វិភាគ៖ ពលរដ្ឋមិនសូវមានប្រតិកម្មដើម្បីការពារផលប្រយោជន៍រួម​

អ្នក​តវ៉ា​ម្នាក់​មក​ពី​សហគមន៍​ស្វាយចេក​ថ្មី ក្នុង​សង្កាត់​គោ​ករ​ការ​ លើក​បដាមួយ បង្ហាញ​ខ្លឹមសារ​ស្នើ​សុំឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ពួក​គេកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ ផ្តល់​ឲ្យ​ដោយ​សហគមន៍​ស្វាយចេក​ថ្មី​)

ប្រជាពលរដ្ឋសាមញ្ញ កម្មករនិយោជិត ឧកញ៉ា និងអ្នកមានអំណាចជាដើម ចេញមុខតវ៉ាប្រឆាំងរឿងរ៉ាវអ្វីមួយភាគច្រើនគឺជារឿងដែលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ ដែលជាការទាមទារផលប្រយោជន៍ដាច់ដោយដុំៗទៅតាមក្រុមឬបុគ្គលដែលប៉ះពាល់។

ទាំងនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានា ការតវ៉ាដែលលេចធ្លោជាងគេគឺរឿងវិវាទដីធ្លី។  ពលរដ្ឋដែលមានជម្លោះដីធ្លីតែងតវ៉ាដោយចោទថា ក្រុមហ៊ុន ឬអ្នកមានអំណាចបានបំពានច្បាប់ដណ្តើមយកដីជាកម្មសិទ្ធិរបស់ពួកគាត់។​

ការតវ៉ារឿងដីធ្លីមានឈានដល់ការបិទផ្លូវ មានអំពើហិង្សាដល់ស្លាប់ មានចាប់ខ្លួន ហើយរឿងខ្លះក៏ដោះស្រាយបានក្រោយតវ៉ា ហើយរឿងខ្លះក៏នៅតែគ្មានដំណោះស្រាយទោះតវ៉ាជាង១០ឆ្នាំហើយក៏ដោយ។​

ក្រៅពីជម្លោះដីធ្លីគឺកម្មកររោងចក្រ សកម្មជនបរិស្ថានក៏ធ្វើសកម្មភាពតវ៉ាជាបន្តបន្ទាប់ដែរគឺទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។​

ការតវ៉ាស្វែងដោយមិនសុខចិត្តរឿងអ្វីមួយ​មិនមែនសុទ្ធតែពលរដ្ឋសាមញ្ញ ឬអ្នកមានជីវភាពក្រីក្រនោះទេគឺក្រុមអ្នកមានទ្រព្យសម្ប​​ត្តិ និង មានអំណាចក៏ធ្លាប់តវ៉ាក្រៅប្រព័ន្ធតុលាការដើម្បីស្វែងរកយុត្តិធម៌ដែរ។​

កាលពី​ខែឧសភា ​ឆ្នាំ២០១៧ លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលមានឋានៈជា ឧត្តមមន្ត្រីក៏​ធ្លាប់​បាន​ធ្វើ​លិខិត​រក​កិច្ច​អន្តរាគមន៍​ដែរ​ ដោយ​ចោទ​ថា លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កៀបសង្កត់និង​រំលោភ​យក​ដី​ក្រុម​គ្រួសារ​របស់​លោក។ លិខិតនោះលោកបាន​ផ្ញើ​ទៅ ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

លិខិត​លោក ហ៊ុន សាន៖ «សូម​សម្តេច​ជួយ​ណែនាំ​ឯកឧត្តម ម៉ក់ ជី​តូ ដែល​តែងតែ​ការពារ​ជនល្មើស​រំលោភ​យក​ដី​របស់ខ្ញុំនិង​កូន​ខ្ញុំ ធ្វើ​ឱ្យ​បាត់បង់​ភាព​កក់ក្តៅ ធ្លាក់ចុះ​ប្រជាប្រិយ​ភាព បែកបាក់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្សប្រជាជន ពិសេស​ក្រុម​គ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស»។

 កាលពីដើម​ឆ្នាំ២០១៩ ភរិយា​លោកឧកញ៉ា ថោង សារ៉ា​ត់ ​អ្នកស្រី ទាវ ធីតា បាន​នាំគ្នា​ជា​ក្រុម​ទៅ​ទ្រហោ​យំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​រិះគន់​បរិហារ​ប្រធាន​តុលាការនិង​មន្ត្រី​ពាក់ព័ន្ធ​ថា ប្រើ​ល្បិច​ចាប់​ស្វាមី​របស់​អ្នកស្រី​ទាំង​មិន​មាន​កំហុស។ អ្នកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​លោក ​ហ៊ុន សែន ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី។

អ្នកស្រី​ ទាវ ធីតា៖ «ប្តី​ខ្ញុំ​មិនបាន​ដឹង​អីទាំងអស់ អយុត្តិធម៌​ណាស់។ សម្តេច ​ហ៊ុន សែន ត្រូវតែ​ធ្វើ​រឿង​នេះ​ឱ្យ​មាន​យុត្តិធម៌​ឡើងវិញ មិន​អ៊ីចឹង​ទេ! ​ប្រទេសជាតិ​ក្តៅក្រហាយ​ណាស់ ​មិន​អាច​មាន​អ្នកណា​ជ្រកកោន​បានទេ។ កុំឱ្យ​គេ​ចោទ​ខ្លាំង​ជាង​ហ្នឹងទៀត។ ប្តី​ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស ភស្តុតាង​ក៏​មាន​ ស្អី​ក៏​មាន។ ហេតុ​អី​? ហេតុ​ក៏​ធ្វើបែប​នេះ​?»

ថ្មីៗនេះ ​ប្រជាពលរដ្ឋ​មួយចំនួនដែល​ជា​អ្នកមាន​ជីវភាព​ធូរធារ រស់នៅ​ក្នុង​ទី​ក្រុ​ងរ​ណបហ្គ្រេ​នភ្នំ​ពេញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពួក​គេ​បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​អាវុធ បន្ទាប់ពី​បាន​ធ្វើសកម្មភាព​តវ៉ាកុំឱ្យ​មានការ​លុប​ស្រះទឹក​ក្នុង​តំបន់​នោះ។

ទាំងនេះបង្ហាញថា ប្រតិកម្មឬការទាមទាររបស់ពលរដ្ឋមិនបានធ្វើឡើងដើម្បីការពារសិទ្ធិ ឬ ដើម្បីផលប្រយោជន៍រួមគ្នានោះទេគឺទាល់តែប៉ះចំពួកគេផ្ទាល់ បើទោះជានៅក្នុង រដ្ឋធម្មនុញ្ញឬច្បាប់នានាបានផ្តល់សិទ្ធិឱ្យពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេសជ្រើសរើសតំណាង ហើយតាមដានតំណាងក្នុងការបំពេញការងារក៏ដោយ។​

ការអនុវត្តវិធានការ ឬ ច្បាប់បានជោគជ័យគឺមិនអាចខ្វះការចូលរួមពីប្រជាពលរដ្ឋឬ សាធារណជនបានទេ។ ប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែអំពាវនាវឱ្យសាធារណជនចូលរួមក្នុងការអនុវត្តច្បាប់ឬវិធានការនានាដូចជា ករណីការពារកុំឱ្យឆ្លងរាលដាលមេរោគកូវីដ១៩ ការប្រឆាំងការចែកចាយការចរាចរណ៍គ្រឿងញៀន ឬការបំផ្លាញព្រៃឈើខុសច្បាប់ជាដើម។​

ក្នុងឱកាសទិ​វាសិទ្ធិសេរីភាពសារព័ត៌មាន​ លោកនាយករដ្ឋមន្ត្រីក៏តែងតែអំពាវនាវ ដល់អ្នកព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានពិត និងហ៊ានផ្សព្វផ្សាយព័ត៌មានពីភាពខ្វះចន្លោះរបស់មន្ត្រីរដ្ឋាភិបាលផងដែរ ដើម្បីដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនិងកែលម្អ។​

បើពិនិត្យលើព្រឹត្តិការណ៍ថ្មីៗ ដូចជាយុវជនថៃទាមទារឱ្យធ្វើកំណែទម្រង់អំណាចថ្នាក់ដឹកនាំ ពលរដ្ឋវៀតណាម​ទាមទារកុំឱ្យផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យចិន ករណីពលរដ្ឋហុងកុងទាមទារឱ្យកាត់បន្ថយអំណាចិនលើដែនដីនេះ និង ពលរដ្ឋអាមេរិកទាមទារឱ្យពិនិត្យប្រព័ន្ធយុត្តិធម៌ក្រោយពេលនគរបាលសង្កត់កជនជាតិអាមេរិកស្បែកខ្មៅម្នាក់ស្លាប់ជាដើម។​ ទាំងនេះសុទ្ធតែបង្ហាញពីការទាមទារជំរុញឱ្យមានការគិតគូពីប្រយោជន៍រួមទាំងអស់។​

ការទាមទាររបស់ពលរដ្ឋមិនមែនសំដៅតែលើការលើកបដា តវ៉ាតាមដងផ្លូវឬ តវ៉ានៅតាមស្ថាប័ននានានោះទេគឺនៅក្នុងច្បាប់ផ្តល់សិទ្ធិឱ្យពលរដ្ឋជាម្ចាស់ឆ្នោតអាចតាមដានការដឹកនាំរបស់រដ្ឋាភិបាលជាស្ថាប័ននីតិប្រតិបត្តិ ហើយបើមើលឃើញថា ចំណុចដែលកំពុងអនុវត្តអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមណាមួយឬ ប្រយោជន៍ជាតិគឺ ពលរដ្ឋអាចបង្ហាញក្តីកង្វល់ទាំងនោះតាមរយៈតំណាងរាស្ត្រ ដែលពួកគេបោះឆ្នោតឱ្យធ្វើការនៅក្នុងសភា។​

តែអ្វីដែលជាចំណុចសំខាន់ តើពលរដ្ឋបានតាមដានកិច្ចការរបស់រដ្ឋាភិបាលដែរឬទេ? ហើយពលរដ្ឋស្គាល់តំណាងរាស្ត្រណាខ្លះ? ហើយពលរដ្ឋមានឆន្ទៈការពារផលប្រយោជន៍រួមឬ ផលប្រយោជន៍ជាតិកម្រិតណា?​

មធ្យោបាយនៃការតវ៉ា ឬ បង្ហាញពីក្តីរបស់ប្រជាពលរដ្ឋគឺទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែបានណែនាំដល់មន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋ ហើយឱ្យមន្ត្រីតាមដានការលើកឡើងពីទុក្ខលំបាកឬ ការមិនសុខចិត្តណាមួយដែលពលរដ្ឋលើកឡើងក្នុងហ្វេសប៊ុករបស់ថ្នាក់ដឹកនាំទាំងពីរ។​

ទាំងនេះកាន់តែបង្ហាញភាពងាយស្រួលថែមទៀតគឺបើពលរដ្ឋចង់ចូលរួមគំនិតយោបល់ទៅកាន់ថ្នាក់ដឹកនាំក៏អាចបង្ហាញទៅតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមបានដែរ ដោយមិនបាច់ចំណាយពេល ឬ ថវិកាក្នុងការធ្វើដំណើរនោះទេ។​

សាររបស់លោកនាយករដ្ឋមន្ត្រីក៏ត្រូវបានមន្ត្រីថ្នាក់ក្រោម រៀបចំជាផ្ទាំប៉ាណូធំៗដាក់នៅតាមផ្លូវនានាដែល បញ្ជាក់ថា មន្ត្រីទាំងអស់ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយពលរដ្ឋនោះទេ។​

ផលប៉ះពាល់ជាលក្ខណៈរួមគ្នា ហើយមិនសូវមានពលរដ្ឋនៅតាមមូលដ្ឋានអើពើរួមមានដូចជា ករណី ចោលសំរាមនៅតាមបឹង ស្ទឹង ព្រែក ទន្លេ ករណីផលប៉ះពាល់ដោយសារគ្រឿងញៀន គ្រឿងស្រវឹងនៅក្នុងភូមិ ឬ ឃុំជាច្រើន ដែលមានស្ទើរគ្រប់កន្លែងនោះ ក៏មិនសូវឃើញមានប្រតិកម្ម ឬ ការចូលរួមជាគំនិតឬ សកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំទាំងនោះដើម្បីជំរុញឱ្យមានការដោះស្រាយនោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ