សមត្ថកិច្ចរាជធានី​ភ្នំពេញ ចាប់ខ្លួន​ជនសង្ស័យ​​ម្នាក់​បន្លំ​ខ្លួន​ជា​​មន្ត្រី​នគរ​បាល​​ជាតិ

បុរសជនសង្ស័យ ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិ ឈ្មោះ ប៉ាង កាក់ទិការ រួមនិងវត្ថុតាង។ រូបថតពី​ហ្វេស​ប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន​​​​​ជនសង្ស័យ​ម្នាក់ ដែលក្លែងបន្លំជាមន្ត្រីនគរ​បាល​ជាតិ ពាក់​ស័ក្តិ៥ និងបានបញ្ជូនសំណុំរឿង​​ទៅសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃ​ពុធ​នេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឱ្យដឹង​ក្នុងទំព័រ​ហ្វេស​ប៊ុកនៅថ្ងៃទី៣០ ខែកញ្ញា​​នេះ​ថា បុរស​​ជនសង្ស័យ ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិនោះ មានឈ្មោះ​ ប៉ាង​ កាក់ទិការ​ និង​ដាក់ឈ្មោះលើឯកសណ្ឋាននគរបាលថា​ សម្បត្តិ​ សកក្កដា​​ អាយុ​២១ឆ្នាំ​ ជនជាតិខ្មែរ ត្រូវបាន​​សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាន ធ្វេី​ការ​ឃាត់ខ្លួននៅ​​សង្កាត់​​ទឹកល្អក់២​ ខណ្ឌទួលគោក។

ស្នងការដ្ឋាន បន្តថា សមត្ថកិច្ច​ជំនាញ​បាន​រៀបចំ​ឯកសារ​បញ្ជូន​ខ្លួន​ជនសង្ស័យ​​រូបនេះ ទៅតុលាការ​នៅថ្ងៃនេះ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ដោយចោទប្រកាន់ពីបទ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍​ សម្រាប់អាជ្ញាធរសាធារណ:​ (ស្លៀកសម្លៀក​បំពាក់​ឯកសណ្ឋាននគរបាលជាតិ​ និងកងរាជអាវុធហត្ថ​ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ​ តាំងពីឆ្នាំ២០១៩​ រហូតដល់បច្ចុប្បន្ន​។

ស្នងការដ្ឋាន បានបន្ថែមថា ក្រៅពីការបន្លំខ្លួនធ្វើជា​មន្ត្រីនគរបាល​ជាតិ ជនសង្ស័យរូប​នេះ ក៏​បាន​លួច​​បង្កេីតគណនី​ហ្វេសបុកក្លែងក្លាយរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ផងដែរ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វត្ថុតាងដែលសមត្ថកិច្ចបានរឹបអូសបានរួមមាន​ ​វិទ្យុទាក់ទង​​​ចំនួន ០៥ គ្រឿង, ទូរសព្ទ័ដៃ ០១គ្រឿង, ខ្នោះដៃ ចំនួន ០៣គូ, អាវឈុតមន្ត្រីនគរបាល មានដាក់​​​ឈ្មោះ វ.ទោ សម្បត្តិ សកក្កដា ចំនួន ៣កំផ្លេ និង​អាវ​មន្ត្រីនគរបាល​មួយចំនួន​ទៀត, អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន ០១​ដើម, ដាវដែកមានស្រោម ចំនួន ០១ដើម, សក្តិថ្នាក់​​វរសនីយ៍ទោ ចំនួន ០១​គូ និងថ្នាក់វរសនីយ៍ឯក ចំនួន ០១គូ រួមនិងសម្ភារៈមួយចំនួន​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ