អ្នក​សារព័ត៌មាន​បួន​នាក់​រង​ការ​វាយ​ប្រហារ​ក្រោយ​រាយការណ៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​ត្បូងឃ្មុំ

អ្នករាយការណ៍​ព័ត៌មាន​តាម​អនឡាញ ៤​នាក់​ បាន​រង​ការ​វាយ​ប្រហារ​​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ស្រុក​មេមត់​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃចន្ទ ទី២៩ ២០២០ (រូបភាពពីជនរងគ្រោះ)

អ្នករាយការណ៍​ព័ត៌មាន​តាម​អនឡាញ ៤​នាក់​ បាន​រង​ការ​វាយ​ប្រហារ​​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ស្រុក​មេមត់​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃចន្ទ​កន្លង​មក​នេះ​ ក្រោយ​ពី​ពួកគេ​រាយការណ៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

លោក មួក សារ៉ែន ដែល​ជា​និពន្ធ​នាយក​រង​នៃ​សារព័ត៌មាន​អនឡាញ​ចក្រភព​ព័ត៌មាន បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក និង​អ្នកសារព័ត៌មាន​ ៣​រូប​ទៀត បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​មនុស្ស​​មួយ​ក្រុម​នៅ​ម៉ោង ១២​កន្លះ​យប់​ឈាន​ចូល​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អំឡុង​ពេល​ពួក​លោក​ឈប់​សម្រាក​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧ ស្ថិត​ម្ដុំ​ច្រកបឹង​ជ្រោង​នៅ​ក្នុង​​ភូមិ​ដូងទី​២ ​ឃុំ​ត្រមូង ក្នុង​ស្រុក​មេមត់។

លោក សារ៉ែន ប្រាប់​ថា លោក​បាន​រង​របួស​ត្រង់​ជើង ហើយ​អ្នកសារព័ត៌មាន​មួយ​រូប​ទៀត បាន​រង​របួសត្រង់​ផ្នែក​ខាង​​ក្រោម​នៃ​ឆ្អឺង​ជំនី​ ក្រោយ​ពីរង​ការ​វាយ​ប្រហារ​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​ដែល​លោក​ថា បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ស៊ាំងយ៉ុង​មក​បាំង​មុខ​រថយន្ត​របស់​លោក។

អ្នកសារព័ត៌មាន​រូប​នេះ ប្រាប់​ថា លោក​មិន​ស្គាល់​អត្ត​សញ្ញាណ​ក្រុម​មនុស្ស​ទាំង​នោះ​ទេ ប៉ុន្តែ បាន​សង្ស័យ​ថា ពួកគេ​ជា​ក្រុម​ឈ្នួញ​រក​ស៊ី​ឈើ ដែល​លោក​បាន​រាយការណ៍​ពី​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក។

លោក មួក សារ៉ែន ប្រាប់​ថា​៖ «សង្ស័យមួយក្រុមហ្នឹងហើយដែលគុំគួន ព្រោះក្រុមហ្នឹងបានបោះពាក្យសម្ដី មក​ក្រុម​​សារព័ត៌មានយើងថា បងឯងប្ដឹងចាប់ឡានខ្ញុំហ្នឹង អត់អីទេយកចុះ បួន​ប្រាំរយ ហើយវាគំរាមថា ឡានលោកឯងនឹងលើសខ្ញុំរាប់រយដង»។

ក្រៅ​ពី​លោក រេន សំណាង ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​អនឡាញ​ភ្នែក​ម្នាស់ លោក សារ៉ែន ប្រាប់​ថា លោក​មិន​ស្គាល់​អ្នក​សារព័ត៌មាណ២​រូប​ទៀត​ដែល​ស្ថិត​ក្នុង​ដំណើរ​ជាមួយ​គ្នា​នោះ​ឡើយ។

លោក រេន សំណាង បាន​ប្រាប់​ថា រូប​លោក និង​អ្នករាយការណ៍​ព័ត៌មាន​មក​ពី ៥​អង្គភាព បាន​​រាយការណ៍ទៅ​សមត្ថកិច្ច​អំពី​រថយន្ត​មួយ​គ្រឿង​ដឹក​ជញ្ជូន​ឈើ បន្ទាប់​ពី​ឃើញ​រថយន្ត​នោះ​​ដូរ​សំបក​កង់​នៅ​ស្ថានីយ៍​ចំណត​រថយន្ត​ផ្សារ​មេមត់។

លោក សំណាង ប្រាប់​បន្ត​ថា រថយន្ត​ដឹក​ជញ្ជូន​​ឈើ​នោះ ត្រូវ​បាន​កង​កម្លាំង​អាវុធ​ហត្ថ​​ស្រុក​មេមត់​បង្ក្រាប​កាល​ពៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ប៉ុន្តែ លោក​ថា ម្ចាស់​រថយន្តបាន​គេច​ចេញ​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ដើរ​មក​ថត​ស្លាក​លេខ​រថយន្ត​របស់​ក្រុម​អ្នកសារព័ត៌មាន។

លោក រេន សំណាង ប្រាប់​ថា​៖ «គាត់​[ម្ចាស់​រថយន្ត]កត់​ស្លាក​លេខ​ឡាន ហើយ​គាត់​បោះ​ពាក្យ​សម្ដី​ថា មិន​ឲ្យ​លើស​ពី​មួយ​អាទិត្យ​ទេ គាត់​នឹង​ធ្វើ​សកម្មភាព​ហើយ»

លោក សារ៉ែន បាន​ឲ្យ​ដឹងថា ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​បែប​នេះ ពួក​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​មេមត់​រួច​ហើយ ដើម្បី​ឲ្យ​ជួយ​ស្រាវ​ជ្រាវ​ករណីនេះ។

អធិការនគរបាល​ស្រុក​មេមត់ លោក ហុង គឹមហឿន បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ដំណើរ​ស៊ើប​អង្កេត​ករណី​នេះ​ទៅ​តាម​បណ្ដឹង​របស់​ក្រុម​អ្នកសារព័ត៌មាន។

លោក ហុង គឹមហឿន ប្រាប់​ថា៖ «សួរខ្ញុំក៏ខ្ញុំអត់ត្រូវប្រាប់ដែរ តែខ្ញុំបំពេញនីតិវិធីហើយ ព្រោះកិច្ចការកសាងសំណុំរឿងបទល្មើសព្រហ្មទណ្ឌមិនអាចដើរនិយាយបានទេ! ខ្ញុំនិយាយប៉ុណ្ណេះ! តែដំណើរការនីតិវិធីកំពុងតែបន្តបាទ!»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក  មាស សុភ័ណ្ឌ បានប្រាប់វីអូឌីថា ក្រសួងព័ត៌មានបាន​ដឹង​ពី​ករណី​វាយ​ប្រហារ​លើ​ក្រុម​អ្នកសារព័ត៌មាន​នេះ​ហើយ ហើយ​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ។

លោក មាស សុភ័ណ្ឌ និយាយថា៖ «អ៊ីចឹងក្រសួងក៏កំពុងពិនិត្យមើល​រឿងហ្នឹងទៅតាមសមត្ថកិច្ចជាមួយសមត្ថកិច្ចក្រសួង សមត្ថកិច្ចដែលកំពុងធ្វើកិច្ចការហ្នឹងដែរ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ (ខេមបូចា) លោក ណុប វី បានឱ្យដឹងថា ការវាយដុំ និងការ​ធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន គឺជាសារមួយគំរាមកំហែងដល់បងប្អូនសារព័ត៌មាន​ក្នុងការលើកកម្ពស់នូវតម្លាភាពព័ត៌មាន ព្រមទាំងប្រឆាំងនូវបទល្មើសផ្សេងទៀត។

លោក ណុប វី និយាយថា៖ «នៅពេលដែលមានការវាយដំបង្ក​អោយមានរបួសស្នាមធ្ងន់ធ្ងរនេះ គឺវាធ្វើអោយមានការភ័យខ្លាចដល់បងប្អូនអ្នកសារព័ត៌មាន មួយទៀតពិសេសគឺបងប្អូនអ្នកសារព័ត៌មានដែល គាត់ហ៊ាននៅក្នុងការចេញមុខធ្វើសេចក្ដីរាយការណ៍ ឬក៏ថតរូបភាព សរសេរព័ត៌មានចំពោះករណីបទល្មើសព្រៃឈើផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គមយើងហ្នឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ