ធនាគារពិភពលោក៖ អត្រាភាពក្រីក្រ​នៅ​កម្ពុជាទំនងជានឹងកើនឡើងវិញ​

ធនាគារពិភពលោក (រូបភាព៖ វេបសាយបរទេស)

ធនាគារពិភពលោកព្យាករថាភាពក្រីក្រនៅកម្ពុជាទំនងជា​កើនឡើងវិញ​ព្រោះ​កំណើនសេដ្ឋកិច្ចមាន​សភាព​មិនសូវល្អដោយសារ​តែការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។

ក្នុង​ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​សម្រាប់តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក ដែលចេញ​ដោយធនាគារពិភពលោកនៅថ្ងៃទី២៨ខែកញ្ញាម្សិលមិញ បាន​រកឃើញថាស្ថានភាព​សេដ្ឋកិច្ច​​នៅ​ក្នុង​តំបន់នេះ​កំពុងរងផលប៉ះពាល់ខ្លាំង ដែលបណ្ដាលឱ្យការបិទខ្ទប់​សេដ្ឋកិច្ចចំពោះការរីករាល​ដាលនៃមេរោគកូវីដ១៩។  

ក្នុងរបាយការណ៍នោះ ធនាគារពិភព​លោកក៏បានភ្ជាប់​ព្រឹត្តិប័ត្រសង្ខេបស្ដីពីស្ថាន​ភាពសេដ្ឋកិច្ច ដែលកំពុង​ត្រដាបត្រដួសចំពោះមុខការធ្លាក់ចុះ នៃវិស័យសំខាន់ៗ​របស់​​ក្បាលម៉ាស៊ីន​ជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជាជាពិសេស វិស័យសំណង់ទេសចរណ៍,​ និង​ការ​នាំចេញទំនិញ។ ស្ថាប័ននេះថា​វិស័យទាំងអស់នេះនៅ​តែបន្តទទួលរងការប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ដែល​បង្កឡើងដោយ​ការ​រាល​ដាលជំងឺកូវីដ១៩។

ធនាគារពិភពលោកកត់សម្គាល់ថា៖ «សេដ្ឋ​កិច្ច​នៅ​ក្នុង​ឆ្នាំ​២០២០​បាន​​ព្យាករ​ទុក​ថា​នឹង​មាន​កំណើន​អវិជ្ជមាន គឺ -២ភាគរយដែល​ជា​ការធ្លាក់ចុះ​យ៉ាង​គំហុក​​បំផុត​មិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុ​ប៉ះពាល់ធ្ងន់ធ្ងរទៅ​លើ​សុខុមាលភាពគ្រួសារនិងអាច​ធ្វើ​ឱ្យភាពក្រីក្រកើនឡើងទៀតផង»។

ធនាគារពិភពលោក បង្ហាញលទ្ធផលនៃការ​ស្ទង់​មតិ​មួយដែលខ្លួនធ្វើឡើង​កាល​ពី​ខែ​ឧសភា ឆ្នាំ២០២០ រកឃើញ​​ថា ក្នុង​ចំណោម​អ្នក​ផ្តល់​ចម្លើយ​៧០០នាក់​នៅ​តាម​គ្រួសារផ្សេងៗគ្នា មាន​១២ភាគរយបានឈប់ធ្វើការ ៨២ភាគរយនៃអាជីវកម្ម​គ្រួសារ​ដែលមិនប្រកបរបរកសិកម្ម​មានចំណូល​ធ្លាក់ចុះ​ដោយ​សារ​តែ​ជំងឺកូវីដ១៩។ ជាលទ្ធផល ៦គ្រួសារ ក្នុង​ចំណោម១០គ្រួសារបាន​ឱ្យដឹង​ថា​ពួកគេ​បាន​កាត់​បន្ថយ​​បរិ​មាណ​​នៃ​​ការ​ទទួល​ទាន​អាហារ​​ចំណីនិងចំណាយលើតម្រូវការ​ផ្សេងៗ។

ធនាគារពិភពលោក ក៏បានស្ទង់មតិចំពោះក្រុម​ហ៊ុនឯកជនដែរកាលពីខែមិថុនា ឆ្នាំ២០២០ ដោយរកឃើញថា​ក្រុមហ៊ុនទាំងនោះ​​កំពុង​ជួប​ការ​លំបាកផ្នែក​សេដ្ឋកិច្ច​។ ការ​ស្ទង់​មតិ​នោះ បាន​បង្ហាញថាក្នុង​ចំណោម​ក្រុម​ហ៊ុន​ ៥៣៧ ដែល​ផ្តល់​ចម្លើយ  មាន​១៨ភាគរយ​ដែល​បាន​បិទទ្វារ​បណ្តោះ​អាសន្ន​ជា​ស្ថាពរ​តែម្តង ដោយសារ​តែជំងឺកូវីដ១៩។

ធនាគារពិភពលោក បានលើកឡើងថា៖​ «ត្រង់​នេះ​បាន​ជះផលប៉ះទង្គិច​យ៉ាង​អាក្រក់ទៅលើ​សុខុ​មាល​ភាព ជា​ពិសេស​ទៅលើ​ជន​ក្រីក្រនិង​ក្រុម​ជនងាយរងគ្រោះបំផុតដែល​សឹងតែគ្មានមធ្យោបាយ​សម្រាប់​លៃលកចំពោះស្ថានភាពនេះបានទេ។ អត្រាភាពក្រីក្រ​នៅ​កម្ពុជាទំនងជានឹងកើនឡើងវិញ​ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​​មានសភាព​មិនសូវល្អបន្ថែម​​ដោយ​ការ​បាត់​បង់​ការ​ងារ ការធ្លាក់​ចុះ​ក្នុង​ចំណូ​ល​​គ្រួសារ និង​ការ​ឡើង​ថ្លៃទំនិញ​ស្បៀងអាហារ​ផង។»

ធនាគារពិភពលោក បន្ថែមទៀតថា ការ​ថម​ថយ​កាន់​តែ​ខ្លាំងនូវ​មូលធនមនុស្ស​ក្នុង​ស្រុកក៏​ជា​ហានិភ័យ​មួយ​ទៀត​ដែរដោយសារ​សកម្មភាពសិក្សា​និង​លទ្ធផល​នៃ​ការ​រៀនចេះ​ធ្លាក់​ចុះ​នៅ​ពេលដែលសាលារៀនត្រូវ​បាន​បិទទ្វារ។ ភាព​មិន​ប្រាកដប្រជា​នៅ​មាន​ច្រើនជុំវិញ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថាលោកទទួលស្គាល់ថា ជំងឺកូវីដ១៩នេះ បានបង្ករឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើគ្រប់​វិស័យ​នៅកម្ពុជា លើកលែង​តែវិស័យ​កសិកម្មមួយប៉ុណ្ណោះ។

លោកមាស សុខសេនសាន៖​«ជាទូទៅប៉ះទាំងអស់លើគ្រប់វិស័យ​ប៉ុន្តែលើក​លែង​តែ​វិស័យ​កសិកម្មមួយមានកំណើន ហើយវិស័យប៉ះធ្ងន់ជាងគេនឹងគឺវិស័យទេស​ចរណ៍។»

ទិន្នន័យដែល​ផ្ដល់​ដោយ​មន្ត្រី​ក្រសួង​ផែន​ការ​បង្ហាញ​ថា គិត​ត្រឹម​បំណាច់​ខែ​កញ្ញា គ្រួសារ​ប្រជាពលរដ្ឋក្រីក្រប្រមាណជាង២លាននាក់(ចំនួន ២.៦៨៥.៨៤៥នាក់) ឬស្មើ​៦សែននាក់​ឬស្មើនឹងជាង៦សែន​គ្រួ​សារ​( ៦៦៨.៦៨៣​គ្រួសារ) បាន​ទទួល​សាច់​ប្រាក់​ឧបត្ថម​ពីរាជរដ្ឋា​ភិបាល។

រដ្ឋមន្ត្រី​​ក្រសួង​ផែន​ការ លោក ឆាយ ថន មានប្រសាសន៍កាលពីថ្ងៃទី២៨ខែកញ្ញា​ថា ដោយ​សារ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ពិភពលោក រួម​នឹង​កម្ពុជា ត្រូវបាន​ធ្លាក់ចុះនិងប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ជា​ពិសេស​ប្រជាជន​ក្រីក្រ​តែម្តង។ នេះបើតាមការចុះផ្សាយរបស់កាសែតរស្មី​កម្ពុជា​ដែលចេញផ្សាយកាល​ពីថ្ងៃទី២៨ខែ​កញ្ញា។

អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសា​សន៍​ថា លោក​ឯកភាព​ចំពោះ ការអះអាងរបស់ធនាគារពិភពលោកដែលថា អត្រា​ក្រីក្រ​នៅកម្ពុជានឹងកើនឡើង។ ​លោកបញ្ជាក់ថា អ្នកប្រឈមធ្ងន់ធ្ងរជាងគេគឺក្រុមអ្នកបាត់បង់ការងារ និងអ្នកប្រកបរបរក្រៅ​ប្រព័ន្ធ ពិសេសអ្នករកស៊ីលើវិស័យទេសចរណ៍។

ប្រសាសន៍លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖«ជាទិដ្ឋភាពទូទៅបើយើងមើលទៅមិនមែនធ្លាក់តែពលរដ្ឋ​ទេ សូម្បីតែរដ្ឋហ្នឹងក៏ធ្លាក់ចំណូលដែរ ។ យើងគ្រាន់តែមើលភ្នែកទទេក៏ដឹងថាជីវភាពពលរដ្ឋ​កាន់តែយ៉ាប់ ពិសេសក្រុមអ្នករត់ម៉ូតូឌុប តុកៗឬអ្នកប្រកបរបរក្រៅប្រព័ន្ធជាដើម។ ជារួម​ខ្ញុំឯក​ភាពចំពោះការទស្សន៍ទាយរបស់ធនាគារពិភពលោក»។

នារីបម្រើខារ៉ាអូខេ ម្នាក់ឈ្មោះ សេង ស្រីលក្ខណ៍ ថ្លែងប្រាប់វីអូឌីតាមទូរស័ព្ទថា នាងគ្មាន​ការ​ងារធ្វើរយៈពេល៦ខែមកហើយ ដោយសារតែខារ៉ាអូខេដែលនាងធ្វើការ​បានបិទទ្វារ។ ​កញ្ញា​បញ្ជាក់ថា ជីវភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ខណៈដែលបំណុលរបស់នាងកាន់តែកើន​ឡើង។

សេង ស្រីលក្ខណ៍ ប្រាប់ថា៖«ពេលអត់ការងារធ្វើនេះ ចាយលុយអស់អត់អីហូបខ្ចីគេថែម អាលូវកាន់​តែវ័ណ្ឌកហើយ។ រស់មួយថ្ងៃគិតមួយថ្ងៃហើយពេលនេះ»។

យ៉ាងណាក៏ដោយធនាគារពិភពលោកបានអះអាងក្នុងរបាយការណ៍ថា សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​​កម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ​ហើយក្រោយ​​ពី​មាន​ការ​សម្រាល​លើ​វិធានការរក្សា​គម្លាត​សុវត្ថិភាពសង្គម ហើយ​តម្រូវការ​ក្នុងស្រុក​រួមមាន​ការធ្វើដំណើរ​និង​សកម្មភាព​ទេសចរណ៍​ក្នុង​ស្រុកផងកំពុង​តែងើបឡើងវិញ។

ធនាគារពិភពលោកផ្ដល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាចាំបាច់​ត្រូវ​​​សម្រួល​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក​និង​បរទេសដោយ​បង្កើន​តម្លៃ​បន្ថែម​ក្នុង​ស្រុកនិង​បង្កើត​​ការ​ងារ​ឱ្យ​បាន​ច្រើន​ថែម​ទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្ពុជា កាលពីឆ្នាំ២០១៩ ថ្លែងសុន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ដោយអះអាងថា ភាពក្រីក្រនៅកម្ពុជាកាលពីឆ្នាំ២០១៩ស្ថិតក្នុងរង្វង់១០%ដោយគិតបន្ទាត់ក្រីក្រត្រឹម៤ពាន់៨០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ