ក្រុម​​យុវជន​​ចាត់​ទុក​​ថ្ងៃ​កើត​​ឡើង​​រដ្ឋា​ភិបាល​​ចិន​​ជា​​ថ្ងៃ​​ហុងកុង​​ស្លាប់​

ទង់ជាតិចិននិងហុងកុង ត្រូវបានបង្ហូតឡើងជាមួយគ្នា ក្នុងថ្ងៃខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឯទីលាន Golden Bauhinia តំបន់ Wan Chai ក្រុងហុងកុង។ (សារព័ត៌មានរដ្ឋបាលហុងកុង news.gov.hk)

​ក្រុម​យុវជន​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​ដែនដី​ហុងកុង ចាត់ទុក​ថ្ងៃ​បង្កើត​ឡើង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺជា​ថ្ងៃ​ដែល​ហុងកុង​ស្លាប់ ខណៈ​សមត្ថកិច្ច​បង្កើន​ការស្វែងរក​និង​ចាប់ខ្លួន​ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​សេរីភាព។

នគរបាល​ប្រឆាំង​កុបកម្ម​ហុងកុង បាន​ដើរ​ល្បាត​តាមផ្លូវ ហាមឃាត់​ការ​ហែ​ក្បួន​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​មេដឹកនាំ​ដែនដី​ហុងកុង​ លោកស្រី Carrie Lam បាន​សាទរថ្ងៃបុណ្យ​ជាតិចិន​ គឺ​ថ្ងៃ​បង្កើត​ឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃនេះ។

សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ពួក​គេ​កំពុងតែ​ស្វែងរក​បុរស​ពីរ​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ការ​ចោទ​ថា បាន​ទម្លាក់​គ្រាប់បែក​នៅ​លើ​ផ្លូវ​ក្នុង​គោលបំណង​បង្កចលាចល នាំ​ឱ្យ​មានការ​កកស្ទះ​ផ្លូវ​ធ្វើដំណើរ​ក្នុង​ទីក្រុង។

ក្រុម​អ្នក​តវ៉ា​មានបំណង​រៀបចំ​ការ​ប្រមូល​ផ្តុំ​សារ​ជាថ្មី ដើម្បី​ប្រឆាំង​ច្បាប់​សន្តិសុខជាតិ​ដែល​ពួក​គេ​ចោទ​ថា ចិន​រៀបចំឡើង​ដើម្បី​កៀបសង្កត់​លើ​ហុងកុង។ ការ​តវ៉ា​ក៏​ភ្ជាប់​គោលបំណង​ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​គ្នា​របស់​ពួក​គេ១២នាក់​ឱ្យ​មាន​សេរីភាព​វិញ និងទាមទារ​ឱ្យ​ដែនដី​ហុងកុង​ក្លាយទៅជា​ដែនដី​មាន​សេរីភាព​ពី​ចិន​ដូច​នៅ​តៃវ៉ាន់។

សមត្ថកិច្ច​ចេញ​បម្រាមហាម​ការ​ប្រមូល​ផ្តុំ​តវ៉ា​ ដោយ​បញ្ជាក់​ហេតុផល​ថា ដើម្បី​កុំឱ្យ​មានការ​ឆ្លង​មេរោគ​កូ​វីដ១៩និងការពារ​កុំឱ្យ​មានអំពើ​ហិង្សា។ អ្នកដើរ​ផ្សារ​ទិញ​អីវ៉ាន់និងអ្នកដំណើរ​តាមផ្លូវ​នៅតែ​ជជែកគ្នា​ពី​ការ​គាំទ្រ​លើ​ក្រុម​អ្នក​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​នៅ​មិនទាន់​មាន​សញ្ញា​បង្ហាញ​ពី​ការ​ប្រមូល​ផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​អ្វី​នោះ​ទេ។

ស្ត្រី​ឈ្មោះ Jay ជាស​មា​ជិ​កក្រុម​អ្នក​តវ៉ា​ដើម្បី​ប្រជាធិបតេយ្យ​ម្នាក់ ​ថ្លែង​ប្រាប់​រ៉យទ័​រថា ថ្ងៃ​ទិវា​ជាតិ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គឺ​ថ្ងៃ​ដែល​ហុងកុង​ស្លាប់។ អ្នកស្រី​បញ្ជាក់​ថា ពេលនេះ​ប្រជាជន​ហុងកុង​ទទួលរង​ការ​កៀបសង្កត់​ខ្លាំង ប៉ុន្តែ​ពួក​គាត់​ប្តេជ្ញា​តស៊ូ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព។

នៅ​ព្រឹក​នេះ លោកស្រី Lam បាន​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀតជាម​ន្ត្រី​នៅ​ហុងកុង និង​មន្ត្រី​ចិន​ប៉េកាំង បាន​ចូលរួម​បង្ហូតទង់​ជាតិនៅក្នុង​ទីតាំង​ដែល​មានការ​រៀបចំ​ដោយ​កម្លាំង​នគរបាលនិង​សន្តិសុខ​ការពារ​សុវត្ថិភាព​តឹង​រ៉ឹង។

លោកស្រី Lam ថ្លែង​ថា ក្នុងរយៈពេល៣ខែ​កន្លងទៅ​នេះ ​គឺ​រដ្ឋាភិបាល​ប្រឹងប្រែង​រៀបចំ​សន្តិសុខ​សណ្តាប់​ធ្នាប់​ឡើងវិញ ហើយ​ប្រជាពលរដ្ឋ​អាច​រីករាយ​ជាមួយ​សិទ្ធិនិង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គេ​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ