ក្រសួង​មហា​ផ្ទៃ​៖​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍​៩​ខែ​​ឆ្នាំ​នេះ​​ថយ​​ចុះ​​ជាង​២៣​​%​ធៀប​​នឹង​​ឆ្នាំ​មុន​

ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់។ រូបភាព៖ ជន ចាន់រ៉ែន

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ បាន​កើតឡើង​ចំនួន២៤៣០ករណី មានការ​ថយ​ចុះ​ជាង២៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃម្សិលមិញ​ថា តាម​របាយការណ៍ គិត​ចាប់ពី​ខែមករាដល់​ខែកញ្ញា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើតឡើង​សរុប​ចំនួន២៤៣០លើក ថយ​ចុះ៧២៩លើក ស្មើនឹង២៣,០៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុនដែល​មាន​គ្រោះថ្នាក់​កើតឡើង​ដល់ទៅ៣១៥៩លើក។

លោក​បាន​បន្ត​ថា ចំពោះ​អត្រា​អ្នក​ស្លាប់​វិញ ៩ខែ​ឆ្នាំនេះ មាន​ចំនួន១២៥៧នាក់ ថយ​ចុះ២៦៤នាក់ ស្មើ១៧,៣៥​% បើ​ធៀប​នឹង៩ខែ​ឆ្នាំមុន មាន​អ្នក​ស្លាប់​ដល់ទៅ១៥២១នាក់។

ចំណែកអ្នករបួស​មាន​ចំនួន៣៦៦៣នាក់ ថយ​ចុះ១០៨៨នាក់ ស្មើនឹង២២,៤១​% ខណៈ៩ខែ​ឆ្នាំមុន​មានដល់​ទៅ៤៧២១នាក់។ ជាមួយគ្នា​នេះ​ដែរ លោក ស ខេង បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់ បន្ត​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍និង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា។

លោក​ក៏​ស្នើ​ដល់​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្ត​បំពេញភារកិច្ច​ក្នុង​ការ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដោយ​ស្មារតី​យកចិត្ត​ទុកដាក់​ខ្ពស់។

កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចាប់ផ្តើម​យុទ្ធនាការ​រឹង​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​បន្ថែម​ទឹកប្រាក់​ផាកពិន័យ​ច្រើនជាង​មុន ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ