រដ្ឋា​ភិបាល​​បន្ត​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៣​ខែ​​ទៀត​​ដល់​​កម្មករ​​វិស័យ​​កាត់​ដេរ​និង​​ទេស​ចរណ៍​ ខណៈ​​ជំងឺ​​កូ​វី​ដ​មិន​​ទាន់​​បញ្ចប់​

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុ​ន សិរីវឌ្ឍន៍)

​រដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភរ​យៈ​ពេល៣ខែ​ទៀត ​ទៅដល់​បុគ្គលិក​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​កម្មករ​វិស័យ​ទេសចរណ៍ ក្រោយ​ពិនិត្យ​ឃើញថា វិស័យ​ទាំងនេះ​នៅ​បន្ត​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី១៩។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី៣០ ខែកញ្ញា រដ្ឋាភិបាល​បាន​លើកឡើង​ថា វិស័យ​សំ​ខាន់​ៗមួយចំនួនដូចជា វិស័យ​វាយនភណ្ឌ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ជាដើម នៅតែ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ដែល​បាន​ធ្វើឱ្យពលរដ្ឋនិង​កម្មករ​ដែល​ទទួល​បានផល​ពី​វិស័យ​ទាំងនេះ​ក៏​ប៉ះពាល់​ផង​ដែរ។

រដ្ឋាភិបាល​បញ្ជាក់​ថា ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​វាយនភណ្ឌ​កាត់ដេរនិង​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ប្រាក់ឧបត្ថម្ភ​៤០ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​ម្នាក់​នៃ​វិស័យ​ទាំងពីរ​នេះ​រយៈពេល៣ខែ​ទៀត រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ២០២០ ហើយ​ថៅកែ​ទទួលបន្ទុក​ចេញ៣០ដុល្លារ ពោល​គឺ​បុគ្គលិក​កម្មករ​ទទួល​បាន៧០ដុល្លារ​ក្នុង​មួយ​ខែ​អំឡុង​ពេល​ដែល​ពួក​គេ​ព្យួរការងារ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល រដ្ឋាភិបាល​ក៏​បន្ត​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​ចុះបញ្ជី​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​សម្រាប់​រយៈពេល៣ខែ​ទៀតផង​ដែរ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​សាទរ​ចំពោះ​យន្តការ​របស់​រដ្ឋាភិបាល​ដែល​សម្រេច​បន្ត​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភដល់​កម្មករ​ដែល​ព្យួរការងារ៣ខែ​ទៀត​នេះ ប៉ុន្តែលោក​ក៏​សុំ​ឱ្យរដ្ឋាភិបាល​ពិចារណា​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភនេះ​ទៅដល់​កម្មករ​ក្នុង​វិ​ស័យ​ផ្សេង​ៗទៀត​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយសារ​ជំងឺ​កូ​វី​ដនោះ​ដែរ។

លោក អាត់ ធន់ ប្រាប់​ថា៖ «ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ គឺទី១ ត្រូវ​ធ្វើ​បច្ចុប្បន្នភាពឬបញ្ជី​ឱ្យបាន​ច្បាស់លាស់​ចំពោះ​អ្នក​អត់​ការងារ​ធ្វើឬក៏​ព្យួរការងារ​នៃ​វិស័យ​ទាំងពីរ​ហ្នឹង និង​ទី២ គួរ​តែ​ពង្រីកកា​រផ្តល់​ប្រា​ក់ឧ​ត្ថ​ម្ភនេះ​ទៅ​វិស័យ​ផ្សេងទៀត​ដែល​គាត់​រងគ្រោះ​ដែរ។ ហើយ​ទី៣ ត្រូវ​បង្កើត​ការងារឬឱកាស​ផ្សេង​ ព្រោះ​លុយ​នេះវា​តិចតួច​ពេក​ ដែល​វា​មិន​អាច​ធានា​ការរស់នៅ​សមរម្យ​បាន។ យកល្អ! ​រដ្ឋាភិបាល​គួរ​បន្ថែម​ឱ្យច្រើនជាង​នេះ​ក៏​ល្អ​ដែរ»។

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ព្រ​ហស​្បតិ៍នេះ​ថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា​កន្លងមក​នេះ រដ្ឋាភិបាល​ផ្ដល់​ប្រាក់១៩លាន​ដុល្លារ​ទៅដល់​បុគ្គលិកនិង​កម្មករ​ដល់ទៅ​ជាង២៨ម៉ឺន​(២៨២ ៧៩៥​)នាក់ ដែល​ត្រូវ​បាន​ព្យួរការងារ​នៅក្នុង​វិស័យ​កាត់ដេរ។

តួលេខ​របស់ក្រ​សួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី១ ខែតុលា​នេះ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ៣១លើក​រួចមក​ហើយ​ទៅដល់​បុគ្គលិកនិង​កម្មករ​ចំនួន​ជាង​៤៦ម៉ឺន​(៤៦៦ ០៨០​)នាក់ ដែល​ត្រូវ​បាន​ព្យួរការងារ​តាម​រោងចក្រ​ សហគ្រាស ឬក្រុមហ៊ុនចំនួន ១ ៦៥៥ នៅក្នុង​វិស័យ​កាត់ដេរនិង​ទេសចរណ៍។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ី​វលី​ន បាន​ឱ្យដឹង​ថា វិស័យ​ទេសចរណ៍បាន​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ក្រោយពី​ការ​ផ្ទុះឡើងនិង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​នាំឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ។

អ្នកស្រី ឆាយ ស៊ី​វលីន បន្ថែម​ថា បញ្ហា​នេះ​បាន​ធ្វើឱ្យកម្មករ​ក្នុង​វិស័យ​ទេសចរណ៍​គ្មាន​ការងារនិង​គ្មាន​ថវិកា​ស​ម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ថៅកែ​ក៏​មាន​បញ្ហា​សេដ្ឋកិច្ច។

អ្នកស្រី ឆាយ ស៊ី​វលី​ន ប្រាប់​ថា៖ «រដ្ឋាភិបាល​ត្រូវ​បន្ថែម​លើស​ពី៤០ដុល្លារ​ ទើប​អ្នកជំនាញ​ទេសចរណ៍​អាច​រស់​បាន ហើយ​ការ​ទម្លាក់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជាង​ឯកជន​មក​ឱ្យម្ចាស់​សហគ្រាស​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ គួរតែ​ធ្វើឱ្យបាន​ឆាប់ ព្រោះ​យើង​ជា​ម្ចាស់​សហគ្រាស​ត្រូវការ​ទុន​យក​មក​បង្វិល និង​ជួយ​លើកលែង​ពន្ធ​នានាដោយសារ​យើង​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ