មេបក្សប្រឆាំងប៉ាគីស្ថាន ត្រូវចាប់ខ្លួន​ក្រោយប្រកាសគម្រោង​ទាមទារឱ្យ​​​នាយករដ្ឋមន្ត្រី​ចុះចេញ​​​ពីតំណែង

លោក Shahbaz Sharif ដែលជាអ្នកដឹកនាំក្រុមប្រឆាំងនៅក្នុង​សភាជាតិរបស់ប្រទេសប៉ាគីស្ថាន ត្រូវ​បានចាប់ខ្លួននៅទីក្រុង Lahore កាលពីថ្ងៃទី២៨ ខែកញ្ញា ២០២០

មន្រ្តីប្រឆាំងអំពើពុករលួយប៉ាគីស្ថាន បានចាប់ខ្លួនមេដឹកនាំគណបក្ស​ប្រឆាំង លោក Shahbaz Sharif បន្ទាប់ពីលោកបានប្តេជ្ញាជួយដឹកនាំការធ្វើបាតុកម្ម​ ដើម្បីរំលាយ​រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Imran Khan ។

លោក Shahbaz Sharif ដែលជាអ្នកដឹកនាំក្រុមប្រឆាំងនៅក្នុង​សភាជាតិរបស់ប្រទេសប៉ាគីស្ថាន ត្រូវ​បានចាប់ខ្លួននៅទីក្រុង Lahore កាលពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីតុលាការជាន់ខ្ពស់នៅភាគ​ខាងកើតនៃទីក្រុងនេះ បានច្រានចោលការសុំអនុញ្ញាត្តឱ្យនៅក្រៅឃុំក្នុង ករណីលាងលុយ​កខ្វក់។

សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃម្សិលមិញថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង​រូប​នេះបានកើតឡើង ខណៈពេលដែលលោក​​បានប្តេជ្ញាកាលពីដើមខែនេះ ថានឹងចាប់ផ្តើមធ្វើបាតុកម្មនៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីទាមទារឱ្យ លោក Imran Khan ចុះចេញពីតំណែង។

អ្នកនាំពាក្យសម្ព័ន្ធម៉ូស្លីម​ប៉ាគីស្ថាន លោក Marriyum Aurangzeb ត្រូវបានសារព័ត៌មាន​ CNA ស្រង់ប្រសាសន៍មក​ថា៖ «យើងមិនខ្លាចការចាប់ខ្លួនទាំងនេះទេ»

គួរ​បញ្ជាក់​ថា លោក Shahbaz Sharif គឺជាបងប្រុសរបស់លោក Nawaz Sharif ​ ដែលធ្លាប់ធ្វើ​ជានាយករដ្ឋ​មន្រ្តីប៉ាគីស្ថាន​ចំនួនបីដងមក​ហើយ​ តែត្រូវបានបណ្តេញចេញ ក្រោមការ​ចោទប្រកាន់​ពីបទ​ អំពើពុករលួយ ក្នុងឆ្នាំ ២០១៧ ហើយ​នាពេលបច្ចុប្បន្ននេះ លោក​កំពុងស្នាក់នៅក្នុង​ប្រទេសអង់គ្លេស ក្រោយពីត្រូវបានដោះលែងពីពន្ធនាគារវិញ កាលពីដើមឆ្នាំ​២០២០ ដើម្បីព្យាបាល​ជំងឺ។

ការចាប់ខ្លួនលោក Shahbaz Sharif នេះ ក៏ត្រូវបានបញ្ជាក់តាមបណ្តាញសង្គម Twitter ដោយ លោកស្រី Maryam Nawaz ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី និងត្រូវជាក្មួយរបស់លោក​ផងដែរ។

លោកស្រី Maryam Nawaz បាននិយាយថា៖ «លោក Sharif ត្រូវបានចាប់ខ្លួន ដោយសារតែគាត់បានសំរេចចិត្តលេង នៅក្នុងដៃរបស់អ្នក ដែលចង់ប្រើគាត់ប្រឆាំងនឹងបងប្រុសរបស់គាត់»។

រដ្ឋបាលរបស់លោក Imran Khan កំពុងនឹង​បន្តជំរុញឱ្យ លោក Nawaz Sharif វិលត្រឡប់មកប្រទេសវិញ ដើម្បីបន្តការ​ជាប់ពន្ធនាគាររបស់គាត់។

លោក Imran Khan បានសន្យានៅពេលដែលលោកជាប់ឆ្នោតនៅឆ្នាំ២០១៨ថា នឹងទប់ស្កាត់អំពើ​រពុករលួយ និងកសាង​មណ្ឌលសុខុមាលភាព​នៅក្នុងប្រទេសប៉ាគីស្ថាន។​ ប៉ុន្តែចាប់តាំងពីថ្ងៃ​ឡើងកាន់អំណាចមក លោក Imran Khan មានការលំបាកក្នុងការសម្រេចគោលបំណងរបស់​លោក ក៏ព្រោះតែប្រទេសប៉ាគីស្ថាន កំពុងមានបញ្ហាសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ