កម្ពុជា​គ្រោង​​ដាក់​​សំ​ណើ​​ទៅ​​ថៃ​ សុំ​​បំភ្លឺ​​រឿង​​សំណង់​​សណ្ឋា​គារ​​ថៃ​​មួយ​​ចម្លង​​រចនា​​បទ​​ខ្មែរ​​

ផ្នែកមួយនៃសំណង់សាងសង់របស់សណ្ឋាគារ Le Palais ។ (គេហទំព័រ lepalaishotel.com)

រដ្ឋាភិបាល​កម្ពុជា គ្រោង​ដាក់​សំ​ណើទៅ​ក្រសួង​ការបរទេស​ថៃ ស្នើ​ឱ្យ​បំភ្លឺ​ជុំវិញ​ករណី​សណ្ឋាគារ​មួយ​របស់​ថៃដែលបាន​សាងសង់​សំណង់​ចម្លង​តាម​រចនា​បទ​ប្រាសាទបុរាណ​ខ្មែរ។

សណ្ឋាគារ​ថៃដែល​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេសប៊ុករិះគន់​រឿង​រៀបចំ​តាម​រចនា​បទ​ខ្មែរ ដូច​ទៅ​នឹង​ប្រាសាទបាយ័ន អង្គរ និង​បន្ទាយស្រី​នោះ មានឈ្មោះ​ថា Le Palais Hotel មាន​ទីតាំងនៅ​លើ​កោះ​ផាង​ហ្គាន ខេត្ត​ស៊ូ​រ៉ា​តថា​នី ប្រទេស​ថៃ។

អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា លោក ឡុង​បុ​ណ្ណា ស៊ីរី​វត្ថ បាន​ថ្លែងប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ក្រសួង​ពាក់ព័ន្ធ​កម្ពុជា បាន​និង​កំពុង​សិក្សា និង​រៀបចំ​សំ​ណើទៅ​ក្រសួង​ការបរទេស​ថៃ ដើម្បី​ស្នើ​ឱ្យ​ភាគី​ថៃ​បំភ្លឺ​ជុំវិញ​សំណង់​សណ្ឋាគារដែល​ចម្លង​តាម​រចនា​បទ​ប្រាសាទបុរាណ​ខ្មែរ​នេះ។

លោក​បន្ត​ថា ប្រាសាទអង្គរវត្តនិង​ប្រាសាទ​មួយចំនួនដែល​កម្ពុជា​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​សម្បត្តិមនុស្ស​ជាតិដែល​ជា​កាតព្វកិច្ច​របស់​ប្រទេស​នានា​លើ​ពិភពលោក ជួយ​អភិរក្សនិង​ផ្សព្វផ្សាយ​ពី​តម្លៃ​ល្អឯក​នៃ​ប្រាសាទ​ទាំងនោះ ប៉ុន្តែ​ប្រទេស​ទាំងនោះ​គួរ​បញ្ជាក់​ថា​រចនា​បទ​ប្រាសាទ​ទាំងនោះ​បាន​មក​ពី​ប្រទេស​កម្ពុជា។

លោក​ ស៊ីរី​វត្ថ ថ្លែង​ថា៖ «ករណីនេះ​មិនមែន​ជា​រឿង​ខុសច្បាប់​ទេ តែ​កុំឱ្យ​ធ្វើអ្វី​មួយ យក​របស់​ហ្នឹង​ទៅ​ធ្វើ​ឱ្យ​មាន​ភាព​អាប់​ឱន អាហ្នឹង​ទទួលយក​អត់​បានទេ នេះ​ជា​តម្លៃ​សកល​ដែល​ប្រទេស​នានា​លើ​ពិភពលោក ត្រូវការ​ចូលរួម​គ្នា​ថែរក្សា បើ​នេះ​ជា​តម្លៃ​សកល គាត់​យក​ទៅ​ផ្សព្វផ្សាយ​គឺ​ត្រូវហើយ តែបើ​គាត់​យក​សាងសង់​ហើយ ត្រូវ​ដាក់​ថា ​រចនា​បទ​នេះ​យក​ពី​ប្រទេស​កម្ពុជា​ផង»។ 

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា លោក តុប សុ​ភ័ក មានប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងទេសចរណ៍និង​ក្រសួង​ពាក់ព័ន្ធ បាន​ពិភាក្សា​គ្នានិង​សិក្សា​រឿង​ផ្លូវច្បាប់​ដែរ ដោយ​ភាគី​កម្ពុជាបាន​ស្នើ​ទៅ​ភាគី​ថៃ​ឱ្យ​ឆ្លើយតបនិង​បកស្រាយ។ 

តែ​យ៉ាងណា លោក​ថា បើ​ផ្អែក​តាម​បរិប​ទទេ​សចរណ៍ ការសាងសង់​នេះ​មិន​ខុសច្បាប់​នោះ​ទេ ប្រសិនបើ​សណ្ឋាគារ​ថៃ​នោះបាន​បញ្ជាក់​ថា ​ជា​រចនា​បទ​ប្រាសាទ​ណាមួយ​របស់​កម្ពុជា ព្រោះ​ប្រទេស​ណា​ក៏អាច​សាងសង់​បាន​ដែរ ឱ្យ​តែ​មាន​បញ្ជាក់​អត្តសញ្ញាណ​ប្រទេស​ជា​ម្ចាស់​សា​ម៉ី​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​សំខាន់ ​គឺ​ការ​ដាក់ឈ្មោះនិង​រចនា​ដាក់​កុំឱ្យ​ច្រឡំ​គ្នា ព្រោះ​ម្នា​ក់ៗ​មាន​អត្តសញ្ញា​ណរៀង​ៗខ្លួន។ ហើយ​ឥលូវ​យើង​កំពុង​មើល​រឿង​នេះ ប្រសិន​ឱ្យ​រកឫសគល់​ដើមហេតុ ​[…] ដោយ​យើង​ទទួល​បា​នព័​ត៌មាន​នេះ​ហើយ ដោយ​យើង​កំពុង​រក​ដើមហេតុ​ថា​ ចេញពី​ប្រភព​ណា​ឱ្យ​ច្បាស់លាស់»។ 

ចំណែកអ្នកនាំពាក្យ​អាជ្ញាធរ​ជា​តិ​អប្ស​រា លោក ឡុង កុសល បាន​ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​នេះ​ថា នៅពេល​នេះ ​អ្នក​ផ្នែក​ច្បាប់និង​ក្រុមការងារ​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត ​កំពុង​ធ្វើ​កិច្ចការ​ងារ​នេះ​ជាបន្តបន្ទាប់ តែ​សម្រាប់​ព័ត៌មាន​ជាក់​លាក់​លើស​ពីនេះ លោក​មិនទាន់​អាច​ជម្រាប​បាន​នៅឡើយ​ទេ។ 

លោក​ថា៖ «ខ្ញុំ​មិនទាន់​បានដឹង​ដែរ […] តែ​ក្រុមការងារ​ជំនាញ​របស់​យើង​មិន​ធ្វេសប្រហែស​ទេ ព្រោះ​យើង​ទើប​ទទួល​បា​នព័​ត៌មាន​ដូច​បងប្អូន​យើង​បាន​ឃើញ​អ៊ីចឹង​ដែរ អ្វី​ដែល​យើង​រកមើលគឺ​ផ្នែក​ច្បាប់​សិន»។ 

ជាមួយគ្នា​នេះ​ដែរ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វឌ្ឍនា​សារ​ពង្ស ហៅ William Guang បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ ឈ្មោះ Le Palais Hotel បាន​ចម្លង​ទាំងស្រុង​នូវ​រចនា​បទ​ប្រាសាទបាយ័ន អង្គរ និង​បន្ទាយស្រី​របស់​ខ្មែរ។ 

លោក​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹមថា មានការ​ចាត់វិធានការ​លើ​សណ្ឋាគារ​នេះ ព្រោះ​វា​បង្ក​កា​រយ​ល់​ច្រឡំ​ធំ​ណាស់​ទៅកាន់​សកលលោក»។

វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ជុំវិញ​ករណីនេះ​ពី​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នកគ្រប់គ្រង​សណ្ឋាគារ Le Palais Hotel បាន​នៅឡើយ​ទេ នៅ​ថ្ងៃនេះ។ 

សូមជម្រាប​ថា រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លងមក បាន​ផ្តល់​សិទ្ធិ​ក្នុង​ការផលិត​រូបចម្លាក់​ប្រាសាទព្រះវិហារដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​រូប​ប្រាសាទអង្គរវត្ត នៅក្នុង​សួន​ទេសចរណ៍​អាស៊ាន ស្ថិតនៅ​ក្នុង​ទីក្រុង​ណា​ននីង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន និង​ប្រទេសអេ​ស្បាញ​ផង​ដែរ ខណៈ​ដែល​ប្រទេស​នេះបាន​ដាក់​អត្តសញ្ញាណ​ប្រាសាទ​ទាំងនោះ​ថា ម​កពី​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ