MRC ចេញគោលការណ៍ណែនាំ​​​ថ្មី សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ

លោក Pham Tuan Phan អគ្គនាយករងនៃ MRC និងលោក Hidefumi Murashita (ទី 3 ស្តាំ) អនុប្រធានការិយាល័យកិច្ចសហប្រតិបត្តិការលើកកម្ពស់ដីធ្លីនៅក្រៅប្រទេសនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី ៥ កក្កដា ២០១៨។

គណៈកម្មការទន្លេមេគង្គ បានដាក់ចេញនូវ​គោលការណ៍ណែនាំ​​បច្ចេកទេសថ្មី ដើម្បីជួយ​កាត់បន្ថយ​ហានិភ័យ​ផ្នែកសង្គម និងបរិស្ថាន ពីគម្រោង​ទំនប់វារីអគ្គិសនីនៅតំបន់​ទន្លេមេគង្គ ពេញមួយ​វដ្តនៃគម្រោង។

សេចក្តីប្រកាសព័ត៌មាន​របស់​លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិល​មិញ បានលើកឡើងថា គោលការណ៍ណែនាំ​កាត់បន្ថយហានិភ័យពីគម្រោង​​ទំនប់វារីអគ្គិសនី​របស់ MRCនេះ មានរួមបញ្ចូលនូវសំណុំបច្ចេកទេសចំនួន ៣ផ្នែកផ្សេងគ្នា ដែល​អាច​ជួយដោះស្រាយ​នូវហានិភ័យជាច្រើន ដែលគេទទួលស្គាល់ថា បានកើតមាន​ក្នុងអំឡុងពេលអភិវឌ្ឍន៍​គម្រោង។

MRC បានបន្តថា គោលការណ៍បច្ចេកទេស​ថ្មីនេះ បានធ្វើឡើង​​តាមរយៈការវាយតម្លៃ​លើសកម្ម​ភាព​​សំខាន់ៗ​ចំនួន​៥ រួមមាន ជលសាស្ត្រទន្លេ និងលំហូរនៅផ្នែកខាងក្រោមទន្លេ, ភូមិសណ្ឋានវិទ្យា និងកំណកកករ, គុណភាពទឹក, ជលផល អេកូឡូស៊ីក្នុងទឹក និងជីវសាស្ត្រចម្រុះ, ធនធានធម្មជាតិ, និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។

MRC បានបន្ថែមថា បើយោងតាមគោលការណ៍ទាំងនេះ ក្នុងអំឡុងពេលរៀបចំផែនការ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងដំណើរការរៀបចំប្លង់សាងសង់ អ្នកអភិវឌ្ឍន៍គម្រោងអាចចាត់វិធានការផ្សេងៗគ្នា ដើម្បីបង្កើនអត្ថប្រយោជន៍ និងជៀសវៀងផលប៉ះពាល់អវិជ្ជមាននានា ដូចជា ការជ្រើសរើសទីតាំងសាងសង់គម្រោងដែលសាកសមបំផុត ការអនុវត្តវិសាលភាពគម្រោងជំនួស ដូចជាទំនប់ទឹកទាប និងការប្រើប្រាស់ប្រភពថាមពលជំនួសជាដើម។

ក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ ដែលផលប៉ះពាល់មួយចំនួនមិនអាចកាត់បន្ថយបាន អ្នកអភិវឌ្ឍន៍គម្រោង ក៏មានជម្រើសផ្សេងទៀតក្នុងការកាត់បន្ថយផលប៉ះពាល់ផង​ដែរ។

នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោក​​បណ្ឌិត អាន ពេជ្រហត្ថដា មានប្រសាសន៍ក្នុង​សេចក្តីប្រកាសព័ត៌មាន​​ថា គោលការណ៍បច្ចេកទេស​ទាំងនេះ បាន​ផ្តល់នូវការ​ណែនាំក្នុងការគ្រប់គ្រង និងកាត់បន្ថយ​ហានិភ័យ សម្រាប់ការរៀបចំប្លង់សាង់សង់ និងប្រតិបត្តិការនៃហេដ្ឋារចនា​សម្ព័ន្ធគម្រោងទំនប់វារីអគ្គិសនី ដើម្បីជាជំនួយដល់ការរៀបចំផែនការ និងការគ្រប់គ្រងអាងទន្លេទាំងមូល ក៏ដូចជាតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍគម្រោងផងដែរ។

បើទោះជា​ឯកសារគោលការណ៍​ណែនាំថ្មីនេះ មានយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យជាក់លាក់ ដើម្បី​ដោះស្រាយ​ហានិភ័យផ្សេងៗគ្នាក៏ដោយ លោកបណ្ឌិត​ អាន ពេជ្រហត្ថដា បានលើកឡើង​ថា កិច្ចសហប្រតិបត្តិការនៅទូទាំងតំបន់លើការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី និងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យ គឺមានសារៈសំខាន់ណាស់ ដើម្បីការពារផល​​ប៉ះពាល់ដែលមានទ្រង់ទ្រាយធំ។

លោកថា៖ «ការកាត់បន្ថយហានិភ័យនៅកម្រិតអាងទន្លេ ទាមទារឲ្យមានផែនការជាប្រព័ន្ធរួមគ្នានៅកម្រិតតំបន់ ឬអាងទន្លេ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ រវាងប្រទេសជាសមាជិក និងដៃគូសន្ទនាដទៃទៀត។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ស្មើនឹងប្រតិបត្តិការបែបសម្របសម្រួលនៃបណ្តាញទំនប់ និងជម្រើសចែករំលែកអត្ថប្រយោជន៍ផ្សេងៗទៀត»។

ការ​បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមនៃអតីតគម្រោងទំនប់វារីអគ្គិសនីប្រកបដោយចីរភាព (ហៅ​កាត់ថា ISH)​របស់ MRC  គោលការណ៍ណែនាំទាំងនេះ បានឆ្លងកាត់ការប្រឹក្សាយោបល់នៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនជុំ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ភាគីពាក់ព័ន្ធនានា និងប្រទេសជាសមាជិករបស់ MRC រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ