សមត្ថកិច្ចថា អ្នកសារព័ត៌មាន CBN ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មិនមែនករណីឃាតកម្ម

ពិធីបុណ្យសពលោក គួយ ពិសិត អ្នកយកព័ត៌មានរបស់ CBN TV ONLINE នៅថ្ងៃទី២៩ កញ្ញា ២០២០ (រូបភាពពីវីដេអូ CBN TV)

សមត្ថកិច្ច​រាជធានីភ្នំពេញ​ អះអាងថា ​អ្នកសារព័ត៌មាន​​របស់អង្គភាព CBN TV Online ដែលបាន​ស្លាប់​ នៅសង្កាត់ចោមចៅ៣ មិនមែនជាករណីឃាតកម្មនោះទេ ខណៈការធ្វើកោសល្យវិច័យ បញ្ជាក់ថា ជា​​ករណីគ្រោះថ្នាក់ចរាចរណ៍។

កាលពីថ្ងៃម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានប្រទះឃើញ​ អ្នកសារព័ត៌មាន​អង្គភាព CBN TV Online ម្នាក់ ឈ្មោះ គួយ ពិសិត អាយុ ២៤ឆ្នាំ បាន​ស្លាប់ នៅចំណុច​ផ្លូវ​បេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយហេតុការណ៍នោះ គេទំព័រអង្គភាព CBN TV Online និងសារព័ត៌មាន​មួយចំនួន បានចុះផ្សាយ​ថា ករណីស្លាប់របស់ជនរងគ្រោះរូបនេះ ជាករណីឃាតកម្ម។

តែយ៉ាងណា អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយន៍ទោ ម៉ម វុទ្ធី បានប្រាប់វីអូឌី​នៅរសៀលថ្ងៃអង្គារ​នេះថា ករណីស្លាប់របស់អ្នកសារព័ត៍មានរូប​នេះ ​មិនមែនជាករណីឃាតកម្មនោះទេ តែជាករណីគ្រោះថ្នាក់ចរាចរណ៍។

លោកបានបញ្ជាក់​ថា៖«ខ្ញុំធ្វើតាមជំនាញរបស់ខ្ញុំ គឺធ្វើកោសល្យវិច័យ ហើយនិងមានសាក្សី បន្ទាប់មកមានការ​អះអាងពី​អ្នកជិតខាង ដែលគាត់ឃើញផ្ទាល់ភ្នែក»។

ស្រដៀងគ្នានេះផងដែរ នាយប៉ុស្ដ៍នគរបាលសង្កាត់ចោមចៅ៣ លោក ថេង កុសល បានអះ​អាងដូចគ្នា​ថា អ្នកកាសែតរូបនោះ បានស្លាប់​ក្នុង​​ករណីគ្រោះថ្នាក់ចរាចរណ៍។

លោក​ថា ៖ «យើង​​ផ្អែកលើកោសល្យវិច្ជ័យធ្វើជាមួយខាងក្រុមខាងអ្នកជំនាញរបស់រាជរដ្ឋាភិបាលរបស់យើង[…] គាត់បញ្ជាក់ច្បាស់ហើយជាមួយឪពុកជនរងគ្រោះ»។

វីអូឌី មិនអាចទាន់សុំការបញ្ជាក់​ពីអង្គភាពសារព័ត៌​មាន CBN TV Online និងគ្រួសារសពបាននៅឡើយទេនៅរសៀលថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ