អា​ល្លឺម៉ង់​​ផ្តល់​​ហិរញ្ញ​ប្បទាន​​ឥត​​សំណង​៧​លាន​​អឺ​រ៉ូ​ដល់​​កម្ពុជា​ ឆ្លើយ​តប​​បញ្ហា​​កូ​វីដ​១៩​​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​អា​ល្លឺ​ម៉ង់ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៧លាន​អឺ​រ៉ូដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩។ 

ការប្រកាស​នេះបាន​ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់រវាង​រដ្ឋាភិបាល​កម្ពុជានិង​អាល្លឺម៉ង់​នៅ​ថ្ងៃទី៣០ ខែកញ្ញា នៅ​ទី​ស្តី​ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) រាជធានី​ភ្នំពេញ។

ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនកាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន៧លាន​អឺ​រ៉ូពីសំណាក់​ប្រទេស​អាល្លឺម៉ង់​នេះ នឹង​ប្រើប្រាស់​សម្រាប់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ (IDPoor​) ជាពិសេស ការផ្ទេរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជាដល់​ជន​ក្រីក្រចំនួន៦លាន​អឺ​រ៉ូ និង​ប្រើប្រាស់​ក្នុង​ការ​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​ជា​ជំ​នួយ​បច្ចេកទេស​ចំនួន១លាន​អឺ​រ៉ូ។

ស្ថានទូត​បញ្ជាក់​ថា៖ «ថវិកា​ទាំងនេះនឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​លើកកម្ពស់​ការយល់​ដឹង​វិធានការ​អនាម័យ ការបង្កើត​មន្ទីរពិសោធន៍​បង្អែក​ទី២ និង​សម្រាប់​ការ​ព្យាបាល​បន្ទាន់»។

បើ​តាម​ស្ថានទូត​អាល្លឺម៉ង់ វិធានការ​ទាំងពីរ​នេះនឹង​ត្រូវ​អនុវត្ត​ដោយ​កម្មវិធី​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជានិង​អាល្លឺម៉ង់ដែល​មានស្រាប់ តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ (GIZ​)។

សេចក្តី​ថ្លែងការណ៍​រួម​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជានិង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៧លាន​អឺ​រ៉ូពីសំណាក់​ប្រទេស​អាល្លឺម៉ង់​នេះ ជា​ការ​ផ្តល់​បន្ថែម​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន២,៥លាន​អឺ​រ៉ូ កាលពី​ខែ​មីនានិង​ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​វិធានការ​ឆ្លើយតប​បន្ទាន់​ទៅ​នឹង​ផល​ប៉ះពាល់​ជំងឺ​កូ​វីដ១៩ និង​វិធានការ​ស្តារ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ