សក្ខីកម្ម​​ដោយ​​ព្រះ​​តេជ​គុណ​ លួន​ សុ​វ៉ា​ត​ នៅ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​ UN​ ត្រូវ​​បាន​​រារាំង​​ដោយ​​តំណាង​​រដ្ឋា​ភិបាល​​កម្ពុជា​

​ព្រះ​តេជគុណ លួន សុ​វ៉ា​ត ថ្លែងក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​រវាង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត និង​តំណាង​នៃ​ភាគី​ពាក់ព័ន្ធ​ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ (UN)

សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ព្រះ​តេជគុណ លួន សុ​វ៉ា​ត ដែល​បាន​គេច​ព្រះ​កាយ​ពី​ប្រទេស​កម្ពុជា​ ក្រោយ​រង​បណ្ដឹង​រំលោភ​សេពសន្ថវៈ​ដ៏​ចម្រូង​ចម្រាសនោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យថ្លែង​នៅ​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប៉ុន្តែតំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ជំទាស់​រហូតដល់​ទៅ៣លើក។

ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​នាំ​យក​ទៅ​ជជែក​នៅក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​រវាង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត និង​តំណាង​នៃ​ភាគី​ពាក់ព័ន្ធ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្នុង​នោះ​មាន​ទាំង​ព្រះ​តេជគុណ លួន សុ​វ៉ា​ត ផង​ដែរ។

ក្រោយពេល​ព្រះ​តេជគុណ លួន សុ​វ៉ា​ត ចាប់ផ្ដើម​ថ្លែង​បាន​ត្រឹមតែ​ប៉ុន្មាន​វិនាទី អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ការិយាល័យ​អង្គការ​សហ​ប្រជាជា​តិ​ក្នុង​ទីក្រុង​ហ្សឺណែវ លោក អាន សុខ​ខឿន បាន​ស្នើ​ទៅ​ប្រធាន​នៃ​កិច្ចប្រជុំ​ឱ្យពិចារណា​ទៅលើ​ភាព​ស្របច្បាប់​របស់​ព្រះសង្ឃ​អង្គ​នេះ។

តំណាង​កម្ពុជា​រូប​នេះ បាន​ប្រាប់​ទៅ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នោះ​ថា ព្រះ​តេជគុណ លួន សុ​វ៉ា​ត លែង​ជា​ព្រះសង្ឃ​ទៀតហើយ ដោយ​លោក​ថា ព្រះសង្ឃ​អង្គ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«រំលោភ​សេពសន្ថវៈ»ពីសំណាក់​អាជ្ញាធរ​កម្ពុជា។

លោក អាន សុ​ខខឿន ថ្លែង​ថា៖ «រដ្ឋាភិបាល​បាន​ផ្ញើ​មក​ខ្ញុំ ព្រះសង្ឃ​នេះមិនមែន​ជា​ព្រះសង្ឃ​ពិតប្រាកដ​ទេ។ គាត់​ត្រូវ​បាន​គេ​ផ្សឹក​នៅក្នុង​ប្រទេស​កម្ពុជា​រួចហើយ។ ទីពីរ គាត់​ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈនិង​បំភ្លៃ​ យោង​តាម​មាត្រា២៩៣និង៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៅ​កម្ពុជា»។ 

ការ​ទាមទារ​ដោយ​តំណាង​កម្ពុជា​នេះ ត្រូវ​បាន​បន្ទោរ​ពីសំណាក់​តំណាង​នៃ​ប្រទេស​មួយចំនួន មាន​ប្រទេស​ចិន រុស្ស៊ី វេ​ណេ​ស៊ុយ​អេ​ឡា គុយបា សុទ្ធតែ​ជា​ប្រទេស​ដែល​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស ត្រូវ​បាន​ដាក់ឱ្យ​ឃ្លាំមើល​ផង​ដែរ។

តំណាង​រុស្ស៊ី​ថ្លែង​ថា៖ «យើង​គាំទ្រ​របាយការណ៍​ដែល​មាន​សណ្តាប់​ធ្នាប់​នៃ​សមាជិក និង​ស្នើសុំ​ទៅ​លេខាធិការ​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ចំពោះ​ព្រះសង្ឃ​ដែល​កំពុង​និយាយ​នៅ​ថ្ងៃនេះ»។

តំណាង​ប្រទេស​ចិន​បាន​ឡើង​គាំទ្រ​សំណើ​របស់​ភាគី​កម្ពុជា ដោយ​ស្នើ​ឱ្យ​ប្រធាន​ដឹកនាំ​នៃ​កិច្ចប្រជុំ​បញ្ជាក់​ពី​ភាព​ស្របច្បាប់​របស់​ព្រះសង្ឃ​ខ្មែរ ព្រះ​តេជគុណ លួន សុ​វ៉ា​ត។

តំណាង​រដ្ឋាភិបាល​ចិន​ថ្លែង​ថា៖ «ប្រទេស​ចិន​គាំទ្រ​ដល់​ទស្សនៈ​ដែល​លើកឡើង​ដោយ​ប្រទេស​កម្ពុជា។ យើង​សូមឱ្យលោក​ប្រធាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​រូប​នេះ»។

ទោះជាយ៉ាងណា ក្រោយ​អន្តរាគមន៍​ពី​តំណាង​រដ្ឋាភិបាល​ប្រទេស​លោកសេរី​មួយចំនួន ដូចជា​ប្រទេស​អូស្ត្រាលី ជាដើម ព្រះ​តេជគុណ លួន សុ​វ៉ា​ត ត្រូវ​បាន​អនុញ្ញាត​ឱ្យថ្លែង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ព្រះសង្ឃ លួន សុ​វ៉ា​ត ថ្លែង​ថា អស់​រយៈពេល​ជាង១១ឆ្នាំ​ហើយដែល​ព្រះអង្គ​បានការ​ពារ​សិទ្ធិ​របស់​សហគមន៍ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ភូមិកំណើត​របស់​ខ្លួន។

ព្រះអង្គ​បន្ត​ថា សព្វថ្ងៃ​នេះ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុងតែ​អា​ក្រ​ក់​ទៅៗ ពួក​គេ​កំពុងតែ​សម្លាប់​ប្រជាធិបតេយ្យ ដែល​ថា ព្រះអង្គ​ចង់បាន​សន្តិភាពនិង​យុត្តិធម៌។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យមក​ជួយសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

ក្រោយ​ថ្លែង​បានតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ព្រះ​តេជគុណ លួន សុ​វ៉ា​ត ត្រូវ​បាន​ប្រាប់​ឱ្យឈប់ ដោយសារតែ​អស់​ពេលវេលា​ទៅ​ហើយ។

វី​អូ​ឌី​បាន​ព្យាយាម​សាកសួរ​បន្ថែម​ទៅ​ព្រះ​តេជគុណ លួន សុ​វ៉ា​ត ផង​ដែរ​នៅ​ថ្ងៃនេះ ប៉ុន្តែព្រះអង្គ​ពុំ​ឆ្លើយតប​នោះ​ឡើយ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្សនិង​ដីធ្លី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា បាន​ជំរុញ​ឱ្យកែប្រែ​ការគោរព​សិទ្ធិមនុស្ស ដើម្បី​ស្ដារ​មុខមាត់​រដ្ឋាភិបាល​ឡើងវិញ ជាជាង​បង្ហាញ​ឥរិយាបថ​ការពារ​រដ្ឋាភិបាល​បែបនេះ​នៅ​លើ​វេទិកា​អន្តរជាតិ។

លោក នី សុខា ប្រាប់​ថា៖ «បើសិនជា​យើង​មាន​អនុសាសន៍​ពី​អន្តរជាតិ ខ្ញុំ​គិតថា អាហ្នឹង​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​យក​អនុសាសន៍​ហ្នឹង​មក​ពិនិត្យនិង​ដោះស្រាយ។ បើ​យើង​ដោះស្រាយ​អនុសាសន៍​ទាំងអស់​ហ្នឹង​បាន​ហើយ ហើយ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​គាំទ្រ​ទាំងអស់គ្នា ខ្ញុំ​ថា អាហ្នឹង​ជាមុ​ខមាត់​រដ្ឋាភិបាល​ពិតប្រាកដ​ហើយ»។

កាលពី​ថ្ងៃម្សិលមិញ​នេះ​ដែរ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) ថ្លែងប្រាប់​អង្គ​វេទិកា​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ។

អ្នកស្រី រ៉ូ​ណា ស្មី​ត ថ្លែង​ថា៖ «លំហ​សង្គម​ស៊ីវិលនិង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ ហើយ​មាន​ភស្តុតាង​តិចតួច​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​ខាងនយោបាយ»។

ប៉ុន្តែលោក អាន សុខ​ខឿន បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​របាយការណ៍​លើកឡើង​ដោយ​អ្នកស្រី រ៉ូ​ណា ស្មី​ត ដោយ​ចាត់ទុក​របាយការណ៍​នោះ​ថា «ផ្ដោត​តែមួយ​ជ្រុង»។

លោក អាន សុខ​ខឿន ថ្លែង​តប​ថា៖ «វា [របាយការណ៍​] ផ្ដោត​តែ​លើ​ជ្រុង​ម្ខាង និង​ផ្ដោត​ជ្រុល​តែ​ទៅលើ​សិទ្ធិស៊ីវិល​និង​សិទ្ធិ​នយោបាយ ដោយ​ការ​អភិវឌ្ឍ​វិជ្ជមាន​ជាច្រើន​មិន​ត្រូវ​បាន​លើកឡើង»។

តំណាង​កម្ពុជា​រូប​នេះបាន​ប្រាប់​ទៅ​កិច្ចប្រជុំ​នោះ​ថា កម្ពុជា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជិត៦ពាន់​ស្ថាប័ន និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត២ពាន់​អង្គភាព ដែល​លោក​ថា ដំណើរការ​ដោយសេរី។

ជា​ការ​ឆ្លើយតប អ្នកស្រី រ៉ូ​ណា ស្មី​ត បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​របស់​អ្នកស្រី​បាន​គ្របដណ្ដប់​ទៅលើ​សិទ្ធិ​ជាច្រើន ហើយ​រដ្ឋាភិបាល​កម្ពុជា​អាច​ពិនិត្យមើល​របាយការណ៍​របស់​អ្នកស្រី​បាន ខណៈ​អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ