រដ្ឋា​ភិបាល​​បន្ត​​លើក​លែង​​ពន្ធ​​ដល់​​វិស័យ​​ចំនួន​២​ក្នុង​រយៈ​៣​ខែ​​បន្ថែម​​ទៀត​

ទិដ្ឋភាពនៅខាងមុខរោងចក្រ​ផលិត​ស្បែកជើង គុន ដា ហ្វូ​តវែរ (KUN DA Footwear Co​,. Ltd​) ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ផ្អាក​ការ​បង់ពន្ធ​ប្រចាំខែ​ចំពោះ​វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ និង​ជួយ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោម​ហេតុផល​ដើម្បី​ជួយ​ជំរុញនិង​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​វិបត្តិ​កូ​វីដ១៩។ 

សេចក្តី​ប្រកា​សព័​ត៌​មាន​ស្តី​ពី​វិធានការ​បន្ថែម​ដើម្បី​បន្ត​ការគ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជាក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​បន្ត​​ផ្អាក​ការ​បង់ពន្ធ​អប្ប​បរមា​ចំពោះ​វិស័យ​អាកាសចរណ៍ វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ និង​ទីភ្នាក់ងារ​ទេសចរណ៍ ក្នុងរយៈពេល៣ខែ​បន្ថែម​ទៀត។

ក្នុង​នោះ ​រដ្ឋាភិបាល​ក៏បាន​ស្តារ​វិស័យ​កាត់ដេរ​វាយនភណ្ឌ ដោយ​ផ្ដល់​ប្រាក់ឧបត្ថម្ភ៤០ដុល្លារនិង៣០ដុល្លារ​បន្ថែម​ទៀត​ពី​រោងចក្រ​ចំនួន៣ខែ​បន្ថែម​ទៀត។

សេចក្តី​ប្រកា​សព័​ត៌​មានបាន​និយាយ​ថា ការ​លើក​លែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ដែល​មាន​សកម្មភាព​អាជីវកម្មនៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប, ខេត្ត​ព្រះសីហនុ​, ខេត្ត​កែប​, ខេត្តកំពត​, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត រយៈពេល៣ខែ​ដល់​ចុងឆ្នាំ២០២០នេះ បន្ថែម​ពីលើប្រាក់៤០ដុល្លារ​ផ្តល់​ជូន​ដល់​និយោ​ជិ​តបម្រើការ​ងារលើ​វិស័យ​ទេសចរណ៍​នេះ​ផ្ទាល់ និង​ពន្ធ​អប្បបរមា​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ចំនួន២ខែ ​រហូតដល់​ខែធ្នូឆ្នាំនេះ។

រដ្ឋាភិបាល​បាន​និយាយ​ក្នុង​សេចក្តី​ប្រកា​សព័​ត៌មាន ថ្ងៃទី៣០ ខែកញ្ញា​នេះ​ថា រដ្ឋាភិបាល​នឹង​បន្ត​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ១៩ ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្នុង​ក្របខណ្ឌ​តំបន់និង​សកលលោក ដើម្បី​ពិនិត្យនិង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩មក​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ទិសដៅ​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​វិធានការ​ចាំបាច់​ដែល​បាន​ដាក់ចេញនិង​វិធានការ​សេដ្ឋ​កិ​ច្ច​ថ្មី​ៗបន្ថែម​ទៀត។

សូមជម្រាប​ថា រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បាន​ឱ្យដឹង​ថា វិស័យ​ទេសចរណ៍និង​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ​បាន​លើកលែង​ការ​បង់ពន្ធ​ចំនួន២ខែ គិត​ចាប់ពី​ខែមិថុនា ដល់​ខែកក្កដា ឆ្នាំ២០២០​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ