មនុស្ស៤នាក់ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យមួយនៅខេត្តកំពង់ឆ្នាំង ត្រូវកងរាជអាវុធហត្ថខេត្តនេះចាប់ខ្លួន ក្រោយពួកគេរឹបអូសយកម៉ូតូមួយគ្រឿងពីកូនបំណុល បន្ទាប់ពីខកខានសងប្រាក់អស់រយៈពេល៣ខែចុងក្រោយតាមកិច្ចសន្យាបង់រំលស់។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក សាក់ សារ៉ាង ឱ្យដឹងថា មន្ត្រីក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ៤រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ នៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី។
មេបញ្ជាការរូបនេះ បញ្ជាក់ថា មូលហេតុនៃការចាប់ខ្លួន គឺដោយសារបុរសទាំង៤នាក់នោះ បានចូលទៅគាស់សោរម៉ូតូដែលចាក់ច្រវាក់របស់កូនបំណុលដែលទុកនៅក្នុងផ្ទះ ដោយមិនបានសហការជាមួយសមត្ថកិច្ចនិងតុលាការ។ លោកថា ទង្វើនេះជាបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
លោក សាក់ សារ៉ាង ប្រាប់ថា៖ «ដោយសារពួកគាត់ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃហ្នឹង អ៊ីចឹងដោយសារមានការបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា អ៊ីចឹងកម្លាំងយើងធ្វើតាមនីតិវិធី កសាងសំណុំរឿងនេះទៅឯកឧត្តមព្រះរាជអាជ្ញា»។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានប្រាប់វីអូឌីនៅថ្ងៃនេះថា មន្ត្រីក្រុមហ៊ុនទាំង៤រូបនោះ កំពុងស្ថិតនៅក្រោមការសាកសួរនៅតុលាការនៅឡើយ។
តំណាងក្រុមហ៊ុនដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្រុមហ៊ុនកំពុងប្រមូលព័ត៌មានជុំវិញករណីនេះ ហើយនឹងចេញសេចក្ដីបកស្រាយបំភ្លឺនាពេលក្រោយ។
លោកនាយករដ្ឋមន្ត្រីធ្លាប់អំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារដែលរកស៊ីចងការប្រាក់ ឱ្យមានការយោគយល់ មិនត្រូវរឹបអូសទ្រព្យសម្បត្តិពីកូនបំណុលអំឡុងមានវិបត្តិកូវីដ១៩នេះទេ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមអង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមលើកឡើងថា វិបត្តិកូវីដ១៩បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនម៉ឺននាក់ ជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាច្រើនជាង ២លាន ៥សែននាក់ ជាប់ជំពាក់កម្ចីខ្នាតតូចជាមួយនឹងអត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក។
ក្រុមសង្គមស៊ីវិលលើកឡើងថា វិបត្តិសុខភាពនេះធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យ៕