ចៅក្រម​​អាមេរិក​ បញ្ជា​​ឱ្យ​​ផ្អាក​​បណ្តោះ​អាសន្ន​​នូវ​​បម្រាម​​ដែល​​បិទ​​មិន​​ឱ្យ​​ទាញ​​យក​ TikTok

បុរសម្នាក់កាន់ទូរសព្ទឆែកមើលកម្មវិធី TikTok ដើម្បីដំឡើងលើទូរសព្ទ។ (ជន ចាន់រ៉ែន)

ចៅក្រម​សហព័ន្ធ​អាមេរិក លោក Carl J. Nichols បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​បម្រាម​របស់​លោក Trump ដែល​ហាមឃាត់​ការ​ទាញ​យក​កម្មវិធី​វីដេអូ TikTok ពី​កម្មវិធី App Store នៅ​សហរដ្ឋអាមេរិក។

កាលពី​ពេល​ថ្មី​ៗនេះ លោក​ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចេញ​បទបញ្ជា​មួយ ដោយ​កំណត់​ឱ្យ​ក្រុមហ៊ុន Apple និង Google បិទ​ការ​ទាញ​យក​កម្មវិធី Tik Tok ចាប់ពី​ម៉ោង១១និង៥៩នាទី​យប់ ​ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី២៧ ខែកញ្ញា តទៅ។

លោក​ចៅក្រម Carl J. Nichols បាន​បញ្ជាក់​នៅក្នុង​សេចក្តី​បង្គាប់​បឋម​មួយដែល​ត្រូវ​បាន​សារព័ត៌មាន sputniknews.com ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​ដែល​ហាម​មិន​ឱ្យ​ទាញ​យក​កម្មវិធី​នេះ ជា​ការ​ដកហូត​សិទ្ធិ​យ៉ាង​សំខាន់​របស់​ក្រុមហ៊ុន។ តែ​យ៉ាងណា តុលាការ​អាមេរិកមិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​ឡើយ ដោយ​រង់ចាំ​ការ​ជជែក​ជាមួយ​ភាគី​ដើមបណ្ដឹងនិង​ចុង​បណ្ដឹង​សិន មុននឹង​បញ្ចេញ​ដីកា​ជា​សាធារណៈ។ 

សារព័ត៌មាន​ដដែលបាន​បន្ត​ថា ការសម្រេច​ចិត្ត​របស់​ចៅក្រម អាច​ធានា​បាន​នូវ​សេចក្តី​បង្គាប់​បឋម ដែល​នឹង​អនុញ្ញាត​ឱ្យ​កម្មវិធី​មួយ​នេះនៅតែ​បន្ត​មាននៅ​ក្នុង​ប្រទេស​អាមេរិក។

TikTok បាន​កំពុង​ប្រឈមមុខ​ជាមួយ​សម្ពាធ​ពីរ​ដ្ឋ​បាល Trump តាំងពី​ខែសីហា​មក​ម៉្លេះ នៅពេល​ដែល​ប្រធានាធិបតី​រូប​នេះ បាន​ប្រកាស​ពី​ចេតនា​របស់​គាត់​ក្នុង​ការ​បិទ​កម្មវិធី​វីដេអូ​មួយ​នេះ​នៅ​សហរដ្ឋអាមេរិក ដោយ​លើកឡើង​ពី​ការភ័យខ្លាច​នៃ «ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ»

កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន TikTok និង​ក្រុមហ៊ុន ByteDance ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន​មួយ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​សហព័ន្ធ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ជំទាស់​នឹង​បម្រាម​ដាក់ចេញ​ដោយ​រដ្ឋបាល លោក ដូ​ណាល់ ត្រាំ។ នៅក្នុង​ពាក្យបណ្ដឹង​នោះ ក្រុមហ៊ុន​ទាំងពីរបាន​លើកឡើង​ថា បម្រាម​របស់លោក ត្រាំ គឺ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​បំពាន​លើច្បាប់ First Amendment rights នៃ​សហរដ្ឋអាមេរិក។

តើ​អ្វីទៅ​ជា​ដំណោះស្រាយ​របស់ TikTok នៅ​សហរដ្ឋអាមេរិក​? 

នៅក្នុង​ការ​ពិពណ៌នា​របស់​សារព័ត៌មាន sputniknews.com បាន​បន្ត​ថា ជា​ការភ័យខ្លាច​នៃ «ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ» ដែល​បាន​ចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ចិន​មួយ​នេះ លោក ត្រាំ បាន​ប្រកាស​នៅក្នុង​ខែសីហា​ថា លោក​នឹង​បិទ​កម្មវិធី TikTok នៅ​លើ​ដីស​ហរ​ដ្ឋ​អាមេរិក។ លោក​និយាយ​ថា ប្រសិនបើ​ក្រុមហ៊ុន ByteDance មិន​លក់​កម្មវិធី​មួយ​នេះ​មក​ឱ្យ​សហរដ្ឋអាមេរិក​នៅក្នុង​រយៈពេល៤៥ថ្ងៃ​នោះ​ទេ TikTok នឹង​ត្រូវ​ដាក់​ឱ្យ​ហាមឃាត់​ពី​សហរដ្ឋអាមេរិក ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី១២ ខែវិច្ឆិកា។

ការចែកចាយ TikTok នៅក្នុង​កម្មវិធី App Store របស់​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​គ្រោង​នឹង​ហាមឃាត់​នៅ​ថ្ងៃទី២០ ខែកញ្ញា ប៉ុន្តែ​នៅពេល​ដែល​កិច្ច​ព្រមព្រៀង​ខិត​ជិត​មកដល់​ កាលបរិច្ឆេទ​កំណត់ត្រូវ​បាន​ប្តូរ​ទៅ​ថ្ងៃទី២៧ ខែកញ្ញា​វិញ។

រដ្ឋបាល​លោក ត្រាំ បាន​អះអាង​ថា TikTok រួម​ជាមួយ​កម្មវិធី​ផ្ញើ​សារ WeChat គឺ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន ហើយ​អាច​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកនា​ពេល​ខាងមុខ តែ​នេះ​ជា​អ្វី​ដែល​ទាំង​ក្រុង​ប៉េកាំង និង ByteDance បាន​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀត។

នៅ​ថ្ងៃទី១៩ ខែកញ្ញា ប្រធានាធិបតី​អាមេរិក លោក ​ត្រាំ បាន​ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន ByteDance​, Oracle និង Walmart ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​របស់ TikTok បាន​ទទូច​ចង់​កាន់កាប់​ភាគហ៊ុន៨០ភាគរយ នៅក្នុង​ប្រតិបត្តិ​ការ​របស់​សហរដ្ឋអាមេរិក។

បន្ទាប់មក​ លោក ត្រាំ បាន​ទទូច​សុំ​ឱ្យ​ក្រុមហ៊ុន Oracle និង Walmart គ្រប់គ្រង​លើ​ក្រុមហ៊ុន TikTok ទាំងស្រុង បើមិនដូច្នោះទេ ​វ៉ាស៊ីនតោន​នឹង​មិន​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​នោះ​ទេ។

គោលដៅ​របស់​រដ្ឋបាល Trump លើ TikTok គឺ​ស្រប​ទៅ​នឹង​ភាព​តានតឹង​ដែល​ក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំងកំពុង​ប្រឈមមុខ​នា​ពេល​ថ្មី​ៗនេះ ដោយ​សេតវិមានបាន​ចោទប្រកាន់​ប្រទេស​ចិន​ថា ជាដើម​ហេតុ​នាំ​ឱ្យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ និង​ការប៉ុនប៉ង​បំផ្លាញ​សន្តិសុខជាតិ​របស់​សហរដ្ឋអាមេរិក។

ក្រៅពី TikTok ក្រុមហ៊ុន​យក្ស Huawei របស់​ចិន ក៏​ប្រឈម​ជាមួយ​សម្ពាធ​ខ្លាំង​ពី​សេតវិមាន​ផង​ដែរ ដោយ​លោក​ ត្រាំ កំពុង​ដាក់​ក្រុមហ៊ុន​នេះ​នៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្មនិង​ជំរុញ​ឱ្យ​ប្រទេស​ដទៃទៀត​ឈប់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចិនដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ 5G៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ