រដ្ឋា​ភិបាល​ផ្តល់​​ថវិកា​​ជាង​១២​លាន​​ដុល្លារ​ កែ​​លម្អ​​ប្រព័ន្ធ​​លូ​​និង​​អាង​​ប្រព្រឹត្ត​​កម្ម​​នៅ​​ខេត្ត​កំពង់ធំ​​

គ្រឿងចក្រ​សម្រាប់​ជួសជុល​និង​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក អនុវត្ត​ក្នុង​គម្រោង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្ត​កម្ម ដែល​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល ជា​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ដោយ​អនុវត្ត​ពី​ខែកក្កដា ឆ្នាំ២០២០ ដល់​ខែកក្កដា ឆ្នាំ២០២៣។ (​ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ធំ​)

រដ្ឋាភិបាលបាន​ទម្លាក់​ថវិកា​ជាង១២លាន​ដុល្លារដែល​ជា​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សម្រាប់​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្ត​កម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

រដ្ឋបាល​ខេត្តកំពង់ធំ បានឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុកកាលពី​ថ្ងៃម្សិលមិញ​ថា គម្រោង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ និង​អាង​ប្រព្រឹត្ត​កម្ម​នេះ មាន​រយៈពេល៣ឆ្នាំ ចាប់ពី​ខែកក្កដា ឆ្នាំ២០២០ ដល់​ខែកក្កដា ឆ្នាំ២០២៣ ក្នុងរង្វង់​ទឹកប្រាក់​ចំនួន ១២ ៧៦១ ៩០៧,៥៤ លាន​ដុល្លារ ស្ថិតនៅ​សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹងសែន ដែល​ទទួល​សាងសង់​ដោយក្រុម​ហ៊ុន​ចិន China First metallurgical Group Ltd​. ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃម្សិលមិញ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មានប្រសាសន៍​ថា គម្រោង​សាងសង់​នេះ បែងចែក​ជា២អនុ​គម្រោង រួមមាន គម្រោង​ទី១ ការសាងសង់​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ដែល​មាន​សមត្ថភាព​ច្រោះ​បាន​ប្រមាណ២ ៥០០ម៉ែត្រគូប​ក្នុង១ថ្ងៃ ជាមួយ​បំពង់​លូ​ទឹក​ស្អុយ​ប្រវែង​ប្រមាណ៣៩,២គីឡូ​ម៉ែ​ត និង​បណ្តាញ​លូ​បង្ហូរទឹក​ប្រវែង​ប្រមាណ១៧,១គីឡូ​ម៉ែ​ត។ ចំណែកគម្រោង​ទី២ ជា​ការសាងសង់​ទីលាន​ចាក់សំរាម​ដែល​អាច​ផ្ទុក​បរិមាណ​សំរាម​បាន​ប្រមាណ៤៨ ០០០ម៉ែត្រគូប រួម​ជាមួយ​ការ​បំពាក់​រថយន្ត​ប្រមូល​សំរាមនិង​ការ​ទុកដាក់​កាកសំណល់។

លោក សុខ លូ បាន​បញ្ជាក់​ថា៖ «ពិតជា​មានសំណាង​ណាស់ដែល​ទទួល​បាន​គម្រោង​នេះ សម្រាប់​បងប្អូន​អ្នក​រស់នៅ​ក្នុង​ខេត្តកំពង់ធំ ដែល​កំពុង​ជួប​ការ​លំបាកនៅពេល​មាន​ភ្លៀង​ធ្លា​ក់​ម្តង​ៗ ធ្វើឱ្យមានការ​ទឹក​ជន​លិច​ផ្លូវ ដោយសារ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្អុយ​តូច​ចង្អៀតនិង​ចាស់​ទ្រុឌទ្រោម ហើយ​ប្រព័ន្ធ​លូ​មួយចំនួនមិនទាន់​ត្រឹមត្រូវ​តាម​ស្តង់ដារ​នោះ​ទេ»។ 

អភិបាលខេត្ត​រូប​នេះក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធនិង​ក្រុមហ៊ុន​សាងសង់ ត្រូវ​អនុវត្ត​ការសាងសង់​ប្រកបដោយ​ស្តង់​ដារ​បច្ចេកទេស និង​ពន្លឿន​ការសាងសង់​ឱ្យ​បាន​ឆាប់ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋចូលរួម​សហការ ដើម្បី​ឱ្យ​ដំណើរការ​សាងសង់​ប្រព្រឹត្តទៅ​ដោយ​រលូននិង​តាម​ការ​គ្រោងទុក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ