សាលារៀនសារ៉ាស់​ទាំងអស់នៅ​ថៃ​ ប្រឈមការស៊ើបអង្កេតក្រោយ​មានករណីធ្វើបាប​សិស្ស

ក្រោយពីការបែកធ្លាយវីដេអូនេះ នៅថ្ងៃទី២៥ ខែកញ្ញា ឪពុកម្តាយសិស្សជាច្រើននាក់ បានទៅសាលារៀននេះ ដើម្បីជួបជាមួយគ្រូដែលធ្វើបាបសិស្សនៅក្នុងវីដេអូនោះ (រូបភាពពីបាងកកប៉ុស្តិ៍)

ការិយាល័យគណៈកម្មការអប់រំឯកជននៃប្រទេស​ថៃ បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីស៊ើបអង្កេតក្នុងករណីធ្វើបាបសិស្សជាបន្ត​បន្ទាប់ នៅសាលារៀន​ឯកជនអន្តរជាតិ​ ឈ្មោះ Sarasas Witaed Ratchaphruek ទាំង៤២សាលា ដែលបង្កឱ្យឪពុកម្តាយ និងសាធារណជនមានការខឹងសម្បារ។

តាមប្រភពពីសារព័ត៌មាន​ Bangkok post បានឱ្យដឹងថា នាពេលថ្មីៗនេះ ការិយាល័យគណៈកម្មការអប់រំឯកជន បានប្រតិកម្ម​ទៅនឹង​អំពើធ្វើបាប និងការដាក់ទណ្ឌកម្មមិនសមរម្យទៅលើសិស្ស​​នៅក្នុង​​សាលារៀនសារ៉ាស់​។

កាលពីសប្តាហ៍មុន វីដេអូជាច្រើន ដែលបង្ហាញអំពីការរំលោភបំពានរបស់គ្រូ ទៅលើសិស្សថ្នាក់​មត្តេយ្យម្នាក់ នៅក្នុងសាលារៀន ត្រូវបានចែកចាយតាមប្រព័ន្ធ​អ៊ីនធឺណេត។ តាមរយៈវីដេអូមួយ ដែលយកចេញពីទូរទស្សន៍នៅក្នុងថ្នាក់រៀន បានបង្ហាញពីសកម្មភាពគ្រូបង្រៀនបាន​រុញក្មេងស្រីម្នាក់ផ្ទប់ទៅនឹងកម្រាល និងទាញសក់របស់នាង នៅចំពោះមុខជំនួយការគ្រូ​ ដែលពុំមានការ​ជួយ​​អន្តរាគមន៍អ្វីទាំងអស់។

ក្រោយពីការបែកធ្លាយវីដេអូនេះ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឪពុកម្តាយសិស្សជា​ច្រើន​នាក់​ បានទៅសាលារៀននេះ ដើម្បីជួបជាមួយគ្រូដែលធ្វើបាបសិស្ស​នៅក្នុងវីដេអូនោះ ដែលត្រូវគេស្គាល់ថា​ឈ្មោះ Ornuma។

បើទោះជាយ៉ាងណាក្តី សាលាក៏បានសម្តែងការសោកស្តាយ និងបានបណ្តេញអ្នកគ្រូ Ornuma ចេញពីការងារ រួមទាំងសន្យាថា នឹងចាត់វិធានការវិន័យ​ទៅលើបុគ្គលិកផ្សេងៗទៀតដែលពាក់ព័ន្ធ។

ប្រភពដដែលបានស្រង់​ប្រសាសន៍របស់ អគ្គលេខាធិការ​នៃគណៈកម្មការធិការអប់រំឯកជន​ លោក Attapon Truektrongចុះផ្សាយ​ថា គណៈកម្មការអប់រំឯកជន រួមជាមួយនឹងនាយកដ្ឋាន​សុខ​​ភាពផ្លូវចិត្តនៃប្រទេស​ថៃ នឹងបញ្ជូនអ្នកជំនាញផ្នែក​សុខភាព​ ដើម្បីវាយតម្លៃកុមារទាំងអស់ ដែលនៅក្នុងថ្នាក់​រៀននោះ។

លោកបន្តថា លើសពីនេះ អង្គការ ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយ ដើម្បីចាត់វិធានការ​តាមផ្លូវច្បាប់ទៅលើបុគ្គលិក ដែលស្ថិត​ក្នុងហេតុការណ៍នោះ ហើយ​មិន​បានជួយ​កុមារ​រង​គ្រោះផងដែរ​។

លោក Attapon បាននិយាយថា គ្រូបង្រៀនឈ្មោះ Ornuma មិនមានលិខិតអនុញ្ញាតបង្រៀននោះ​ទេ ក៏ប៉ុន្តែសាលាបានជួល​ឱ្យនាងបង្រៀន។ លោកបន្តថា អង្គការបានស្នើសុំដល់សាលាសារ៉ាស់​ទាំងអស់ ឱ្យ​អនុញ្ញាត​ដល់​មាតាបិតាសិស្សអាចចូលមើលវីដេអូ CCTV ក្នុងថ្នាក់រៀនបាន និងធានាថាគ្រូទាំងអស់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលចេញដោយក្រុមប្រឹក្សាគ្រូបង្រៀននៃប្រទេសថៃ។

ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសាលារៀនសារ៉ាស់ លោក Pibul Yongkamol បានមានប្រសាសន៍​ថា សាលារៀនមិនមានគោលការណ៍ដាក់ទណ្ឌកម្មសិស្សដូច្នេះទេ ហើយ​​​សាលាបាន​ប្រាប់គ្រូបង្រៀន​ទាំងអស់ ឱ្យបង្រៀនសិស្សដោយក្តីស្រឡាញ់ និងយកចិត្តទុកដាក់។

ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទ គ្រូបង្រៀនជនជាតិហ្វីលីពីន​អាយុ ២៥​ឆ្នាំឈ្មោះ Orejola Marvin Liwanag ត្រូវបានគេរាយការណ៍ទៅប៉ូលីសខេត្តណុនថាបូរីថា បានរំលោភបំពានលើរាងកាយរបស់សិស្សថ្នាក់មត្តេយ្យ​នៅក្នុង​​សាលា ក៏ប៉ុន្តែត្រូវបានលោក Liwanag បដិសេធការចោទប្រកាន់នេះ។

បើទោះជាយ៉ាងនេះក្តី លោកក៏នៅតែរងនូវការចោទប្រកាន់ពីបទបង្រៀនដោយគ្មានលិខិតអនុញ្ញាតបង្រៀនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ