កុមារម្នាក់នៅបន្ទាយមានជ័យមានមេរោគឆ្កែឆ្កួតធ្ងន់ធ្ងរ

កុមារនៅខេត្តបន្ទាយមានជ័យដែលមានមេរោគឆ្កែឆ្កួត។ រូបពីនគរបាលជាតិ

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីក្មេងប្រុសម្នាក់មានរោគសញ្ញាឆ្កែឆ្កួតធ្ងន់ធ្ងរ ហើយសមាជិកគ្រួសារ៦នាក់ផ្សេងទៀតត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងដោយបារម្ភខ្លាចមានមេរោគប្រភេទនេះដែរ។

ក្មេងប្រុសម្នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានគ្រូពេទ្យពិនិត្យឃើញមានរោគសញ្ញាជំងឺឆ្កែឆ្កួតកម្រិតធ្ងន់ធ្ងរ ក្រោយពីឆ្កែខាំប្រហែល២០ថ្ងៃ ហើយមិនបានទៅព្យាបាលឲ្យបានទាន់ពេលវេលា។

ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃសៅរិ៍ម្សិលមិញថា ក្មេងប្រុសម្នាក់ឈ្មោះ​ គួ​យ​ រក្ស​ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ភូមិ​សន្តិភាព​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ។ ក្មេងប្រុសរូបនោះ​ ត្រូវ​បាន​ឆ្កែ​ខាំ​រយៈពេល​ ប្រហែល​២០​ថ្ងៃ​កន្លង​មក  ទើបសាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​ មង្គល​បូ​រី​ ដើម្បីពិនិត្យសុខភាព។ ក្រោយមកក្រុមគ្រូពេទ្យបានពិនិត្យ​ឃើញ​មាន​រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ​។

ចំណែក មនុស្ស៦នាក់ផ្សេងទៀត ដែលជាសមាជិកគ្រួសាររបស់ក្មេងប្រុសនោះ និងធ្លាប់ប៉ះពាល់ជាមួយសត្វឆ្កែនោះ ត្រូវបានគ្រូពេទ្យបញ្ជូនទៅចាក់វ៉ាក់សំាំងការពារ​ជំងឺ​ឆ្កែឆ្កួត ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​សាខា​បាត់ដំបង​ផង​ដែរ​ ។​

គេហទំព័រដដែលបញ្ជាក់ថា មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​សត្វ​ឆ្កែ​ចិញ្ចឹម ត្រូវយក​ទៅចាក់​វ៉ាក់សាំង​សត្វ​ ហើយ​ចងខ្សែ​ចិញ្ចឹម​ ឲ្យ​បាន​ត្រឹមត្រូវ​ ។​ ម្យ៉ាងទៀត បើសិនជាមាន ​ឆ្កែ​ ឆ្មា​ខាំ​ ត្រូវ​ទៅ​ទទួល​ការពិគ្រោះ​ ឬ​ ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ទាន់​ពេលវេលានៅមន្ទីរពេទ្យ​ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ