តំណាង​​កម្មករ​​ស៊ិន​ទ្រី​​ថា​ សំរាម​​ជាង​១​ម៉ឺន​​តោន​​កក​​តាម​​លំនៅឋាន​​ក្រោយ​​កម្មករ​​ធ្វើ​កូដកម្ម​៣​ថ្ងៃ​​ជាប់​គ្នា​​

កម្មករ​និយោជិត​ប្រមាណ​ជាង១០០០នាក់ ធ្វើការ​ផ្នែក​សម្អាត​ប្រមូល​សំរាម​ប្រចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​និង​កំពុង​បន្ត​ទាម​ទាមទារ​នូវ​អត្ថ​ប្រយោជន៍ សំណង​បញ្ចប់​កិច្ចសន្យា​និង​បញ្ឈប់​ពី​ការងារ ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ (សង់ត្រាល់)

តំណាង​កម្មករ​ប្រមូល​សំរាម បាន​ឱ្យដឹង​ថា សំរាម​ដល់ទៅ​ជាង១ម៉ឺន​តោន មិន​ត្រូវ​បាន​ប្រមូល​យក​ពី​តាម​គេហដ្ឋាន​នោះ​ឡើយ បន្ទាប់ពី​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ចាប់តាំងពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។

ប្រធាន​សហជីពកម្មករ​វិស័យ​ទេសចរណ៍​ប្រចាំ​នៅ​ក្រុមហ៊ុន​ស៊ិន​ទ្រី លោក កៅ សុខ​វ៉ា​ត បាន​ឱ្យដឹង​ថា ក្រុម​កម្មករ​ប្រមូល​សំរាម​ជាង១ពាន់​នាក់ បាន​បន្ត​ការ​តវ៉ា​របស់​ពួក​គេ​រយៈពេល៣ថ្ងៃ​ជាប់​ៗគ្នា ដើម្បី​ទាមទារ​ទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​នេះ ឱ្យបញ្ចប់​កិច្ចសន្យា​ការងារនិង​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៅតាមច្បាប់​ការងារ។

មេដឹកនាំ​សហជីព​រូប​នេះ បញ្ជាក់​ថា ក្រុម​កម្មករ​បាន​ទាមទារ​បែបនេះ ដោយ​ពួក​គេ​ព្រួយបារម្ភ​បាត់បង់​ប្រាក់​អត្ថ​ប្រយោជន៍​អតីតភាព​ការងារ​របស់​ពួក​គេ បន្ទាប់ពី​ការ​ដេញថ្លៃ​ការគ្រប់គ្រងនិង​ប្រមូល​សំរាម ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្ដាល​ខែ​នេះ។

លោក កៅ សុខ​វ៉ា​ត ប្រាប់​ថា៖ «ដោយសារ​រយៈពេល​ខ្លី​ខាងមុខ​ហ្នឹង ក្រុមហ៊ុន​នឹង​មានការ​ដេញថ្លៃ។ អ៊ីចឹង មិន​ប្រាកដ​ថាបាន​ទៅ​ក្រុមហ៊ុន​ណា យើង​អត់​ដឹង​ច្បាស់​ទេ។ អ៊ីចឹង ក្ដី​ព្រួយបារម្ភ​របស់​គាត់​ហ្នឹង គឺ​ខ្លាច​ជាប់​ពីរបី​ក្រុមហ៊ុន​ទៅ ពួក​គាត់​ហ្នឹង​មិនដឹង​ទៅ​ទារ​អតីតភាព​ការងារ​របស់​គាត់​នៅ​ក្រុមហ៊ុន​ណា»។

បើ​តាម​លោក សុខ​វ៉ា​ត ប្រាក់​អតីតភាព​របស់​កម្មករ​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មាន​យ៉ាងហោចណាស់១ពាន់​ដុល្លារ​សម្រាប់​កម្មករ​ម្នាក់ ដោយ​អាស្រ័យ​ទៅលើ​អតីតភាព​ការងារ​របស់​ពួក​គេ។

តំណាង​កម្មករ​រូប​នេះ បាន​ឱ្យដឹង​ទៀត​ថា សំរាម​ដល់ទៅ​ជាង១ម៉ឺន​តោន​ហើយ មិន​ត្រូវ​បាន​ប្រមូល​ចេញពី​លំនៅឋាន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ បន្ទាប់ពី​កម្មករ​ធ្វើកូដកម្ម​ចាប់តាំងពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ