ក្រុម​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ប្រើ​ប្រាស់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ក្រុមការពារ​សិទ្ធិ​មនុស្ស​ចំនួន៤ រក​ឃើញ​ថា យុទ្ធសាស្ត្រ​បណ្ដឹង​តាម​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​រដ្ឋាភិបាល និង​បុគ្គល​មាន​អំណាច​យក​មក​ប្រើ​ប្រាស់ ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​បំបាក់​ទឹក​ចិត្ត​ក្រុម​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា។

លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ ត្រូវ​បាន​បង្ហាញ​​នៅ​ក្នុង​សលាកប័ត្រ​ព័ត៌មាន​ចំនួន​៥​ទំព័រ ដែល​​ចេញ​នៅ​ថ្ងៃ​នេះ​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មជ្ឈ​មណ្ឌល​សាមគ្គីភាព និង​មជ្ឈ​មណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ បាន​​កត់​ត្រា​នូវ​បណ្ដឹង​ផ្លូវ​ច្បាប់​ចំនួន ១៣២​ករណី​ ដែល​ប្ដឹង​ប្រឆាំង​នឹង​មនុស្ស​ដល់​ទៅ ៣៧៩​រូប​នៅ​ចន្លោះ​ខែ​មេសា​ឆ្នាំ​មុន រហូត​ដល់​ចុង​ខែ​មីនា​ក្នុង​ឆ្នាំ​២០២០​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​កត់ត្រា​លម្អិត​ទៀត​ថា បណ្ដឹង​ដល់​ទៅ ១១៤​ករណី ត្រូវ​បាន​ប្ដឹង​ដោយ​រដ្ឋាភិបាល ឬ​តុលាការ ហើយ​បណ្ដឹង ១៨​ករណី​ទៀត ត្រូវ​បាន​ប្ដឹង​ដោយ​ភាគី​ទី​៣។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ បាន​​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​​ប្រើ​ប្រាស់​បណ្ដឹង​ផ្លូវ​ច្បាប់​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បំភិត​បំភ័យ​បុគ្គល​នានា មន្ត្រី​សង្គម​ស៊ីវិល សហគមន៍ អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ភ័យ​ខ្លាច និង​ស្ងៀម​ស្ងាត់។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា៖ «យុទ្ធសាស្ត្របណ្ដឹងផ្លូវប្រឆាំងនឹងចូលរួមរបស់ជាសាធារណៈ គឺជាបណ្ដឹងដែលធ្វើឡើងមានចេតនា ដើម្បីយកមកប្រើប្រាស់បំបាក់ទឹកចិត្ត ការបំភិតបំភ័យ ការរំខាន ការបង្អាក់ ឬការបង្ហោចទ្រព្យជនជាប់ចោទ ការបំបិទសំឡេងប្រឆាំង ការរិះគន់ ឬការមិនយល់ស្របរបស់ពួកគេ»

អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ហ៊ុន ស៊ាងហាក់ ជំរុញទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យ​បញ្ឈប់ការប្រើយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់​បែប​នេះ​​មកលើប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មានទៀត។

លោក ហ៊ុន ស៊ាងហាក់ ប្រាប់ថា៖ «សេរីភាពបញ្ចេញមតិមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស។​ ដល់ពេលគាត់មិនអាចចូលរួមបាន​ ធ្វើឱ្យការចូលរួមរបស់ពលរដ្ឋ​កាន់តែរួមតូច​។ អ៊ីចឹងអ្វីដែលជាការឈឺចាប់របស់គាត់​ អ្វីដែលបញ្ហាសង្គម​ ដែលពាក់ព័ន្ធនឹង​សិទ្ធិមនុស្ស មិនត្រូវបានដឹងលឺទេ​ បើសិនរឹតត្បិតមិនឱ្យគាត់និយាយ​ ហើយពេលដែលគាត់និយាយ​បែរជាដាក់ពាក្យបណ្ដឹងទៅតុលាការ​ អ៊ីចឹងធ្វើឱ្យគាត់មានបណ្ដឹងនៅតុលាការ ធ្វើឱ្យគាត់មានភាពភ័យខ្លាច​ជាប់ពន្ធនាគារ និងខាតបង់ថវិកាជាដើម»។

​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ដែល​ជា​​អ្នកនាំពាក្យក្រសួងយុត្តិធម៌ផង​នោះ អះ​អាង​ថា ការប្រើប្រាស់បណ្ដឹង​តាម​ផ្លូវ​តុលាការ គឺ​ជា​វិធានការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ជិន ម៉ាលីន ប្រាប់ថា៖ «រដ្ឋាភិបាលមិនអាចប្រើប្រាស់កម្លាំង​ ដើម្បីឆ្លើយតប ទប់ទល់ទៅនឹង​ការបំពានច្បាប់ទេ គឺត្រូវតែប្រើប្រាស់យន្តការច្បាប់​ គឺអនុវត្តនីតិវិធីតាមផ្លូវតុលាការ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបសកម្មភាពទាំងឡាយណា ​ដែលជាបទល្មើស។ អ៊ីចឹង ​ការប្រើប្រាស់តុលាការ គឺជាមធ្យោបាយស្របច្បាប់តែមួយគត់​នៅក្នុងសង្គមប្រជាធិបតេយ្យ»

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោលចំពោះការរកឃើញរបស់ក្រុមការ​ពារ​សិទ្ធិ​មនុស្ស ដោយចាត់ទុកករណីនេះ ធ្វើឡើងជាចេនាតនយោបាយ ជាង​ឱ្យតម្លៃលើនិតីរដ្ឋនៅកម្ពុជា។

លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ការចោទប្រកាន់​ដែលគ្មានមូលរដ្ឋគ្រឹះទេ ត្បិត​នៅក្នុងវិធានការ​ទាំងឡាយនៅលើអ្វីដែលជាអង្គហេតុទាំងអស់ ហើយអង្គហេតុ​ទាំងឡាយបើគ្មានអង្គច្បាប់​គឺគ្មានវិធានការនៅក្នុងដំណើរតុលាការនោះទេ។ ដូច្នេះ ការលើឡើងនេះ គ្រាន់តែជាការលើកឡើងក្នុងន័យនយោបាយ ច្រើនជាង​​ឱ្យតម្លៃលើនិតីរដ្ឋ»។

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) លោក ប៉ា ច័ន្ទរឿន ជំរុញឱ្យរដ្ឋាភិបាលពិចារណាចំពោះការឡើងរបស់អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរ​ជាតិ ជាជាងបដិសេធបែបនេះ។

លោក ប៉ា ច័ន្ទរឿន ប្រាប់​ថា​៖ «រដ្ឋាភិបាលក៏ត្រូវស្ដាប់មតិ ឬក៏ការយល់ឃើញ និងរបាយការណ៍របស់ប្រជាពលរដ្ឋ ឬអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍អន្តរជាតិ ដែលជាដៃគូរអភិវឌ្ឍន៍របស់ខ្លួនដែរ ពីព្រោះ នៅក្នុងសង្គមប្រជាធិបតេយ្យ នេះជាគោលការណ៍គ្រឹះក្នុងការ​សម្ដែងមតិ ការយល់ឃើញ ការបារម្ភ ក៏ដូចជាការអំពាវនាវឱ្យមានការដោះស្រាយ បំពេញ​លក្ខខណ្ឌ​ច្បាប់ដែលការពារ និងគ្រប់គ្រងប្រទេស ជាពិសេសរដ្ឋធម្មនុញ្ញកម្ពុជាយើងដែលមានធាតុបី គឺលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់នីតិរដ្ឋ»

របាយការណ៍​សន្ទស្សន៍​នីតិរដ្ឋ​ចេញ​​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project​)​កាល​ពី​ខែ​មីនា​ក្នុង​​ឆ្នាំ​នេះ បាន​វាយ​តម្លៃ​ថា ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស និង​ដែន​ដី​សរុប ១២៨​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អង្គការ​មួយ​នេះ ពោល​គឺ​កម្ពុជា​ល្អ​ជាង​ប្រទេស​វេ​ណេហ្សុយ​អេ​ឡា​តែមួយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ