ក្រុមអង្គការសង្គមស៊ីវិលនិងអ្នកធ្វើការលើវិស័យព័ត៌មានស្នើរដ្ឋាភិបាលឱ្យលុបចោលចំណុច៧នៃមាត្រា២០ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយថាចំណុចនេះនឹងអាចធ្វើប៉ះពាល់ដល់ប្រសិទ្ធិភាពនៃច្បាប់ទាំងមូល។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើងថាចំណុច៧នៃមាត្រា២០នេះមានលក្ខណៈទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់។
ចំណុច៧មាត្រា២០ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានចែងថា «ព័ត៌មានសម្ងាត់ដទៃទៀត ដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថាព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបានហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។ នេះបើតាមការបញ្ជាក់របស់នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)លោក ឡាំ សុជាតិ។
ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ «ស្តីពីសិទ្ធិទទួលព័ត៌មាន» ដែលធ្វើឡើងនៅរាជធានីភ្នំពេញនាថ្ងៃចន្ទម្សិលមិញ លោក ឡាំ សុជាតិ បាននិយាយថាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានគ្មានប្រសិទ្ធភាពចាប់បង្ខំមន្ត្រីឱ្យលាតត្រដាងព័ត៌មានសាធារណៈ ដើម្បីតម្លាភាពសង្គមទេ ដោយសាតែមាត្រា២០ ចំណុច៧នេះ ។
លោក ឡាំ សុជាតិ បានលើកឡើងទៀតថានិយមន័យព័ត៌មានសម្ងាត់ ដែលក្រុមអង្គការសង្គមស៊ីវិល និងក្រុមបច្ចេសក្រសួងបានជជែកគ្នាច្រើនឆ្នាំមកហើយ ហើយក៏បានឯកភាពគ្នាច្រើនចំណុចដែរ ប៉ុន្តែថានៅចុងក្រោយក្រសួងបែរជាដាក់បន្ថែមចំណុចទី៧ដោយមិនមានការឯកភាពពីក្រុមអង្គការសង្គមស៊ីវិលទៅវិញ។
លោកថា៖ « ច្បាប់ផ្សេងៗមិនថារ៉ែ មិនថាដីសម្បទានសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្មទេ សុទ្ធតែមានមាត្រាចងថា សម្ងាត់ ដល់ពេលច្បាប់សិទ្ធិទទួលព័ត៌មាននេះថាស្របនឹងច្បាប់ផ្សេងៗដែលចែងថាសម្ងាត់ដែរ ដល់អីចឹងទៅច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានយើងនេះអត់មានប្រសិទ្ធភាពអីម៉ង ចឹងដដែល»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា លោក ណុប វី និយាយថា ៧ចំណុចក្នុងមាត្រា២០មាន៦ចំណុចបានចែងលម្អិតពីនិយមន័យព័ត៌មានសម្ងាត់ដែលអាចទទួលយកបាន តែថាចំណុចទី៧ហាក់បង្កើតការព្រួយបារម្ភ ព្រោះវាបានធ្វើឱ្យ៦ចំណុចស្ថិតក្នុងភាពមិនច្បាស់លាស់។
លោកថា៖«មកដល់ចំណុចទី៧នៃព័ត៌មានសម្ងាត់ហ្នឹងចែងថាមិនអាចទទួលបានទេ អាព័ត៌មានណាដែលមានចែងក្នុងភាពសម្ងាត់នៃច្បាប់ផ្សេងទៀតអ៊ីចឹងវារាំងខ្ទប់ដល់សេរីភាពជាមូលដ្ឋាន រាំងខ្ទប់ទៅសិទ្ធិដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសិទ្ធិមនុស្សស្តីពីច្បាប់កំពូល»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី លើកឡើងក្នុងសន្និសីទសារព័ត៌មាន ដាច់ដោយឡែកនៅថ្ងៃនេះដែរថា ការបញ្ចេញព័ត៌មានសារណៈ វាជាការបើកផ្លូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជំរុញដល់ការទប់អំពើពុករលួយ។
មួយវិញទៀតលោកថា សេចក្តីព្រាងច្បាប់នេះក៏មិនចែងពីការដាក់ទោសទណ្ឌដល់មន្ត្រីដែលលាក់បាំងព័ត៌មានសារធាណៈដែរ ហើយច្បាប់នេះក៏មិនបានដាក់បញ្ចូលក្នុងមាត្រាណាមួយ ដើម្បីការពារអ្នកដែលហ៊ានលាតត្រដាងអំពើពុករលួយក្នុងស្ថាប័នរដ្ឋ ដើម្បីធានាតម្លាភាពសង្គមដែរ។
លោថា៖«ភាពចំាបាច់នៃការទទួលបានព័ត៌មាននេះសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឱ្យពលរដ្ឋប្រើសិទ្ធិរបស់គាត់ក្នុងការទាមទារឱ្យមន្ត្រីសាធារណៈហ្នឹងមានគណនេយ្យភាពមានការទទួលខុសត្រូវខ្ពស់ណាស់»។
បើតាមក្រុមអង្គការសង្គមស៊ីវិល ចាប់ពីចំណុចទី១ ដល់៦នៃមាត្រា២០ ជាការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលចូលរួមពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងព័ត៌មាន ប៉ុន្តែចំណុចទី៧ជាចំណុចថ្មីដែលអន្តរក្រសួងរបស់រដ្ឋាភិបាលទើបបន្ថែមក្រោយក្រសួងព័ត៌មានបានបិទបញ្ចប់កិច្ចពិភាក្សាជាមួយពួកគេ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាជាង១៥ឆ្នាំមកហើយ ដែលបច្ចុប្បន្ន ក្រសួងព័ត៌មានថានឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលឆាប់ៗ ក្រោយពិភាក្សាជាមួយក្រសួងយុត្តិធម៌ចប់ពីវិធានទោសបញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានការចូលផ្តល់យោបល់ពីអង្គការអន្តរជាតិ UNESCO វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)និងអង្គការតម្លាភាព(TI)ជាដើម។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រានចោលការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិល ដោយអះអាងថាប្រទេសប្រជាធិបតេយ្យជាច្រើន រួមទាំងឥណ្ឌនេស៊ីផងដែរ ក៏បានដាក់បញ្ចូលចំណុចទាក់ទងនឹងព័ត៌មានសម្ងាត់របស់ជាតិដែរ។
មួយវិញទៀត លោកថា មតិយោបល់របស់ក្រុមអង្គការសង្គមស៊ីវិលច្រើនលើសលុបត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះរួចហើយដែរ។
លោកថា៖«សេចក្តីព្រាងច្បាប់យើងនេះក៏យើមិនទាន់ចែងអស់អំពីព័ត៌មានសម្ងាត់ដែរ យើងត្រូវទទួលស្គាល់ជារួមទៅលើលទ្ធផល។ច្បាប់ឥណ្ឌូនេស៊ីក៏ដាក់ចំណុចហ្នឹងដែរ។អ៊ីចឹងយើងទៅមើលទៅ កុំថាកម្ពុជាចំឡែកម៉េសសរសេរច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានចុងក្រោយដាក់នៅក្នុងច្បាប់ដទៃទៀត ឥណ្ឌូនេស៊ីក៏គេសរសេរចំណុចហ្នឹងដែរ»។
បើតាមក្រុមអង្គការសង្គមស៊ីវិលប្រទេស១២០លើពិភពមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះក្នុងនោះរួមទាំងប្រទេសវៀតណាមផងដែរ ខណៈប្រទេសនេះបានផ្តួចផ្តើមឱ្យមានច្បាប់នេះក្រោយកម្ពុជា ។
លេខាទីមួយនៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា លោកស្រី កាមីឡា អូតូសុន (Camilla Ottosson)ឱ្យដឹងតាមរយៈអ្នកបកប្រែថា សិទ្ធិទទួលបានព័ត៌មានជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ច្បាប់នេះបានជួយកសាងការជឿទុកចិត្តលើស្ថាប័នរដ្ឋ បង្កើតតម្លាភាពសង្គម និងទាមទារឱ្យមានការទទួលខុសត្រូវនូវគ្រប់កម្រិត រួមទាំងយុវជន។
លោកស្រីថា៖«នៅពេលដែលយុវជនជំនាន់ក្រោយទទួលបានព័ត៌មានត្រឹមត្រូវ ពួកគេកាន់តែចូលរួមពិភាក្សាអំពីបញ្ហាប្រទេសរបស់ពួកគេតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងជួយផ្សព្វផ្សាយការយល់ដឹងដល់ការអភិវឌ្ឍសង្គម។ព័ត៌មានគឺជាការផ្តល់ភាពអង់អាច ហើយយុវជនដែលទទួលបានភាពអង់អាចគឺជាយុវជនដែលខ្វល់ខ្វាយពីប្រទេសរបស់ពួកគេនិងអនាគតរបស់ពួកគេ»។
លោកស្រីថានៅក្នុងបរិបទនេះប្រទេសស៊ុយអ៊ែតមានការព្រួយបារម្ភអំពីរបាយការណ៍សំលុតគំរាមនិងការបៀតបៀនដើម្បីកាត់បន្ថយនូវការទទួលបានសេរីភាពនៃការបញ្ចេញមតិក៏ដូចជាសិទ្ធិបង្កើតសមាគមនៅកម្ពុជា។
យ៉ាងនេះក្តីក្រុមសង្គមស៊ីវិលអះអាងថាមតិយោបល់របស់ខ្លួនប្រមាណជា៦០ភាគរយត្រូវក្រសួងដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់នេះ៕