កូរ៉េខាង​ត្បូង គ្រោង​​ជួយ​​​ដល់​​កម្ពុជា​​​បង្កើត​មជ្ឈ​មណ្ឌល​កោសល្យ​វិច្ច័យ​បទឧក្រិដ្ឋគ្រប់ប្រភេទ

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ (រូបឆ្វេង) ក្នុងជំនួបជាមួយភាគីតំណាងរដ្ឋាភិបាលប្រទេសកូរ៉េនៅការិយាល័យស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ុលបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ (Facebook លោក ឡុង ឌីម៉ង់)

ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឱ្យដឹង​ថា ប្រទេសកូរ៉េខាងត្បូង នឹង​ជួយ​ដល់​​​កម្ពុជា លើ​គម្រោង​​បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង​កោសល្យវិច្ច័យបទឧក្រិដ្ឋគ្រប់ប្រភេទ​ ​តបតាមសំណើររបស់រដ្ឋាភិបាលកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាង​ត្បូង លោក ឡុង ឌឺម៉ង់ បាន​ប្រាប់វីអូឌី តាមតេឡេក្រាម (Telegram) នៅ​ថ្ងៃទី៣០ ខែកញ្ញានេះ​ថា គម្រោង​បង្កើត​​មជ្ឈមណ្ឌលស្រាវជ្រាវ និងកោសល្យវិច្ច័យបទឧក្រិដ្ឋគ្រប់ប្រភេទនេះ នឹង​​​ផ្តោតសំខាន់​លើការបណ្ដុះបណ្ដាលធ​នធានមនុស្ស ដើម្បីប្រឆាំង​នឹងបទឧក្រិដ្ឋកម្មផ្សេងៗ​នៅកម្ពុជា រាប់ទាំង​គ្រឿងញៀន ភេរវកម្ម អ៊ីនធឺណេត និង​លាងលុយកខ្វក់ ជាដើម។

លោកបន្តថា ភាគីកូរ៉េខាងត្បូង នឹងជួយកម្ពុជាលើផ្នែកបច្ចេកទេស និងផ្តល់កម្ចីហិរញ្ញប្បទានស​ម្រាប់ការសាងសង់អគារមជ្ឈមណ្ឌល នៅពេលណាដែលមានសំណើរជាផ្លូវការពីរដ្ឋាភិបាលកម្ពុជា។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា៖ «ពេលនោះយើង​នឹងអនុវត្តនិតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីកូរ៉េ ដើម្បីយើង​ធ្វើការសា​ងសង់ ហើយកូរ៉េគេនឹងជួយក្នុងការបណ្តុះបណ្តាល​ទៅដល់ចៅក្រម ទៅដល់ព្រះរាជអាជ្ញា ​ទៅដល់សមត្ថកិច្ចប៉ូលីស ប៉េអ៊ឹម[កងរាជអាវុធហត្ថ​]»

មន្រ្តីការទូតរូប​នេះ បញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលនេះ ក៏នឹងដើរតួនាទីសំខាន់ក្នុងការសិក្សា ស្រាវជ្រាវ និងវិភាគលើវត្ថុសំ​ណាកជី​វ​សាស្រ្ត ដូចជា DNA និងមេរោគឆ្លងដូចជាកូវីដ១៩។

VOD មិនអាចសុំការបញ្ជាក់បន្ថែមទាក់ទងនឹងគម្រោងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ ដោយមន្រ្តីទាំងពីររូប​ មិនទាន់ទទួលបានរបាយការណ៍​ព័ត៌មាននៅឡើយ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងថា បច្ចុប្បន្នសមត្ថកិច្ចកម្ពុជាមានសមត្ថភាព​ក្នុងការស្រាវជ្រាវលើបទឧក្រិដ្ឋ ប៉ុន្តែខ្វះខាតសម្ភារៈទំនើប​ៗ​សម្រាប់បម្រើលើកិច្ចការនេះ។

លោកបានថ្លែង​ថា៖ «សម្រាប់សមត្ថិភាព គឺពូកែគ្រាន់តែ​អត់ឧបករណ៍​ អត់មន្ទីរពិសោធន៍តែប៉ុណ្ណឹង​ទេ។ មានហើយតែវាមិនគ្រប់គ្រាន់ ហើយទំនើបដូចប្រទេសគេ»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន​ ជ័យ គាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលដែល​មាន​​​ប្រតិបត្តិការជាមួយប្រទេសប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង ខណៈដែលប្រទេស​នេះ​ មានការអនុវត្តការបង្ក្រាបបទល្មើសឧក្រិដ្ឋធំៗ​ដោយតម្លាភាព។

លោកបន្ថែមថា បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជា ខ្វះខាតសម្ភារបច្ចេកទេសទំនើប ខណៈ​ជំនាញធ្វើកោសល្យវិច្ច័យស្រាវជ្រាវលើបទឧក្រិ​ដ្ឋមួយចំនួននៅមានកម្រិត និងមិនបានគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យការពិតមិនត្រូវបានលាតត្រដាង ជាពិសេស បទល្មើសកើតឡើងនៅតាមទីជនបទ។

លោក សន ជ័យ មានប្រសាសន៍ថា៖ «ខ្ញុំឃើញករណីខ្លះទៅជាពិសេសអំពើឃាតកម្មនៅឯមូលដ្ឋាន ហាក់បីដូចជាមានការធ្វើកោសល្យវិច្ច័យក្នុងកម្រិតទាប ហើយករណីខ្លះត្រូវបានគេមើលឃើញថា ជាចំណុចចន្លោះប្រហោងដ៏ធំមួយក្នុងការបង្ហាញនូវការពិត»៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ