ក្រសួង​​ស្នើ​​អាជ្ញាធរ​​រាជ​ធានី​​-​ខេត្ត​ ពង្រឹង​​ការងារ​​ពិនិត្យ​​និង​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

​ក្រសួងមហាផ្ទៃ ណែនាំ​ដល់​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្មៀនឃុំ​-សង្កាត់ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះនិង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០ ដើម្បី​ឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់។

ក្នុង​លិខិត​របស់​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំ​អឿន ផ្ញើ​ជូន​អភិបាល​រាជធានី​-ខេត្ត នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បាន​លើកឡើង​ថា យោង​តាម​ប្រតិទិន ការពិនិត្យ​ឈ្មោះនិង​ចុះឈ្មោះ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។ 

លោក​បន្ត​ថា ដើម្បី​ឱ្យ​ដំណើរការ​ពិនិត្យនិង​ចុះឈ្មោះ​បោះឆ្នោតប្រព្រឹត្តទៅ​បាន​លទ្ធផល​ជោគជ័យ​តាម​ផែនការ​ដែល​បាន​កំណត់ ក្រសួង​ស្នើ​ដល់​អភិបាល​រាជធានី​-ខេត្ត ត្រូវ​ធ្វើការ​ត្រួតពិនិត្យនិង​ពង្រឹង​តួនាទី​របស់​ស្មៀនឃុំ​-សង្កាត់​នីមួយ​ៗ ដោយ​ជំរុញ​ឱ្យ​ពួក​គាត់​យកចិត្ត​ទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួននិង​ត្រូវ​មាន​វត្តមាន​ជាប្រចាំ​នៅក្នុង​ឃុំ​សង្កា​ត់​រៀង​ៗខ្លួន លើកលែងតែ​មានធុរៈ​ចាំបាច់​បំផុតឬមាន​បញ្ហា​សុខភាព​ដែល​មិន​អាច​បំពេញការងារ​បាន។

លោក​បាន​គូសបញ្ជាក់​ថា៖ «ករណី​ស្មៀនឃុំ-សង្កាត់អវត្តមាន ​មិន​អាច​បំពេញការងារ​បាន សា​ម៉ី​ខ្លួន​ត្រូវ​រាយការណ៍​ជូន​មេឃុំ-ចៅសង្កាត់ និង​ត្រូវ​ស្នើសុំ​ច្បាប់​ឈប់សម្រាក​តាម​គោលការណ៍​បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ ហើយ​អភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវ​សម្របសម្រួលនិង​ចាត់តាំង​មន្ត្រី​នៃ​រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ ១រូប ​ដើម្បី​ជួយ​បំពេញការងារ​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះនិង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០ ជំនួស​ស្មៀនឃុំ-សង្កាត់ដែល​អវត្តមានឬមិន​ទាន់​មាន​ស្មៀនឃុំ-​សង្កាត់ ដើម្បី​ធា​នា​និរន្តរ​ភាព​ការងារ​នេះ»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប​) កាលពី​ថ្ងៃទី១ ខែតុលា បានឱ្យ​ដឹង​ថា យោង​តាម​ស្ថិតិ​ប្រជាពលរដ្ឋនិង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន គជប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន៣០០ ៣៥០នាក់ និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន១២៣ ២៥១នាក់ ខណៈ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន ២៣ ៤១៨​ការិយាល័យ។

គជប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលាឃុំ-សង្កាត់​ឱ្យ​បាន​គ្រប់​ៗគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ