួង​នឹង​ចុះ​ពិនិត្យ​ក្រឡ​ទាំងនោះនៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃស្អែក​នេះ។ 

លោក​ថា៖ «ជំ​ហាន​ដំបូង​ហ្នឹង យើង​ទៅ​ទុក​ឱ្យ​ខាង​ប៉េ​អឹ​មគាត់​សួរចម្លើយ សួរ​អី​សិន​ទៅ​។ បើសិនជា​ករណី​ហ្នឹង វា​អាច​មាន​ទំនាក់ទំនង​ខាង​ជំនួញ វា​អាច​មាន​សំពៅ​លិច​អី​នៅ​សមុទ្រ​យើង សមុទ្រ​គេ​វា​ធម្មតា​ទេ»។ 

កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០០៦ កម្ពុជា​បាន​រក​ឃើញ​សំពៅ​បុរាណ​មួយ​គ្រឿងដែល​ផ្ទុក​ដោយ​ក្រឡ ក្អមឆ្នាំង​បុរាណ ព្រម​ទាំងវត្ថុបុរាណ​ជាច្រើន​ទៀត ដែល​លិច​នៅ​ដែនសមុទ្រ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ដោយ​វត្ថុបុរាណ​ទាំងនោះស្ថិ​តក្នុង​រជ្ជកាល៣០០ទៅ៤០០ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ